ការព្រួយបារម្ភនេះ បានកើតឡើងបន្ទាប់ពីក្រុមអ្នកការពារសិទ្ធិមនុស្សក្រៅរដ្ឋាភិបាលបានទទួលព័ត៌មានថា មានប្រជាពលរដ្ឋខ្មែរកាន់តែច្រើនឡើងៗ បាននាំគ្នាឆ្លងដែនខុសច្បាប់។
ប្រភពពីប្រជាពលរដ្ឋដែលរស់នៅលើខ្នងភ្នំអូស្មាច់ នៃក្រុងសំរោង បានឱ្យដឹងថា មានប្រជាពលរដ្ឋខ្មែរមកពីបណ្តាខេត្តផ្សេងៗមួយចំនួន ត្រូវបានមេខ្យល់ដឹកជញ្ជូន និងនាំចេញតាមច្រកទ្វារព្រំដែនអូស្មាច់ ដើម្បីទៅស្វែងរកការងារធ្វើនៅឯប្រទេសថៃ។
ប្រភពដែលសុំមិនបញ្ចេញឈ្មោះបានឱ្យដឹងកាលពីរសៀលថ្ងៃច័ន្ទ ទី៣០ ខែមេសា ថា ស្ទើរតែជារៀងរាល់ថ្ងៃ គេបានឃើញក្រុមមេខ្យល់បានដឹកជញ្ជូនប្រជាពលរដ្ឋមកពីតំបន់ផ្សេងៗឆ្ពោះទៅច្រកព្រំដែនអូស្មាច់ ហើយបានរៀបចំឱ្យឆ្លងដែនទៅកាន់ប្រទេសថៃ ដោយមានរថយន្តចាំទទួលយកបន្ត នៅក្នុងទឹកដីថៃ នៃខេត្តសុរិន្ទ ផង។
សំឡេងប្រភពសុំមិនបញ្ចេញឈ្មោះ៖ «ជូនទៅរាល់ថ្ងៃ។ ប្រហែលជាក្នុង១ថ្ងៃចូលជិត ១០០នាក់។ឆ្លងហ្នឹង គឺមេខ្យល់អ្នកអូសកាតាបទៅឱ្យ ដាក់រទេះទៅ ហើយអ្នកនោះដើរតាមធម្មតា ម្តង ១០នាក់ ៥នាក់។ គេមានលេខទូរស័ព្ទ លេខទូរស័ព្ទទាក់ទងរហូត។ អ្នកដឹកមកពីក្រោមឯខាងនេះចាំទទួល ដឹកជញ្ជូនចូលក្នុង។ បងឯងមិនជឿមកលបមើលទៅដឹងហើយ»។
ក៏ប៉ុន្តែមន្ត្រីនគរបាលច្រកទ្វារព្រំដែនខ្មែរ បានច្រានចោលព័ត៌មានដែលអះអាងបែបនេះ។
លោក ង៉ុយ ជាង ជាអនុប្រធានប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ ប្រចាំច្រកទ្វារព្រំដែនអូស្មាច់។ លោក បានមានប្រសាសន៍ថា មិនមានប្រជាពលរដ្ឋខ្មែរដែលឆ្លងដែនខុសច្បាប់ទៅធ្វើការនៅប្រទេសថៃ ដូចការអះអាងនោះទេ។
លោក ង៉ុយ ជាង បានមានប្រសាសន៍ថា លោកទទួលស្គាល់ថា ជារៀងរាល់ថ្ងៃពិតជាមានប្រជាពលរដ្ឋខ្មែរមួយចំនួនបានឆ្លងដែនតាមច្រកទ្វាររបស់លោកទៅធ្វើការនៅប្រទេសថៃមែន ក៏ប៉ុន្តែក្រុមប្រជាពលរដ្ឋទាំងនោះសុទ្ធតែមានលិខិតឆ្លងដែន និងមានលិខិតទទួលស្គាល់ពីអាជ្ញាធរព្រំដែននៃប្រទេសកម្ពុជា-ថៃ ដែលគេហៅ ប័រឌើ ផាស (Border Pass) ត្រឹមត្រូវទៅតាមច្បាប់ ហើយអ្នកឆ្លងដែនស្របច្បាប់ទាំងនោះ ក៏មិនមានចំនួនច្រើនដល់ទៅជិតរយនាក់ក្នុង១ថ្ងៃៗដែរ។
លោក ង៉ុយ ជាង៖ «មានប្រហែលជា ៧-៨នាក់ ទៅ ៤-១០នាក់អីដែរ អត់ទៀង។ អ្នកដែលទៅហ្នឹង គឺគាត់ប្រើ Border Pass (ប័ណ្ណឆ្លងដែន) ទៅទឹកដីខេត្តសុរិន្ទ ដែលនៅជាប់ខេត្តឧត្តរមានជ័យយើង។ ទៅស្នាក់នៅរយៈពេល ៧ថ្ងៃ គាត់នឹងត្រឡប់មកស្រុកខ្មែរយើងបោះត្រាចេញចូលម្ដងទៀត ហើយត្រង់ប្រជាពលរដ្ឋទៅធ្វើការ ឬអីដែលគ្មានឯកសារឆ្លងដែន គឺអត់មានទេ។ គាត់ធ្វើដំណើរចេញទៅ ត្រង់គាត់ធ្វើអ្វីមួយអាហ្នឹងជាសិទ្ធិសេរីភាពរបស់គាត់ ខាងខ្ញុំហួសដែនកំណត់»។
ទោះយ៉ាងណា លោក ភេម សំអាត ជាចៅសង្កាត់អូស្មាច់ បានមានប្រសាសន៍ថា វាពិតជាមានប្រជាពលរដ្ឋខ្មែរខ្លះដែលឆ្លងដែនខុសច្បាប់តាមច្រកព្រំដែនអូស្មាច់ ទៅធ្វើការនៅប្រទេសថៃ មែន ក៏ប៉ុន្តែលោកគិតថា ចំនួនក្នុង១ថ្ងៃៗវាមិនច្រើនដល់ទៅជិត ១០០នាក់ ដូចប្រជាពលរដ្ឋបានអះអាងនោះទេ។
លោក ស្រី ណារេន ជាអ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក ប្រចាំខេត្តឧត្តរមានជ័យ។ លោកបានមានប្រសាសន៍ថា លោកបានទទួលព័ត៌មានស្ដីពីប្រជាពលរដ្ឋខ្មែរជាច្រើននាក់ក្នុង១ថ្ងៃៗ ត្រូវបានមេខ្យល់នាំឆ្លងដែនខុសច្បាប់ទៅធ្វើការក្នុងទឹកដីថៃនោះ។
លោកបានសំដែងការព្រួយបារម្ភជាខ្លាំងចំពោះសកម្មភាពនេះ ដោយថា ប្រជាពលរដ្ឋខ្មែរខ្លះក្នុងចំណោមនោះ នឹងអាចទទួលរងនូវការជួញដូរផ្លូវភេទ និងការជួញដូរពលកម្ម ព្រមទាំងប្រឈមមុខនឹងការចាប់ខ្លួនពីអាជ្ញាធរថៃផង ដោយសារតែការឆ្លងដែនខុសច្បាប់។
កាលពីខែមករា ឆ្នាំ២០១២ កន្លងទៅ លោក អានុសន ក្រៃវ៉ាត់នុសន (Anusorn Kraiwatnussorn) ជាអនុរដ្ឋមន្ត្រីក្រសួងការងាររបស់ថៃ បានស្នើសុំឱ្យមន្ត្រីក្រសួងការងារកម្ពុជា ជួយធ្វើការផ្សព្វផ្សាយច្បាប់ដល់ពលករខ្មែរ ដើម្បីឱ្យបានចូលទៅធ្វើការក្នុងប្រទេសថៃ សមស្របតាមច្បាប់។
ក្រសួងការងាររបស់ប្រទេសថៃ ឱ្យដឹងថា កាលពី ៣ខែមុន គេបានរកឃើញកម្មករខ្មែរកំពុងធ្វើការនៅក្នុងប្រទេសថៃចំនួនជាង ២៥ម៉ឺននាក់។ ក្នុងចំណោមនោះគឺកម្មករប្រមាណជាង ២១ម៉ឺននាក់ កំពុងស្នើសុំការអនុញ្ញាតពីក្រសួងមហាផ្ទៃថៃ ដើម្បីបានធ្វើការងារស្របច្បាប់ ក៏ប៉ុន្តែកម្មករខ្មែរចំនួនជាង ៣ម៉ឺននាក់ផ្សេងទៀត នៅមិនទាន់បានសុំការអនុញ្ញាតនៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
