ទន្ទឹមពេលនេះដែរការសិក្សាថ្មីនេះបានរកឃើញថា សេដ្ឋកិច្ចកម្ពុជា បានខាតបង់ប្រាក់អស់ ៤៤៨លានដុល្លារក្នុងមួយឆ្នាំៗ ចំណាយលើសេវាព្យាបាលសុខភាពដោយសារតែខ្វះអនាម័យនេះ។
ការខាតបង់ដ៏ច្រើនសន្ធឹកដូច្នេះ គឺធ្វើឲ្យប្រជាជនខ្មែរខាតបង់ប្រាក់ចំណូលប្រហែល ៣២ដុល្លារម្នាក់ក្នុងមួយឆ្នាំៗ ឬស្មើនឹងការខាតបង់នៃផលិតផលសរុបក្នុងស្រុក (GDP) ជាង ៧% ដោយសារតែចំណាយលើសេវាព្យាបាលជំងឺ ដូចជារាករូស អាសន្នរោគជាដើម ដែលបណ្ដាលមកពីប្រជាពលរដ្ឋប្រើប្រាស់ទឹកមិនស្អាត។
របាយការណ៍របស់ធនាគារពិភពលោកចេញផ្សាយនៅខែសីហា ឆ្នាំ២០១១ ហើយអង្គការត្រូវបានអង្គការសហប្រជាជាតិផ្នែកកម្មវិធីបរិស្ថាន (UN Environment Program) ដកស្រង់ចុះផ្សាយនៅលើគេហទំព័ររបស់ខ្លួនបន្តនោះបញ្ជាក់ថា ទឹកមិនស្អាតដែលប្រជាពលរដ្ឋកម្ពុជា ប្រើប្រាស់សព្វថ្ងៃដែលដងយកពីទឹកធម្មជាតិតាមព្រែក បឹង ស្ទឹង ទន្លេ មានមេរោគកម្រិតខ្ពស់។ ម្យ៉ាងវិញទៀត ប្រជាពលរដ្ឋខ្មែរចំនួនច្រើន គឺស្មើ ៧៥% នៅតែប្រើទម្លាប់ចាស់ ដោយបន្ទោបង់ក្រៅបង្គន់ គឺបន្ទោបង់តាមព្រៃ តាមទីវាល បណ្ដាលឲ្យមេរោគនៅក្នុងកាកសំណល់ហើរក្នុងអាកាស ឬហូរចូលស្ទឹង បឹង បួរ ទន្លេ ហើយនៅពេលប្រជាពលរដ្ឋដងទឹកនោះយកទៅប្រើបណ្ដាលឲ្យពួកគាត់ឈឺ។
របាយការណ៍របស់អង្គការសហប្រជាជាតិផ្នែកកម្មវិធីបរិស្ថានសរសេរផែនការអភិវឌ្ឍន៍អនាម័យសាធារណៈរបស់ប្រទេសកម្ពុជា ដែលបានកំណត់ទិសដៅសហស្សវត្សនៅឆ្នាំ២០១៥ ដែលគ្រោងថា នឹងបង្កើនប្រជាជនរស់នៅតាមជនបទចំនួន ៣០% ឲ្យបានទទួលសេវាអនាម័យសាធារណៈ មានដំណើរយឺតយ៉ាវ។
យ៉ាងណាក្ដី របាយការណ៍ដដែលបានបង្ហាញអំពីស្នាដៃរដ្ឋាករទឹករាជធានីភ្នំពេញ បានអភិវឌ្ឍន៍បានល្អប្រសើរ ចាប់ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០០៩ ដោយបានបង្កើនបណ្ដាញទឹកស្អាតបានច្រើនរាប់ម៉ឺនបណ្ដាញ និងទទួលប្រាក់ចំណូលចំនួនពី ៣សែនដុល្លារ ទៅ ២០លានដុល្លារ។
លោក ឯក សុនចាន់ អគ្គនាយក រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានប្រសាសន៍ថា កាលនោះនាយកដ្ឋានរបស់លោកបានផ្ដល់បណ្ដាញទឹកប្រជាជននៅក្រុងភ្នំពេញ ជិត ១០០%ហើយ តែក្រោយមកដោយសារតែរដ្ឋាភិបាលបានពង្រីកទីក្រុងភ្នំពេញ ហើយអង្គភាពរបស់លោកកំពុងសិក្សាដើម្បីតបណ្ដាញទឹកស្អាតជូនប្រជាជន លទ្ធផលនៃការសិក្សានេះនឹងចេញនៅឆ្នាំក្រោយ។
លោកថា នាយកដ្ឋានរដ្ឋាករទឹកបានតបណ្ដាញទឹកស្អាតចំនួនជាង ២២ម៉ឺនបណ្ដាញ ជូនប្រជាជននៅភ្នំពេញ ជិត ៣០ម៉ឺនគ្រួសារ ក្នុងនោះបានតបណ្ដាញទឹកជាង ៦.០០០ជូនគ្រួសារក្រីក្រនៅក្នុង ៦ខែដើមឆ្នាំ២០១១។
លោកមានប្រសាសន៍បន្តថា ៖ «ការដែលយើងបានទទួលនេះមានការលំបាកណាស់ ដោយសារកន្លងមកព្រំប្រទល់ទីក្រុងភ្នំពេញ របស់យើងនេះ ទើបបានពង្រីកថ្មីចំនួន ២៦ឃុំទៀត អ៊ីចឹងពង្រីកថ្មីហ្នឹងយើងកំពុងធ្វើការសិក្សា ដើម្បីបំពេញសេចក្ដីត្រូវការរបស់ប្រជាជននៅក្នុងផែនការរបស់យើង គឺ ៣ឆ្នាំ ទៅ ៥ឆ្នាំ ខាងមុខនេះ»។
យ៉ាងណាក្ដី លោកអះអាងថា មានប្រជាជននៅក្រុងភ្នំពេញ ខ្លះមិនទាន់មានទឹកស្អាតប្រើនៅឡើយទេ ដោយសារតំបន់នោះមិនមានផ្លូវគមនាគមន៍ចូលដល់ ដែលជាហេតុមិនអាចតបណ្ដាញទឹកស្អាតចូលបាន។
របាយការណ៍ដដែលបង្ហាញថា ប្រជាជនកម្ពុជា នៅតាមជនបទភាគច្រើនប្រើទឹកធម្មជាតិតាមស្ទឹង ទន្លេ បឹងបួ ដែលបណ្ដាលឲ្យគ្រោះថ្នាក់ដល់សុខភាព ជាពិសេសគ្រោះថ្នាក់ដល់អាយុជីវិតកុមារដោយសារតែមេរោគកើតពីទឹកមិនស្អាត។ មិនត្រឹមតែប្រទេសកម្ពុជា ខ្វះទឹកស្អាតទេ ប្រទេសដទៃនៅក្នុងតំបន់អាស៊ី ដូចជាវៀតណាម ឥណ្ឌូណេស៊ី ហ្វីលីពីន ក៏មានបញ្ហាទឹកស្អាតដូចកម្ពុជាដែរ។ របាយការណ៍នេះសរុបថា ទឹកប្រាក់ដែលសេដ្ឋកិច្ចនៃប្រទេសទាំង៤នេះបានខាតបង់អស់ ៦ពាន់លានដុល្លារក្នុងមួយឆ្នាំៗ ដែលចំណាយលើសេវាសុខាភិបាលដោយសារខ្វះអនាម័យសាធារណៈ និងខ្វះទឹកស្អាតនៅក្នុងប្រទេស។
លោកថា បទពិសោធន៍ល្អរបស់រដ្ឋាករទឹកភ្នំពេញ ចែកចាយសេវាទឹកស្អាតជោគជ័យអាចជាគំរូល្អដែលខេត្តក្រុងនានាគួរយកគំរូ ដើម្បីផ្ដល់សេវាទឹកស្អាតឲ្យបានដល់ប្រជាពលរដ្ឋគ្រប់រូបនៅតាមជនបទទៅអនាគត។
លោក ឯក សុនចាន់ បានបញ្ជាក់ថា បទពិសោធន៍ល្អរបស់រដ្ឋាករទឹកភ្នំពេញ ដែលបានអនុវត្តជោគជ័យ ចែកចាយសេវាទឹកស្អាតបានជោគជ័យ អាចជាគំរូល្អដែលខេត្តក្រុងនានាគួរយកគំរូដើម្បីផ្ដល់សេវាទឹកស្អាតឲ្យដល់ប្រជាពលរដ្ឋគ្រប់នៅតាមជនបទនានានៅពេលអនាគត គឺផ្អែកលើកត្តា៣សំខាន់ ៖ «កត្តាទី១ គឺគោលនយោបាយរដ្ឋាភិបាល កត្តាទី២ ទាក់ទងនឹងសម្បទាន និងជំនួយ... ហើយកត្តាទី៣ គឺកត្តាអភិបាលកិច្ចល្អ...»។
លោក ឯក សុនចាន់ បានបញ្ជាក់ថា ក្នុងចំណោមប្រជាជនសរុបជាង ១៤លាននាក់ មានចំនួនប្រជាជននៅទីក្រុងនៅទូទាំងប្រទេសមិនដល់ ៨០% ទេ បានទទួលសេវាទឹកស្អាត ហើយប្រជាជននៅតាមជនបទចំនួនមិនដល់ ៦០% បានទទួលសេវាទឹកស្អាត ហើយរដ្ឋាភិបាលកំពុងប្រឹងប្រែងអនុវត្តផែនការសហស្សវត្សឆ្នាំ២០១៥ ឲ្យបានជោគជ័យ ដែលគ្រោងធ្វើឲ្យប្រជាជនកម្ពុជា បានទទួលទឹកស្អាតប្រើប្រាស់បានប្រសើរជាងសព្វថ្ងៃ៕