អ្នកសង្កេតការណ៍ខាងផ្នែកប្រជាធិបតេយ្យ និងសិទ្ធិមនុស្សក្នុងសហរដ្ឋអាមេរិក បានផ្ដល់អនុសាសន៍ដល់ក្រុមសកម្មជនក្នុងសហគមន៍ខ្មែរឲ្យមានទស្សនវិស័យ និងចក្ខុវិស័យជ្រៅថែមទៀត ក្នុងការចងក្រងបណ្ដាញរបស់ខ្លួន ដើម្បីគិតគូរអំពីស្ថានការណ៍នយោបាយនៅកម្ពុជា។
លោកអគ្គរដ្ឋទូត រីឆាដ សូឡូម៉ុន (Richard Solomon) ជាប្រធានវិទ្យាស្ថានសហរដ្ឋអាមេរិកដើម្បីសន្តិភាព មានមូលដ្ឋានផ្ទាល់ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។ លោក រីឆាដ ធ្លាប់បានចូលរួមតាក់តែងសន្ធិសញ្ញាទីក្រុងប៉ារីស កាលពីឆ្នាំ១៩៩១ ក្នុងការនាំយកប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សដល់កម្ពុជា។
លោកមានប្រសាសន៍ថា សហគមន៍ខ្មែរទាំងក្នុង និងនៅក្រៅសហរដ្ឋអាមេរិក គួរបង្កើតបណ្ដាញរបស់ខ្លួនឲ្យរឹងម៉ាំ ដើម្បីអាចមានឥទ្ធិពលក្នុងការទាមទារឲ្យសហគមន៍អន្តរជាតិ ឬបណ្ដាប្រទេសជាសមាជិកអាស៊ាន អាចជួយដាក់សម្ពាធដល់កម្ពុជា ក្នុងបរិបទនៃការគោរពសិទ្ធិមនុស្ស និងគោរពនូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
លោក រីឆាដ សូឡូម៉ុន៖ «បញ្ហាសំខាន់ចំពោះមុខដែលត្រូវធ្វើនោះ គឺអស់លោកទាំងអស់គ្នាគួរនាំគ្នាបង្កើតបណ្ដាញចម្រុះមួយ ដែលព្យាយាមឲ្យមានបណ្ដាប្រទេសជាសមាជិកអាស៊ាន ក៏ដូចអង្គការសហប្រជាជាតិដើម្បីឲ្យអ្នកទាំងនោះពិនិត្យមើលឡើងវិញ គាំទ្រឲ្យមានការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស»។
អនុសាសន៍របស់លោក ធ្វើឡើងកាលពីថ្ងៃទី៣០ ខែមីនា កន្លងទៅ ខណៈអង្គការខ្មែរអាមេរិកដើម្បីសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យប្រចាំរដ្ឋវីជីនៀ (Virginia) សមាគមចាស់ព្រឹទ្ធាចារ្យ និងសមាគមខ្មែរក្នុងទីក្រុងហ្វីឡាដែលព្យា (Philadelphia) ដាក់បង្ហាញញត្តិរបស់ពួកគេដែលកើតចេញតាមរយៈពិធីរំលឹកខួបកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស លើកទី២០ កាលពីខែតុលា ឆ្នាំមុន។
លោក រីឆាដ សូឡូម៉ុន មានប្រសាសន៍ថា លោកនឹងជំរុញឲ្យក្រុមមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក យកចិត្តទុកដាក់ថែមទៀតក្នុងការពិនិត្យមើលអំពីស្ថានការណ៍នយោបាយនៅកម្ពុជា៖ «ទាក់ទិននឹងបញ្ហានេះ ខ្ញុំនឹងជជែកជាមួយលោក ឃឺត ខាំប៊ែល (Kurt Kambell) ឧបការីរងរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក និងមនុស្ស បន្ទាប់ពីគាត់ គឺលោក ចូសិប យន់ (Josep Yun) ថា តើបរិបទនៃប្រទេសកម្ពុជា ដូចដែលអស់លោកបានលើកឡើងនេះ អាចមាននៅក្នុងរបៀបវារៈនៃកិច្ចការរបស់គេដែរ ឬយ៉ាងណានោះ ខ្ញុំមិនទាន់ហ៊ានធានាទេ។ គន្លឹះសំខាន់មួយទៀតខ្ញុំនឹងផ្ញើលិខិតទៅអគ្គលេខាធិការរបស់អង្គការសហប្រជាជាតិ លោក បាន គីមូន (Ban Ki-moon) ពីព្រោះគាត់ក៏ជាមនុស្សម្នាក់ធ្លាប់ចូលរួមពាក់ព័ន្ធជាមួយនឹងដំណើរការកិច្ចព្រមព្រៀងទីក្រុងប៉ារីសនោះដែរ។ ប្រសិនបើខ្ញុំឮដំណឹងអ្វីពីគាត់នោះ ខ្ញុំនឹងសុំឲ្យគាត់ផ្ដល់បុគ្គលិកសំខាន់របស់គាត់ណាម្នាក់ ដើម្បីជួយពិភាក្សា និងស្ដាប់អំពីកង្វល់របស់អស់លោក»។
សហគមន៍ខ្មែរនៅឯនាយសមុទ្របានពិនិត្យឃើញថា រាជរដ្ឋាភិបាលមិនបានចាត់វិធានការចាំបាច់នានា ដែលមានចែងក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ទាក់ទងនឹងការការពារអធិបតេយ្យភាព ការអនុវត្តលទ្ធិប្រជាធិបតេយ្យពិតប្រាកដ ការធានាឲ្យមានប្រព័ន្ធយុត្តិធម៌ឯករាជ្យ ការគោរពសិទ្ធិមនុស្ស និងសេរីភាពក្នុងការបញ្ចេញមតិ។ សហគមន៍ខ្មែរអាមេរិកាំងក៏បានបង្ហាញអំពីភាពបាត់បង់ជំនឿលើឯករាជភាពនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ករណីជនអន្តោប្រវេសន៍វៀតណាម ហូរចូលយ៉ាងគំហុកដែលគ្មានវិធានការទប់ស្កាត់ ការឈ្លានពានព្រំដែនពីបណ្ដាប្រទេសជិតខាង ជាពិសេសប្រទេសវៀតណាម និងការទាមទារឲ្យមេដឹកនាំគណបក្សប្រឆាំង សម រង្ស៊ី អាចវិលចូលប្រឡូកក្នុងការបោះឆ្នោតនាពេលខាងមុខ។
ប្រធានអង្គការខ្មែរអាមេរិកាំង ដើម្បីសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ លោក យ៉ាប់ គឹមទឹង បានថ្លែងប្រាប់វិទ្យុអាស៊ីសេរីថា លទ្ធផលនៃជំនួបជាលោក រីឆាដ សូឡូម៉ុន បានធ្វើឡើងប្រកបដោយភាពវិជ្ជមាន ដែលនាំឲ្យក្រុមរបស់លោកមានសង្ឃឹមក្នុងការស្វែងរកដំណោះស្រាយនយោបាយប្រកបដោយសន្តិភាពសម្រាប់ពលរដ្ឋខ្មែរ ខណៈលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ហាក់កំពុងដើរថយក្រោយនោះ។
ជាមួយគ្នានេះផងដែរ អ៊ូ គឹមហួត ដែលជាអតីតប្រធានសមាគមខ្មែរក្នុងទីក្រុងហ្វីឡាដែលព្យា នៃរដ្ឋផេនស៊ីលវានៀ (Pennsylvania) មានប្រសាសន៍ថា ក្រុមរបស់លោក ក៏ដូចជាសហគមន៍ខ្មែរក្នុងសហរដ្ឋអាមេរិកទាំងអស់ នឹងខិតខំប្រឹងប្រែងបន្តទៅមុខទៀត ដើម្បីធ្វើកិច្ចការរបស់ខ្លួនក្នុងការស្វែងរកសិទ្ធិសេរីភាព និងសុភមង្គលពិតប្រាកដជូនពលរដ្ឋខ្មែរក្នុងប្រទេស។
ក្រុមអ្នកវិភាគនយោបាយខ្លះបានសម្ដែងការព្រួយបារម្ភថា ការកកស្ទះនូវបញ្ហាជាច្រើនដែលរដ្ឋាភិបាលខ្មែរមិនអាចដោះស្រាយជូនសង្គមរបស់ខ្លួននៅពេលបច្ចុប្បន្ន គេឃើញមានដូចជាបញ្ហាអត់ការងារធ្វើ បញ្ហាប្រាក់ខែគ្រូបង្រៀន និងមន្ត្រីរាជការមានកម្រិតទាប មិនអាចរស់បានក្នុងសេចក្ដីថ្លៃថ្នូរ ការបំផ្លាញធនធានធម្មជាតិ អំពើពុករលួយក្នុងជួររដ្ឋាភិបាល និងឋានសួគ៌គ្មានទោសពៃរ៍ជាដើមនោះ អាចនាំកម្ពុជា ឆ្ពោះទៅរកអស្ថិរភាពដ៏ធ្ងន់ធ្ងរ។
ទាក់ទិនបញ្ហានេះដែរ លោក ព្រំ សៅរ៍នរ៉ា ដែលជាសមាជិកស្ថាបនិកមួយរូបក្នុងអង្គការខ្មែរអាមេរិកាំង ដើម្បីសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យថ្លែងថា ដើម្បីឲ្យប្រទេសមួយមានការផ្លាស់ប្ដូររបត់នយោបាយរបស់ខ្លួនបាន លុះត្រាប្រជាពលរដ្ឋទាំងអស់ហ៊ានក្រោកឈរតវ៉ាបង្ហាញអន្តរជាតិឲ្យដឹងអំពីអំពីភាពអយុត្តិធម៌ និងអំពីការរឹតត្បិតរបស់អាជ្ញាធរ។
ប៉ុន្តែលោក ផៃ ស៊ីផាន អ្នកនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រីធ្លាប់មានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជា កំពុងបង្ហាញកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការកសាងលទ្ធិប្រជាធិបតេយ្យការគោរពសិទ្ធិមនុស្ស និងការដោះស្រាយវិបត្តិព្រំដែនដោយសន្តិវិធី។
ទោះបីជាយ៉ាងណាក៏សង្គមស៊ីវិលជាតិ និងអន្តរជាតិ នឹងជំរុញឲ្យបណ្ដាប្រទេសជាសមាជិកអាស៊ានទាំងអស់ ដាក់សំពាធដល់រដ្ឋាភិបាលកម្ពុជា ដែលកំពុងដឹកនាំកិច្ចប្រជុំកំពូលអាស៊ាននោះ ធ្វើយ៉ាងដោះស្រាយបញ្ហាក្នុងប្រទេសរបស់ខ្លួនឲ្យបាន។ បញ្ហាធំៗទាំងនោះមានដូចជា ករណីទំនាស់ដីធ្លីធ្ងន់ធ្ងរ រដែ ញាំញីដោយគោលនយោបាយដីសម្បទានសេដ្ឋកិច្ច និងការរំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរដែលកំពុងកកស្ទះដោះមិនទាន់រួចនោះ៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។
