លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី នៅថ្ងៃអង្គារ ទី២៩ ខែមីនា បានបដិសេធមិនទទួលយករបាយការណ៍ស្ទង់មតិអំពីអំពើពុករលួយរបស់ក្រុមហ៊ុនពិគ្រោះយោបល់ប្រចាំនៅទីក្រុងហុងកុង (Hong Kong) ឈ្មោះថា The Political & amp, Economic Risk Consultancy Ltd. ដែលបានរកឃើញថា ស្ថានភាពអំពើពុករលួយនៅកម្ពុជា គឺមានភាពអាក្រក់ជាងគេក្នុងបណ្ដាប្រទេសអាស៊ីប៉ាស៊ីហ្វិក។
របាយការណ៍ស្ទង់មតិរបស់ក្រុមហ៊ុន The Political & amp, Economic Risk Consultancy Ltd. ហៅកាត់ថា PERC ដែលបានស្រាវជ្រាវប្រទេសចំនួន ១៦ប្រទេស ដោយបានដាក់ចំណាត់ថ្នាក់ឲ្យកម្ពុជា លេខរៀងទី ៩,២៧ ស្ដីអំពីអំពើពុករលួយ។
ការស្ទង់មតិរបស់ក្រុមហ៊ុននេះ គឺឲ្យពិន្ទុប្រទេសនីមួយៗស្ដីពីអំពើពុករលួយពីលេខសូន្យ ទៅលេខ ១០ គឺពីល្អបំផុតទៅអាក្រក់បំផុត។ របាយការណ៍បានរកឃើញថា ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក អំពើពុករលួយនៅកម្ពុជា គឺអាក្រក់ជាងប្រទេសហ្វីលីពីន វៀតណាម ថៃ និង ឥណ្ឌូណេស៊ី។ ចំណែកឯប្រទេសដែលបានទទួលចំណាក់ថ្នាក់ល្អ គឺប្រទេសសិង្ហបុរី ទីក្រុងហុងកុង និងជប៉ុន។
លោក ផៃ ស៊ីផាន មានប្រសាសន៍បន្ថែមថា រដ្ឋាភិបាលកម្ពុជា មិនចាត់ទុករបាយការណ៍នេះឆ្លុះបញ្ចាំងការពិតនៅកម្ពុជានោះទេ ពីព្រោះអំពើពុករលួយធ្វើឡើងដោយសម្ងាត់ ៖ «នេះជាកត្តាមួយដែលយើងទាំងអស់គ្នាអត់ជឿថា Survey (ការស្ទង់មតិ) ហ្នឹង អាចមើលឃើញការពិតថា ការដាក់កម្រិតនៃអំពើពុករលួយនរណាខ្ពស់ជាងនរណាទេ ខ្ញុំអត់ជឿ ពីព្រោះអ្នកសូក និងអ្នកទទួលសំណូកមិនមែនមានតម្លាភាពទេ»។
របាយការណ៍របស់ក្រុមហ៊ុន PERC ធ្វើឡើងក្រោយពេលដែលរដ្ឋាភិបាលកម្ពុជា កំពុងប្រកាសឲ្យមន្ត្រីរដ្ឋាភិបាលកម្ពុជា ប្រកាសទ្រព្យសម្បត្តិខ្លួន ដើម្បីងាយស្រួលបំបាត់អំពើពុករលួយ។
ស្ថាប័នប្រឆាំងអំពើពុករលួយនៃអង្គភាពប្រឆាំងអំពើពុករលួយ កាលពីថ្ងៃទី២៤ ខែមីនា បានស្នើឲ្យមន្ត្រីរដ្ឋាភិបាលដែលច្បាប់ប្រឆាំងអំពើពុករលួយតម្រូវឲ្យប្រកាសទ្រព្យសម្បត្តិ ធ្វើការប្រកាសទ្រព្យសម្បត្តិឲ្យបានមុនថ្ងៃទី៧ ខែមេសា។
អង្គភាពប្រឆាំងអំពើពុករលួយព្រមានថា ប្រសិនបើមន្រ្តីទាំងនោះខកខានមិនបានប្រកាសទ្រព្យសម្បត្តិនោះទេ ពួកគេនឹងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ខែ ដល់ ១ឆ្នាំ។ មន្ត្រីស្ថាប័នប្រឆាំងអំពើពុករលួយឲ្យដឹងថា ចាប់តាំងពីខែមករា រហូតមកទល់ខែមីនា ឆ្នាំ២០១១នេះ មន្ត្រីរាជការប្រមាណមួយភាគបួននៃចំនួនប្រមាណ ២ម៉ឺននាក់ បានប្រកាសទ្រព្យសម្បត្តិ និងបំណុលរួចហើយ។
ការប្រកាសទ្រព្យសម្បត្តិនេះ មិនត្រូវបានស្វាគមន៍ដោយគណបក្សប្រឆាំងនោះទេ ដោយសារការប្រកាសនេះធ្វើឡើងដោយសម្ងាត់។
លោក សុន ឆ័យ តំណាងរាស្ត្រគណបក្ស សម រង្ស៊ី កាលពីថ្ងៃសៅរ៍ ទី២៦ ខែមីនា បានសម្ដែងក្ដីបារម្ភចំពោះប្រសិទ្ធភាពនៃការបង្ក្រាបអំពើពុករលួយនៅកម្ពុជា ដោយសារតែការប្រកាសទ្រព្យសម្បត្តិ និងបំណុលមិនធ្វើជាសាធារណៈ ហើយសមាជិកគ្រួសារនៃមន្ត្រីរដ្ឋាភិបាលកម្ពុជា មិនត្រូវបានច្បាប់កំណត់ឲ្យប្រកាសទ្រព្យសម្បត្តិ។
របាយការណ៍អង្គការឃ្លាំមើលបរិស្ថានពិភពលោក (Global Witness) ផ្សាយកាលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១០ថា ច្បាប់ប្រឆាំងអំពើពុករលួយនៅកម្ពុជា មានភាពខ្វះចន្លោះច្រើនសម្រាប់ការបង្ក្រាបអំពើពុករលួយរបស់មន្ត្រីធំៗក្នុងជួររដ្ឋាភិបាល។ អង្គការនេះបន្តទៀតថា ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង គឺជាអ្នកជំនិតជាទីបំផុតជាមួយនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយមានការជាប់ពាក់ព័ន្ធទៅនឹងផលប្រយោជន៍ជាច្រើនខាងផ្នែកធនធានធម្មជាតិ៕