កម្ពុជា​ទទូច​ឲ្យ​ឥណ្ឌូណេស៊ី​បញ្ជូន​អ្នក​សង្កេតការណ៍​មក​តំបន់​គ្មាន​យោធា

រដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃ​២៧ កក្កដា បាន​ទទូច​សុំ​ឲ្យ​ប្រធាន​អាស៊ាន​បញ្ជូន​អ្នក​សង្កេតការណ៍​ឥណ្ឌូណេស៊ី មក​កាន់​តំបន់​គ្មាន​យោធា​ជា​បន្ទាន់ ដើម្បី​កំណត់​តំបន់​គ្មាន​កងទ័ព​ដែល​បាន​គូស​ដោយ​តុលាការ​យុត្តិធម៌​អន្តរជាតិ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​កក្កដា។

0:00 / 0:00

លោក ហោ ណាំហុង រដ្ឋមន្ត្រី​ការបរទេស នៅ​ថ្ងៃ​ពុធ ទី​២៧ ខែ​កក្កដា បាន​ទាមទារ​ឲ្យ​ប្រធាន​អាស៊ាន និង​ជា​រដ្ឋមន្ត្រី​ឥណ្ឌូណេស៊ី លោក ម៉ាទី ណាតាឡេហ្គាវ៉ា (Marty Natalegawa) បញ្ជូន​អ្នក​សង្កេតការណ៍​ឥណ្ឌូណេស៊ី មក​តំបន់​គ្មាន​យោធា​ ដើម្បី​អនុវត្ត​សេចក្ដី​សម្រេច​ចិត្ត​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ឲ្យ​មាន​ប្រសិទ្ធ​ភាព។

លោក ហោ ណាំហុង បាន​បញ្ជូន​លិខិត​ថ្មី​ជា​លើក​ទី​ពីរ ស្ដីពី​ការ​ដក​កងទ័ព​ចេញ​ពី​តំបន់​គ្មាន​យោធា ក្រោយ​ពី​កម្ពុជា និង​ថៃ បាន​សម្ដែង​ភាព​ផ្ទុយ​គ្នា​ទាក់ទង​នឹង​ការ​ដក​កងទ័ព។

ក្នុង​លិខិត​ទៅ​កាន់​រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូណេស៊ី លោក ហោ ណាំហុង បញ្ជាក់​ថា កម្ពុជា​ចង់​ឲ្យ​មាន​ការ​កំណត់​ឲ្យ​បាន​ច្បាស់​នូវ​តំបន់​គ្មាន​យោធា និង​ត្រួត​ពិនិត្យ​តាមដាន​ការ​ដក​កងទ័ព​ខ្មែរ និង​ថៃ​ចេញ​ពី​តំបន់​គ្មាន​យោធា។

បច្ចុប្បន្ន​នេះ​កម្ពុជា និង​ថៃ មិន​ទាន់​អាច​ស្វែង​រក​យន្តការ​កណ្ដាល​ណា​មួយ​បាន​នៅ​ឡើយ​ទេ ដើម្បី​ដក​កងទ័ព​ចេញ​ពី​តំបន់​គ្មាន​យោធា​ដោយសារ​កម្ពុជា ចង់​ឲ្យ​មាន​អ្នក​សង្កេតការណ៍​ឥណ្ឌូណេស៊ី មក​កាន់​តំបន់​ជម្លោះ​ជា​មុន មុន​នឹង​ដក​កងទ័ព​ចំណែក​ថៃ ចង់​ឲ្យ​មាន​ការ​ចរចា​ទ្វេ​ភាគី​មុន​នឹង​ដក​កងទ័ព ហើយ​ដំណើរការ​ដក​កងទ័ព​ថៃ ត្រូវ​ធ្វើ​ឡើង​ដោយ​រដ្ឋាភិបាល​ថៃ​ថ្មី។

ស្ថាប័ន​កំពូលៗ​ក្នុង​ពិភពលោក​កំពុង​សង្ឃឹម​ពី​តួនាទី​ឥណ្ឌូណេស៊ី ក្នុង​ការ​ជួយ​ដោះស្រាយ​វិបត្តិ​ព្រំដែន​កម្ពុជា និង​ថៃ។ តុលាការ​យុត្តិធម៌​អន្តរជាតិ ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ និង​សហរដ្ឋអាមេរិក​កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ជំរុញ​ឲ្យ​អាស៊ាន​ជួយ​ជ្រោមជ្រែង​ស្វែង​រក​ដំណោះស្រាយ​ជម្លោះ​ព្រំដែន​ខ្មែរ និង​ថៃ ប៉ុន្តែ​សំណើ​ទាំង​ឡាយ​នៅ​មិន​ទាន់​បាន​សម្រេច ដោយសារ​តែ​ភាគី​ថៃ មិន​ចង់​ឲ្យ​មាន​ភាគី​ទី​បី ពាក់ព័ន្ធ​ក្នុង​ជម្លោះ​ព្រំដែន​ខ្លួន ចំណែក​កម្ពុជា បាន​បដិសេធ​មិន​ព្រម​យក​ការ​ចរចា​ទ្វេ​ភាគី ដោយសារ​ការ​ខិតខំ​ប្រឹងប្រែង​កន្លង​មក​គ្មាន​លទ្ធផល​ល្អ។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក លោកស្រី ហ៊ីលឡារី គ្លិនតុន (Hillary Clinton) នៅ​សប្ដាហ៍​នេះ បាន​ប្រាប់​ក្រុម​មេដឹកនាំ​កំពូល​ប្រទេស​ជា​សមាជិក​ប្រទេស​នៃ​សមាគម​អាស៊ី​អាគ្នេយ៍​ថា សហរដ្ឋ​អាមេរិក​នឹង​មិន​លូក​ដៃ​ចូល​ក្នុង​ជម្លោះ​ផ្ទៃក្នុង​របស់​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​នេះ​ទេ រួម​ទាំង​ជម្លោះ​ព្រំដែន​ខ្មែរ និង​ថៃ។ លោកស្រី​បញ្ជាក់​ថា ប្រទេស​ឥណ្ឌូណេស៊ី ជា​ប្រធាន​អាស៊ាន នឹង​អាច​ដោះស្រាយ​ជម្លោះ​ទាំង​ឡាយ​នៃ​ប្រទេស​ជា​សមាជិក​អាស៊ាន​បាន។

ថ្លែង​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នៅ​កោះ​បាលី ប្រទេស​ឥណ្ឌូណេស៊ី លោកស្រី​រដ្ឋមន្ត្រី​ការបរទេស​បាន​ស្នើ​សុំ​ឲ្យ​ឥណ្ឌូណេស៊ី ជួយ​ដោះស្រាយ​ជម្លោះ​ព្រំដែន​នៅ​សមុទ្រ​ខាង​ត្បូង​របស់​ចិន បញ្ហា​ភូមា និង​ជម្លោះ​ព្រំដែន​កម្ពុជា និង​ថៃ។ លោកស្រី​បញ្ជាក់​ថា សម្រាប់​ជម្លោះ​ថៃ និង​កម្ពុជា សហរដ្ឋ​អាមេរិក​នឹង​មិន​លូក​ដៃ​ចូល​ទេ ដោយ​សហរដ្ឋអាមេរិក​សង្ឃឹម​ថា ឥណ្ឌូណេស៊ី​នឹង​អាច​ដោះស្រាយ​បាន។

ទោះ​បី​មាន​ការ​ជំរុញ​ពី​ស្ថាប័ន​កំពូលៗ​ក៏ដោយ ប៉ុន្តែ​អាស៊ាន​នៅ​បន្ត​រង់ចាំ​ការ​យល់​ព្រម​ពី​កម្ពុជា និង​ថៃ ជា​មុន​សិន មុន​នឹង​ការ​អាស៊ាន​អាច​ជួយ​ដោះស្រាយ​បាន។

អគ្គលេខាធិការ​អាស៊ាន លោក ស៊ូរិន ពិតស៊ូវ៉ាន់ (Surin Pitsuwan) ធ្លាប់​បាន​ស្វាគមន៍​ជំហរ​កម្ពុជា និង​ថៃ ក្នុង​ការ​សន្យា​គោរព​សេចក្ដី​សម្រេច​ចិត្ត​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ។ លោក​បញ្ជាក់​ថា សេចក្ដី​សម្រេច​វិធានការ​បន្ទាន់​របស់​តុលាការ​នឹង​ក្លាយ​ជា​ការ​សាកល្បង​មួយ​សម្រាប់​ប្រទេស​ទាំង​ពីរ។

លោក ស៊ូរិន ពិតស៊ូវ៉ាន់ មាន​ប្រសាសន៍​ថា ប្រធាន​អាស៊ាន​កំពុង​រង់ចាំ​សញ្ញា​ល្អ​មួយ​ពី​កម្ពុជា និង​ថៃ មុន​នឹង​មាន​ការ​សម្របសម្រួល​ដើម្បី​ស្ដារ​ឲ្យ​មាន​សន្តិភាព និង​សន្តិសុខ​តាម​ព្រំដែន។

មន្ត្រី​យោធា​យុទ្ធភូមិ​ភាគ​ទី​២​ថៃ នៅ​ដើម​សប្ដាហ៍​នេះ​បាន​ប្រកាស​ថា ការ​សម្រេច​ចិត្ត​ដក​កងទ័ព​ថៃ ចេញ​ពី​តំបន់​ជម្លោះ​ព្រំដែន​អាស្រ័យ​ទៅ​តាម​ការ​សម្រេច​ចិត្ត​របស់​រដ្ឋាភិបាល​ថៃ​ថ្មី។ មេបញ្ជាការ​យុទ្ធភូមិ​ភាគ​ទី​២ ថៃ បាន​អះអាង​ថា កងទ័ព​ថៃ នៅ​តំបន់​ក្បែរ​ប្រាសាទ​ព្រះវិហារ នឹង​បន្ត​ឈរ​ជើង​នៅ​តំបន់​ជម្លោះ​ព្រំដែន ប៉ុន្តែ​ភាគី​ថៃ នឹង​រក្សា​បទ​ឈប់​បាញ់ និង​ចៀសវាង​ការ​ប្រឈម​មុខ​ដាក់​គ្នា៕