កម្ពុជា​បញ្ជូន​កម្លាំង​រក្សា​សន្តិភាព​១៤៩​នាក់​ទៅ​ស៊ូដង់​ខាង​ត្បូង

ក្រសួង​ការពារ​ជាតិ នៅ​យប់​ថ្ងៃ​ទី​១៦ ខែ​មេសា ឆ្នាំ​២០១២ បាន​បញ្ជូន​កងកម្លាំង​រក្សា​សន្តិភាព​ចំនួន ១៤៩​នាក់​ជា​លើក​ដំបូង​ទៅ​ប្រទេស​ស៊ូដង់​ខាង​ត្បូង (South Sudan) តាម​សំណើ​របស់​អង្គការ​សហប្រជាជាតិ ដើម្បី​បំពេញ​បេសកកម្ម​ផ្នែក​មនុស្ស​ធម៌​រយៈពេល​មួយ​ឆ្នាំ។

0:00 / 0:00

កងកម្លាំង​រក្សា​សន្តិភាព​ទាំង​នោះ បាន​អោប​ក្រសោប​កូន និង​ប្រពន្ធ​ដោយ​ក្តី​អាឡោះអាល័យ​នៅ​មុន​ពេល​ឈាន​ជើង​ឡើង​យន្តហោះ នៅ​ម៉ោង ១២​យប់ ថ្ងៃ​ទី​១៦ ខែ​មេសា ឆ្នាំ​២០១២ ឆ្ពោះ​ទៅ​កាន់​ប្រទេស​ស៊ូដង់​ខាង​ត្បូង​នោះ។

កិច្ចការ​របស់​កងកម្លាំង​រក្សា​សន្តិភាព​នោះ គឺ​រក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ ដោះ​មីន សាងសង់​ផ្លូវ​ថ្នល់ និង​ស្ពាន និង​ព្យាបាល​អ្នក​ជំងឺ និង​អ្នក​រង​របួស​ជាដើម។

កងកម្លាំង​រក្សា​សន្តិភាព​ទាំង​នោះ គឺ​មក​ពី​កង​រាជ​អាវុធហត្ថ​លេខ ៧០២ និង​ក្រុម​គ្រូពេទ្យ​យោធា​លេខ ៨០១ និង​មាន​ស្ត្រី​សរុប​ចំនួន ១៥​នាក់ ចូល​រួម​ក្នុង​បេសកកម្ម​ដ៏​សំខាន់​នេះ។

កងកម្លាំង​រក្សា​សន្តិភាព​ម្នាក់​នៅ​ក្នុង​ចំណោម ១៤៩​នាក់ ឈ្មោះ វិត ផល្លា អាយុ ២៤​ឆ្នាំ ភេទ​ស្រី មក​ពី​កង​រាជ​អាវុធហត្ថ​លេខ ៧០២ បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត​នៅ​មុន​ពេល​ឡើង​យន្តហោះ​ថា នាង​តាំង​ចិត្ត​បំពេញ​បេសកកម្ម​នេះ​ឲ្យ​បាន​ជោគជ័យ​សំរាប់​កេរ្តិ៍​ឈ្មោះ​កម្ពុជា៖ «មាន​មោទនភាព​ខ្លួន​ឯង​នៅ​ត្រង់​ខ្លួន​ឯង​ជា​នារី​ក៏​បាន​ទៅ​ធ្វើ​ការ​ជាមួយ​បុរស។ ...​ផ្នែក​ខាង​ត្រួត​ពិនិត្យ​សណ្តាប់ធ្នាប់ ឆែកឆេរ ...​ពេល​មាន​គ្រោះថ្នាក់​ចរាចរណ៍​យើង​ចូល​ទៅ​វាស់វែង​អី​ណា»

កង​កម្លាំង​រក្សា​សន្តិភាព ៣០៥
កងកម្លាំង​រក្សា​សន្តិភាព​ត្រៀម​ចេញ​ដំណើរ​ទៅ​ប្រទេស​ស៊ូដង់​ខាង​ត្បូង នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ កាល​ពី​យប់​ថ្ងៃ​១៦ មេសា ឆ្នាំ​២០១២។ (RFA/Sok Serey)

ចំណែក​ឯ​កងកម្លាំង​រក្សា​សន្តិភាព​ម្នាក់​ទៀត ឈ្មោះ នូ សត្យា អាយុ ២៤​ឆ្នាំ មក​ពី​មជ្ឈមណ្ឌល​ជាតិ​បោស​សំអាត​មីន និង​កាក​សំណល់​សង្គ្រាម បាន​មាន​ប្រសាសន៍​ដែរ​ថា លោក​ពេញ​ចិត្ត​ជាមួយ​នឹង​បេសកកម្ម​នេះ​ណាស់៖ «ជា​ពិសេស​មុខ​មាត់​ប្រទេស​ជាតិ​ដែល​ខ្ញុំ​បាន​ជួយ​បំពេញ​បេសកកម្ម​របស់​ប្រទេស​ជាតិ​មួយ​ចំណែក​ដែរ និង​មួយ​ចំណែក​ទៀត គឺ​ជួយ​ក្រុម​គ្រួសារ»

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ទទួល​បន្ទុក​កិច្ចការ​បរទេស និង​នយោបាយ ក្រសួង​ការពារ​ជាតិ លោក​ឧត្ដមសេនីយ៍​ឯក ណឹម សុវត្ថិ បាន​មាន​ប្រសាសន៍​នៅ​យប់​ថ្ងៃ​ទី​១៦ ខែ​មេសា ឆ្នាំ​២០១២ នៅ​ឯ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថា ក្រសួង​ការពារ​ជាតិ​មាន​មោទនភាព​ចំពោះ​បេសកកម្ម​នេះ ដោយ​កងកម្លាំង​រក្សា​សន្តិភាព​ទាំង​នេះ​ត្រូវ​បាន​ហ្វឹកហ្វឺន​ជំនាញ និង​សមត្ថភាព​តាម​ស្តង់ដារ​របស់​អង្គការ​សហប្រជាជាតិ។ លោក​បាន​បន្ត​ថា បេសកកម្ម​នេះ​ ផ្នែក​មួយ​របស់​អាស៊ាន​ដែរ​នៅ​លើ​ឆាក​អន្តរជាតិ។

មន្ត្រី​សម្របសម្រួល​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​ប្រទេស​កម្ពុជា លោក ឌូក្លាស ប្រ៊ូដឺរីក (Douglas Broderick) បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សុន្ទរកថា​របស់​លោក​មុន​ពេល​ក្រុម​រក្សា​សន្តិសុខ​ឡើង​យន្តហោះ​ថា៖ "អង្គការ​សហប្រជាជាតិ និង​ពិភពលោក ដឹង​គុណ​អស់​លោក​អ្នក។ គ្មាន​ប្រទេស​ណា​មួយ​អាច​រស់​នៅ​ដោយ​សុខដុមរមនា និង​រុង​រឿង​បាន​ទេ បើ​គ្មាន​សន្តិភាព និង​ស្ថិរភាព​នោះ ដូច្នេះ​បេសកកម្ម​របស់​លោក​អ្នក គឺ​មាន​សារសំខាន់​ណាស់"

ប្រទេស​ស៊ូដង់​ខាង​ត្បូង​នោះ បាន​ទទួល​ឯករាជ្យ​ពី​ប្រទេស​ស៊ូដង់ នៅ​ឆ្នាំ​២០១១ កន្លង​ទៅ​នេះ ត្រូវ​បាន​ទទួល​ស្គាល់​​ឯករាជ​ភាព​ដោយ​អង្គការ​សហប្រជាជាតិ។ ប៉ុន្តែ​ប្រទេស​ស៊ូដង់​ខាង​ត្បូង និង​ប្រទេស​ស៊ូដង់ កំពុង​តែ​មាន​ជម្លោះ​ប្រដាប់​អាវុធ​យ៉ាង​តឹងតែង ដណ្ដើម​គ្នា​កាន់កាប់​អណ្ដូង​ប្រេង​ជា​សម្បត្តិ​មហាសាល។

លោក ណឹម សុវត្ថិ បាន​បញ្ជាក់​ថា កងកម្លាំង​រក្សា​សន្តិភាព​កម្ពុជា ត្រូវ​ឈរ​ជើង​នៅ​ទី​កន្លែង​មាន​សុវត្តិភាព ឆ្ងាយ​ពី​តំបន់​ជម្លោះ​នោះ។

ចាប់​តាំង​ពី​ឆ្នាំ​២០០៦ កន្លង​មក ក្រសួង​ការពារ​ជាតិ​បាន​បញ្ជូន​កង​កម្លាំង​រក្សា​សន្តិភាព រាប់​ទាំង​កង​កម្លាំង​ដោះ​មីន​ដែរ ទៅ​ប្រទេស​ស៊ូដង់ (Sudan) ប្រទេស​ឆាត (Chad) ប្រទេស​អាហ្វ្រិក​កណ្តា ល (Central Africa) ប្រទេស​លីបង់ (Lebanon) និង​ចុង​ក្រោយ​នេះ គឺ​ទៅ​ប្រទេស​ស៊ូដង់​ខាង​ត្បូង (South Sudan) ដែល​ទើប​បាន​ឯករាជ្យ​នៅ​ឆ្នាំ​២០១១៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។