ក្រៅពីនេះ ក៏ការស្នើឲ្យកម្ពុជាជួយអន្តរាគមន៍បន្ធូរបន្ថយភាពតានតឹងនៅក្នុងតំបន់ឧបទ្វីបកូរ៉េ នៅពេលដែលមេដឹកនាំប្រទេសកូរ៉េខាងជើង (North Korea) មានគម្រោងការសាកល្បងអាវុធនុយក្លេអ៊ែរ នាពេលខាងមុខនេះ។
អ្នកវិភាគនយោបាយបង្ហាញថា ការដើរតួនាទីជាអ្នកសម្របសម្រួលដោះស្រាយជម្លោះក្នុងតំបន់អាស៊ានរបស់កម្ពុជានោះ អាចទទួលបានផលប្រយោជន៍ខាងការទូត ប៉ុន្តែលទ្ធផលដែលធ្វើឲ្យប្រទេសជាភាគីជម្លោះព្រមបញ្ចប់បញ្ហានោះ គឺមិនទាន់អាចទៅរួចឡើយ។
អ្នកវិភាគបានបង្ហាញទៀតថា ការដែលកម្ពុជាទទួលយកនូវការងារនេះ ហាក់ជាការចៃដន្យមួយ ឬជាការគាប់ជួនដែលកម្ពុជាត្រូវធ្វើជាប្រធានអាស៊ានប្ដូរវេន។
អ្នកវិភាគឯករាជ្យ លោក បណ្ឌិត សុខទូច មានប្រសាសន៍ថា ប្រទេសដែលសក្ដិសមក្នុងការដើរតួនាទីនេះ លុះត្រាតែមានឧត្តមភាព ៣ជាសំខាន់ ទីមួយ ឧត្តមភាពខាងសេដ្ឋកិច្ច ឬហិរញ្ញវត្ថុ ទី២ ឧត្តមភាពខាងកម្លាំងយោធា និងទី៣ ឧត្តមភាពខាងកិច្ចសហប្រតិបត្តិការជាដៃគូក្នុងតំបន់ ឬនៅក្នុងពិភពលោក។
លោកបន្តថា ជម្លោះនោះភាគច្រើនតែងតែកើតចេញពីប្រទេសមហាអំណាច និងប្រជាជាតិអាស៊ីអាគ្នេយ៍។ ជាទូទៅ គេឃើញមានតែការបង្កើតយន្តការ ប៉ុន្តែវិធីនៃការដោះស្រាយពុំទាន់មានទទួលបានហេតុផលយ៉ាងណានោះទេ។
ចំពោះជម្លោះអាវុធនុយក្លេអ៊ែរក្នុងតំបន់ឧបទ្វីបកូរ៉េនោះវិញ ក៏ស្រដៀងគ្នាដែរ។ អតីតព្រះមហាក្សត្រ និងនាយករដ្ឋមន្ត្រីកម្ពុជា គេឃើញមានទំនាក់ទំនងល្អជាមួយនឹងប្រទេសកូរ៉េខាងជើង។ ប៉ុន្តែករណីនេះ កម្ពុជាបានត្រឹមតែដើរតួនាទីជាអ្នកសម្របសម្រួល ដោយជួយអញ្ជើញថ្នាក់ដឹកនាំកូរ៉េខាងជើង ឲ្យមកត្រួតពិនិត្យកិច្ចប្រជុំអាស៊ាន ចំណែកឯផលដែលនាំឲ្យកើតចេញជាកិច្ចព្រមព្រៀង កាត់រំសាយ ឬបញ្ឈប់កម្មវិធី អាវុធនុយក្លេអ៊ែរនោះ គឺមិនទាន់អាចទៅរួចទេ។
ចំណែក លោក ឈាង វណ្ណារិទ្ធ នាយកប្រតិបត្តិវិទ្យាស្ថានខ្មែរសំរាប់សហប្រតិបត្តិការអន្តរជាតិ ក៏មានចំណាប់អារម្មណ៍លើបញ្ហានេះដែរ។ លោកមានប្រសាសន៍ពន្យល់លើបញ្ហានេះដែរថា កម្ពុជាមានទាំងចំនុចខ្លាំង និងចំនុចខ្សោយក្នុងការអនុវត្តន៍នូវតួនាទីរបស់ខ្លួនក្នុងពេលនេះ។ តែទោះយ៉ាងណា កម្ពុជាមិនអាចដើរតួតែឯង ដោយគ្មានការចូលរួមយ៉ាងសកម្មពីប្រទេសជាសមាជិកអាស៊ានទាំងអស់នោះបានទេ។
ប៉ុន្តែចំនុចខ្លាំងរបស់កម្ពុជា គឺជាប្រទេសដែលស្ថិតនៅក្រៅភាគីជម្លោះ អាចដើរតួជាអាជ្ញាកណ្ដាលបានល្អ និងអាចឆ្លុះបញ្ចាំងឲ្យឃើញពីភាពអព្យាក្រឹត្យ ដែលអាចឲ្យភាគីពាក់ព័ន្ធជឿទុកចិត្តបាន។ ពាក់ព័ន្ធនឹងជម្លោះនៅឧបទ្វីបកូរ៉េវិញ គេសង្កេតឃើញថា នៅក្នុងអាស៊ីអាគ្នេយ៍ គឺកម្ពុជាមានភាពជិតស្និតជាងគេ ជាមួយប្រទេសកូរ៉េខាងជើង ដែលអាចនាំឲ្យមានចំនុចវិជ្ជមានក្នុងរឿងនេះ។
ទាក់ទងនឹងបញ្ហានេះ ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក លោក ខឺត ខែមប៊ែល (Kurt Campbell) កាលពីថ្ងៃទី២៥ ខែឧសភា បានស្នើសុំឲ្យឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង ជួយអន្តរាគមន៍ទៅមេដឹកនាំប្រទេសកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jung Un) ឲ្យវិលមកតុចរចា ៦ភាគីជាថ្មី ដើម្បីដោះស្រាយបញ្ហា និងជំរុញឲ្យលះបង់កម្មវិធីផលិតអាវុធនុយក្លេអ៊ែរ (Nuclear) និងការសាកល្បងអាវុធនុយក្លេអ៊ែរ នាពេលខាងមុខ។
ជាមួយគ្នានេះដែរ លោកក៏បានសុំឲ្យ លោក ហោ ណាំហុង ជួយអន្តរាគមន៍សម្រួលកាត់បន្ថយភាពតានតឹងនៅសមុទ្រចិនខាងត្បូង រវាងប្រទេសសមាជិកអាស៊ាន ចំនួនបួនជាមួយប្រទេសចិនផងដែរ។ ការលើកឡើងនេះ គឺស្របពេលដែលរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង គ្រោងទៅទស្សនកិច្ចនៅប្រទេសកូរ៉េខាងជើង នៅខែមិថុនា ខាងមុខនេះ ក្នុងនាមប្រធានអាស៊ាន ជួបជាមួយមេដឹកនាំប្រទេសកូរ៉េខាងជើង។
អនុរដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យ ក្រសួងការបរទេស លោក កុយ គួង មានប្រសាសន៍ថា ទោះជាយ៉ាងណាក៏ដោយ កម្ពុជានឹងខិតខំធ្វើកិច្ចការនេះយ៉ាងម៉ត់ចត់ ដោយឈរលើគោលការណ៍អព្យាក្រឹត្យ។
ហេតុផលម្យ៉ាងទៀត គឺកម្ពុជា ជាប្រទេសមួយធ្លាប់រងគ្រោះដោយភ្លើងសង្គ្រាមដ៏រ៉ាំរ៉ៃ។ ដូច្នេះកម្ពុជា អាចមានបទពិសោធន៍ច្រើនទាក់ទងកិច្ចការកសាងសន្តិភាព និងដោះស្រាយជម្លោះផ្ទៃក្នុង ដែលកម្ពុជា បានហែលឆ្លងកន្លងមក ហើយប្រសិនការដោះស្រាយជម្លោះទាំងនេះបានទទួលជោគជ័យ នោះជាមោទនភាពមួយរបស់កម្ពុជាទាំងពេលបច្ចុប្បន្ន និងពេលអនាគត។
កម្ពុជាបានឈរជាបេក្ខភាពសមាជិកមិនអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលគេគ្រោងនឹងរៀបចំបោះឆ្នោតនៅក្នុងខែតុលា ឆ្នាំ២០១២ នេះ។ អនុរដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យ ក្រសួងការបរទេស លោក កុយ គួង បានឲ្យដឹងថា រហូតមកដល់ពេលនេះ មានប្រទេសប្រមាណ ១០០ហើយ ដែលបានសំដែងការគាំទ្របេក្ខភាពរបស់ប្រទេសកម្ពុជា ក្នុងចំណោមប្រទេសដែលត្រូវចូលរួមបោះឆ្នោតមានចំនួន ១៩៣ប្រទេស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
