កម្ពុជា-​កូរ៉េ​ឯកភាព​ធ្វើ​សហ​ប្រតិបត្តិការ​លើ​វិស័យ​សេដ្ឋកិច្ច-​ពាណិជ្ជកម្ម

ប្រទេស​កម្ពុជា និង​ប្រទេស​កូរ៉េ​ខាង​ជើង បាន​ឯកភាព​គ្នា​ជា​គោលការណ៍​ដើម្បី​ធ្វើ​កិច្ច​សហ​ប្រតិបត្តិការ​លើ​វិស័យ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម ឲ្យ​បាន​ខ្លាំងក្លា​រវាង​ប្រទេស​ទាំង​ពីរ ឲ្យ​ដូច​ជា​ចំណង​មិត្តភាព និង​នយោបាយ​រឹងមាំ​កន្លង​មក។

0:00 / 0:00

ការ​ឯកភាព​គ្នា​នេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​បិទ​ទ្វារ​រវាង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា លោក ហោ ណាំហុង និង​ជា​ឧបនាយករដ្ឋមន្ត្រី ជាមួយ​អនុ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​នៃ​ប្រទេស​កូរ៉េ​ខាង​ជើង លោក រី ម្យុងសាន (Ri Myong San) នៅ​ឯ​ក្រសួង​ការបរទេស​កម្ពុជា នៅ​ថ្ងៃ​ទី​២៦ ខែ​កក្កដា ឆ្នាំ​២០១១។

រដ្ឋលេខាធិការ​ក្រសួង​ការបរទេស​កម្ពុជា លោក អ៊ុជ បូរិទ្ធ បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត​ក្រោយ​ពី​ជំនួប​រយៈពេល​កន្លះ​ម៉ោង​នោះ​ថា កម្ពុជា និង​កូរ៉េ​ខាង​ជើង​បាន​ឯកភាព​ផ្លាស់ប្ដូរ​គ្នា​លើ​វិស័យ​កសិកម្ម ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច។

លោក​បន្ត​ថា ៖ «អ៊ីចឹង​ហើយ នៅ​ពេល​នេះ​គឺ​ថា យើង​ខិតខំ​ធ្វើ​យ៉ាងម៉េច​ជជែក​គ្នា​រិះរក​មធ្យោបាយ​យ៉ាងណា​ដើម្បី​បង្កើន គេ​ហៅ​ថា វិសាលភាព ក៏​ដូចជា​ទំនាក់ទំនង ការ​ផ្លាស់ប្ដូរ​ពាណិជ្ជកម្ម​ឲ្យ​វា​មាន​គេ​ហៅ​ថា ចលនា​ឡើង។ កម្ពុជា និង​កូរ៉េ​នេះ យើង​មាន​ប្រវត្តិ​ប្រពៃណី​ទំនាក់ទំនង​យូរលង់​ណាស់​មក​ហើយ ដែល​ពូន​ជ្រំ​ដោយ​ព្រះករុណា ព្រះ​បិតា​សម្ដេច​ព្រះ​វរបិតា នរោត្តម សីហនុ»

ភាគី​ទាំង​ពីរ​មិន​មាន​ការ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ណា​មួយ​ទេ នៅ​ថ្ងៃ​ទី​២៦ ខែ​កក្កដា ឆ្នាំ២០១១។

អនុ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ប្រទេស​កូរ៉េ​ខាង​ជើង លោក រី ម្យុងសាន បាន​ដឹកនាំ​គណៈ​ប្រតិភូ​ចំនួន​សរុប ៩​នាក់ មក​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​កម្ពុជា ជា​លើក​ដំបូង ដើម្បី​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​ទ្វេ​ភាគី​នៃ​គណៈកម្មាធិការ​ចម្រុះ​រវាង​កម្ពុជា និង​កូរ៉េ​ខាង​ជើង ដែល​ប្រព្រឹត្ត​ទៅ​នៅ​ក្រសួង​ការបរទេស​កម្ពុជា ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០១១។

អ្នក​វិភាគ​នយោបាយ​នៅ​កម្ពុជា លោក​បណ្ឌិត ឡៅ ម៉ុងហៃ បាន​មាន​ប្រសាសន៍​ថា ប្រទេស​ដទៃ​ទៀត​នៅ​តំបន់​អាស៊ី ដូចជា​ថៃ​ជាដើម ក៏​មាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​កូរ៉េ​ខាង​ជើង​ផង​ដែរ ៖ «កូរ៉េ​ខាង​ជើង យើង​អាច​ទុក​ជា​ផ្សារ​នៃ​ផលិតផល​កសិកម្ម​កម្ពុជា​បាន នៅ​ពេល​ដែល​កូរ៉េ​ខាង​ជើង​កំពុង​តែ​ជួប​វិបត្តិ​ខាង​សេដ្ឋកិច្ច ខាង​កសិកម្ម គឺ​ខ្វះ​ស្បៀង​អាហារ»

ចំណង​មិត្តភាព​ជិតស្និទ្ធ​រវាង​កម្ពុជា និង​ប្រទេស​កូរ៉េ​ខាង​ជើង គេ​បាន​កត់​សម្គាល់​ថា បាន​ចាប់​ផ្ដើម​តាំង​ពី​ទសវត្ស​ឆ្នាំ​១៩៦០ មក​ម្ល៉េះ ដោយសារ​តែ​អតីត​ព្រះមហាក្សត្រ​ខ្មែរ ព្រះបាទ នរោត្តម សីហនុ ជា​មិត្ត​ជិតស្និទ្ធ​ជាមួយ​អតីត​លោក​សេនា​ប្រមុខ គឹម អ៊ីលស៊ុង (Kim Ill Sung) នៃ​ប្រទេស​កូរ៉េ​ខាង​ជើង។ អតីត​ព្រះមហាក្សត្រ​ខ្មែរ មាន​ព្រះរាជ​ដំណាក់​មួយ​នៅ​ប្រទេស​កូរ៉េ​ខាង​ជើង។

ប្រទេស​កូរ៉េ​ខាង​ជើង​កន្លង​មក បាន​រង​ការ​ថ្កោលទោស​ពី​សហគមន៍​អន្តរជាតិ ជា​ពិសេស​សហរដ្ឋ​អាមេរិក ដោយសារ​តែ​ប្រទេស​នេះ​អភិវឌ្ឍ​ផលិត​គ្រាប់​បែក​នុយក្លេរអ៊ែរ (Nuclear) ជា​អាវុធ​ប្រល័យ​លោក គំរាមកំហែង​សន្តិសុខ​នៅ​តំបន់ និង​ពិភពលោក។

ប្រទេស​កូរ៉េ​ខាង​ជើង​បាន​បាញ់​សាកល្បង​គ្រាប់​មីស៊ីល (Missile) កន្លង​មក ដែល​សហរដ្ឋ​អាមេរិក​ប្រកាស​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច។

លោក អ៊ុជ បូរិទ្ធ បាន​មាន​ប្រសាសន៍​ថា ប្រទេស​កូរ៉េ​ខាង​ជើង​ដែល​ប្រកាន់​របប​កុម្មុយនិស្ត មិន​មាន​អ្នក​វិនិយោគ​ទុក​នៅ​កម្ពុជា ដូច​ប្រទេស​កូរ៉េ​ខាង​ត្បូង​ទេ៕