កម្ពុជា​រក​វិធី​រក្សា​សន្តិភាព​នៅ​តាម​ព្រំដែន

ក្រសួង​ការពារ​ជាតិ​កម្ពុជា រៀបចំ​ផែនការ​នានា ដើម្បី​បន្ត​​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​ថៃ។

0:00 / 0:00

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការពារ​ជាតិ​កម្ពុជា និង​មេបញ្ជាការ​យោធា​នៅ​តាម​ព្រំដែន​កម្ពុជា-​ថៃ នៅ​ថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ​២០១១ បាន​បើក​កិច្ច​ប្រជុំ​សំខាន់​មួយ ដើម្បី​ពិភាក្សា​អំពី​វិធី​រក្សា​ទំនាក់ទំនង​ល្អ​ជាមួយ​យោធា​ថៃ របស់​រដ្ឋាភិបាល​ថ្មី​ដឹក​នាំ​ដោយ​លោកស្រី យ៉ីងឡាក់ ស៊ីណាវ៉ាត្រ (Yingluck Shinawatra) និង​បាន​ហាម​ឃាត់​មិន​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​នៅ​កម្ពុជា បន្ត​ការ​វាយ​ប្រហារ​លើ​រដ្ឋាភិបាល​ថ្មី​របស់​លោកស្រី យ៉ីងឡាក់ ស៊ីណាវ៉ាត្រ នោះ។

ការ​ធ្វើ​បែប​នេះ គឺ​ក្នុង​បំណង​រក្សា​សន្តិសុខ និង​សន្តិភាព​នៅ​តាម​ព្រំដែន​កម្ពុជា-​ថៃ ក្រោយ​ពី​លោកស្រី យ៉ីងឡាក់ ស៊ីណាវ៉ាត្រ បាន​ក្លាយ​ជា​នាយករដ្ឋមន្ត្រី បន្ទាប់​ពី​មាន​ការ​បោះ​ឆ្នោត​សាកល​នៅ​ប្រទេស​ថៃ កាល​ពី​ថ្ងៃ​ទី​៣ ខែ​កក្កដា ឆ្នាំ​២០១១ កន្លង​មក​នេះ។

នាយ​ឧត្ដមសេនីយ៍ នាង ផាត ជា​រដ្ឋលេខាធិការ​ក្រសួង​ការពារ​ជាតិ​កម្ពុជា និង​ជា​ប្រធាន​ក្រុម​ការងារ​អន្តរក្រសួង ដើម្បី​សម្របសម្រួល​ព័ត៌មាន​ឆាប់​រហ័ស​ពី​សមរភូមិ និង​សន្តិសុខ​ជាតិ បាន​មាន​ប្រសាសន៍​នៅ​ក្នុង​កិច្ច​ប្រជុំ​នៅ​ឯ​ក្រសួង​ការពារ​ជាតិ​ថា ការ​យោគយល់​គ្នា កិច្ច​សហប្រតិបត្តិការ​គ្នា​ល្អ និង​ការ​ដោះស្រាយ​ដោយ​សន្តិវិធី គឺ​ជា​ការ​ចាំបាច់​នៅ​ពេល​នេះ។

លោក​មាន​ប្រសាសន៍​បន្ត​ថា ៖ «នេះ​ជា​គោលដៅ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​យើង កសាង​តំបន់​ព្រំដែន​ជា​តំបន់​សន្តិភាព​ជា​លំដាប់ ពីព្រោះ​កន្លង​មក​វា​មាន​បញ្ហា​ហើយ ដូច្នេះ​យើង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ជា​លំដាប់។ មិន​មែន​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ភ្លាមៗ​បាន​ទេ។ នេះ​ជា​នយោបាយ​ការទូត​របស់​រាជរដ្ឋាភិបាល សំដៅ​កសាង​តំបន់​ព្រំដែន ជា​តំបន់​សន្តិភាព និង​ការ​អភិវឌ្ឍ​ពិត​ប្រាកដ»

មាន​មេបញ្ជាការ និង​មេបញ្ជាការ​រង កងទ័ព​ជើង​គោក​ចំនួន​ជាង ៣០​នាក់ មក​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​នោះ គឺ​មក​ពី​យោធភូមិភាគ​៣ យោធភូមិភាគ​៤ និង​យោធភូមិភាគ​៥។

ការ​បើក​កិច្ច​ប្រជុំ​នេះ គឺ​ក្រោយ​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​៥ ខែ​សីហា កន្លង​ទៅ​នេះ បាន​បញ្ជា​ឲ្យ​មេបញ្ជាការ​នានា​នៅ​តាម​ព្រំដែន​កម្ពុជា-​ថៃ រក្សា​ទំនាក់ទំនង​ល្អ​ជាមួយ​យោធា​ថៃ នៅ​តាម​ព្រំដែន​កម្ពុជា-​ថៃ។

លោក​បណ្ឌិត​សភាចារ្យ រស់ ចន្ត្រាបុត្រ ជា​សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ និង​ប្រវត្តិសាស្ត្រ​នៅ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា កម្ពុជា​កំពុង​តែ​បង្ហាញ​ជំហរ​ទៅ​រដ្ឋាភិបាល​ថៃ និង​ពិភពលោក​ថា កម្ពុជា​ត្រូវ​ការ​សន្តិភាព ៖ «នៅ​ក្នុង​នេះ គឺ​រដ្ឋាភិបាល​ថៃ គ្មាន​អ្វី​ក្រៅ​អំពី​ហៅ​ថា នឹង​សម្របសម្រួល និង​ដោះស្រាយ​ទៅ​តាម​អ្វី​ដែល​ជា​ការ​ប្រាថ្នា​របស់​ប្រជាពលរដ្ឋ​ថៃ ក៏​ដូច​ជា​កម្ពុជា​ដែរ»

តាម​ការ​អះអាង​ដោយ​លោក នាង ផាត បាន​ឲ្យ​ដឹង​ថា នឹង​មាន​កិច្ច​ប្រជុំ​ទ្វេ​ភាគី​នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) រវាង​កម្ពុជា និង​ថៃ នា​ពេល​ឆាប់ៗ​នេះ ប៉ុន្តែ​ពេល​វេលា​មិន​ទាន់​បាន​កំណត់​នៅ​ឡើយ និង​មាន​កិច្ច​ប្រជុំ​ថ្នាក់​មេបញ្ជាការ​ភូមិ​ភាគ​រវាង​កម្ពុជា និង​ថៃ នា​ពេល​ខាង​មុខ​នេះ​ផង​ដែរ ប៉ុន្តែ​រាល់​កិច្ច​ប្រជុំ​ខាង​មុខ​នោះ គឺ​ក្រៅ​ក្របខ័ណ្ឌ​នៃ​ដីកា​បង្គាប់​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ)។

លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា ភាគី​កម្ពុជា មាន​សិទ្ធិ​ដក​កងទ័ព​នៅ​ពេល​ណា​ក៏​បាន ឲ្យ​តែ​នៅ​ក្រៅ​រង្វង់​តំបន់​មាន​ជម្លោះ​ទំហំ​ជាង ១៧​គីឡូម៉ែត្រ​ក្រឡា​ដែល​កំណត់​ដោយ​កន្លង​មក។ ប៉ុន្តែ​ការ​ដក​កងទ័ព​កម្ពុជា និង​ថៃ នៅ​តំបន់​ជាង ១៧​គីឡូម៉ែត្រ​ក្រឡា​នោះ គឺ​ត្រូវ​ធ្វើ​ឡើង​នៅ​ម៉ោង​ជាមួយ​គ្នា និង​នៅ​ថ្ងៃ​ជាមួយ​គ្នា ដោយ​មាន​អ្នក​សង្កេតការណ៍​ពី​ប្រទេស​ឥណ្ឌូណេស៊ី ចូល​រួម​ជា​សាក្សី៕