ការលើកពេលកិច្ចប្រជុំនេះ ធ្វើឡើងនៅពេលដែលរដ្ឋាភិបាលកំពុងប្រឈមមុខនឹងបញ្ហាចម្រូងចម្រាស ការផ្អាកប្រាក់កម្ចីទាំងស្រុងពីធនាគារពិភពលោក និងការផ្អាកសកម្មភាពអង្គការការពារសិទ្ធិដីធ្លី ដោយសារការរិះគន់រដ្ឋាភិបាល។
មន្ត្រីគណបក្សប្រឆាំង កាលពីថ្ងៃពុធ ទី២៤ ខែសីហា បានបដិសេធមិនទទួលយកការបកស្រាយរបស់រដ្ឋាភិបាលទាក់ទងនឹងការពន្យារពេលកិច្ចប្រជុំវាយតម្លៃការអនុវត្តអនុសាសន៍ប្រទេសម្ចាស់ជំនួយ ដែលគ្រោងនឹងធ្វើឡើងនៅខែវិច្ឆិកា ខាងមុខនេះ។
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក គាត ឈន់ កាលពីថ្ងៃទី១៧ ខែសីហា បានប្រាប់មន្ត្រីធនាគារពិភពលោក (World Bank) ជាអ្នកសម្របសម្រួលកិច្ចប្រជុំថា រដ្ឋាភិបាលបានសម្រេចផ្អាកកិច្ចប្រជុំដោយសារតែម្ចាស់ជំនួយកំពុងកប់ផុងនឹងវិបត្តិសេដ្ឋកិច្ច ហើយប្រទេសទាំងនោះកំពុងស្វែងរកដំណោះស្រាយសម្រាប់ប្រទេសខ្លួនផ្ទាល់។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សប្រឆាំងកាលពីថ្ងៃពុធ ទី២៤ ខែសីហា បានអះអាងអំពីមូលហេតុពិតប្រាកដដែលរដ្ឋាភិបាលពន្យារកិច្ចប្រជុំនេះ ដោយសារតែរដ្ឋាភិបាលខកខានមិនបានធ្វើកំណែទម្រង់ចាំបាច់មួយចំនួនដែលបានស្នើសុំដោយប្រទេសម្ចាស់ជំនួយកាលពីកិច្ចប្រជុំឆ្នាំមុន។
លោកបន្តថា ៖ «ប្រាកដជាមានឧបសគ្គក្នុងការកែទម្រង់មួយចំនួនដែលរដ្ឋាភិបាលយឺតយ៉ាវ។ កែទម្រង់ដូចជាប្រព័ន្ធតុលាការ អំពើពុករលួយ និងបញ្ហាដីធ្លី»។
ប្រធានធនាគារពិភពលោកប្រចាំកម្ពុជា កាលពីដើមខែសីហា នេះ បានព្រមានផ្អាកប្រាក់កម្ចីដល់កម្ពុជា ទាំងស្រុង ប្រសិនបើរដ្ឋាភិបាលមិនអាចផ្ដល់ដំណោះស្រាយឲ្យអ្នកភូមិបឹងកក់ ជាជនរងគ្រោះពីការបណ្ដេញចេញពីផ្ទះសម្បែងដើម្បីយកដីឲ្យក្រុមហ៊ុនអភិវឌ្ឍន៍តំបន់បឹងកក់។
ធនាគារពិភពលោកបានសម្រេចផ្អាកប្រាក់កម្ចីឲ្យកម្ពុជា ចាប់តាំងពីខែធ្នូ ឆ្នាំ២០១០។ រដ្ឋាភិបាលបានហៅការព្រមានរបស់ធនាគារពិភពលោកថា ជាការរំលោភលើអធិបតេយ្យភាពកម្ពុជា ប៉ុន្តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សុខចិត្តកាត់ដីទំហំជិត ១៣ហិកតារឲ្យពលរដ្ឋបឹងកក់។
ធនាគារពិភពលោកនៅមិនទាន់បានឆ្លើយតបទៅនឹងសេចក្ដីសម្រេចរដ្ឋាភិបាលនៅឡើយទេ។
តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា លោក ជាម យៀប កាលពីថ្ងៃពុធ ទី២៤ ខែសីហា បានអះអាងថា ការផ្អាកកិច្ចប្រជុំប្រទេសម្ចាស់ជំនួយមិនប៉ះពាល់ដល់គម្រោងអភិវឌ្ឍន៍នៅកម្ពុជា នោះទេ ដោយសារតែកម្ពុជា មានប្រាក់បម្រុងទុកមួយចំនួន ៖ «គ្រប់កាលៈទេសៈ សម្ដេច ហ៊ុន សែន តែងតែដកពិសោធន៍។ យើងអបអរសាទរនៅពេលដែលគេជួយ ប៉ុន្តែគេមិនជួយ យើងត្រូវមានថវិកាបម្រុងដើម្បីទប់ទល់នៅពេលជំនួយគេមិនឲ្យយើង»។
លោកបន្តថា ការផ្អាកនេះមិនពាក់ព័ន្ធទៅនឹងការព្រមានរបស់ធនាគារពិភពលោកនោះទេ។
លោក ជាម យៀប មានប្រសាសន៍ទៀតថា ទោះបីជាកម្ពុជា បានផ្អាកកិច្ចប្រជុំក៏ដោយ កម្ពុជាក៏នៅតែត្រូវការជំនួយប្រមាណជាង ៥០០លានដុល្លារសម្រាប់ឆ្នាំ២០១១នេះ។ កាលពីឆ្នាំ២០១០ ប្រទេសម្ចាស់ជំនួយបានសន្យាផ្ដល់ជំនួយច្រើនជាងមួយពាន់លានដុល្លារ។
រដ្ឋាភិបាលកម្ពុជា ក៏កំពុងទទួលរងការរិះគន់ពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ពីការផ្អាកសកម្មភាពអង្គការការពារសិទ្ធិដីធ្លីនៅកម្ពុជា ដោយសារតែអង្គការនោះបានរិះគន់រដ្ឋាភិបាល។
ក្រុមបណ្ដាញអង្គការក្រៅរដ្ឋាភិបាលបានចោទប្រកាន់ថា គម្រោងស្ដារផ្លូវដែកដែលផ្ដល់ប្រាក់កម្ចីដោយធនាគារអភិវឌ្ឍន៍អាស៊ី មិនបានផ្ដល់សំណងត្រឹមត្រូវឲ្យពលរដ្ឋដែលមានផ្ទះសម្បែងរងផលប៉ះពាល់ ហើយរដ្ឋាភិបាលមិនបានផ្ដល់ជម្រកស្នាក់នៅត្រឹមត្រូវឲ្យពលរដ្ឋទាំងនោះដែលបានបណ្ដាលឲ្យកុមារពីរនាក់ស្លាប់ដោយសារលង់ទឹក។
ធនាគារអភិវឌ្ឍន៍អាស៊ី កាលពីសប្ដាហ៍មុនបានសម្ដែងការគាំទ្រអង្គការការពារសិទ្ធិដីធ្លីចំនួនពីរ ដែលត្រូវបានក្រសួងមហាផ្ទៃ ផ្អាកសកម្មភាព និងព្រមាន ដោយសារអង្គការទាំងពីរនេះ បានរិះគន់រដ្ឋាភិបាល។
ក្រសួងមហាផ្ទៃបានផ្អាកសកម្មភាពសមាគមធាងត្នោតចំនួនប្រាំខែ និងព្រមានអង្គការអន្តរជាតិឈ្មោះថា Bridges Across Borders Cambodia ពីការរិះគន់រដ្ឋាភិបាល។
កាលពីខែមេសា ឆ្នាំ២០១១ ក្នុងកិច្ចប្រជុំគណៈកម្មាធិការដៃគូអភិវឌ្ឍន៍កម្ពុជា ធនាគារពិភពលោកបានទាមទារឲ្យរដ្ឋាភិបាលដោះស្រាយបញ្ហាដីធ្លីនៅកម្ពុជា ដែលបណ្ដាលមកពីការអភិវឌ្ឍតំបន់ជនបទ និងការពង្រីកផ្ទៃដីកសិកម្ម។ ធនាគារបានលើកយកឧទាហរណ៍ជម្លោះដីបឹងកក់ មកឲ្យរដ្ឋាភិបាលពិចារណាដោះស្រាយ។ ធនាគារបានទទូចឲ្យរដ្ឋាភិបាលបង្កើនល្បឿននៃការផ្ដល់កម្មសិទ្ធិដីធ្លី និងការធានាសុវត្ថិភាពដីធ្លី។ រដ្ឋាភិបាលត្រូវតែធានាថា ការផ្លាស់ប្ដូរទីលំនៅរបស់ពលរដ្ឋត្រូវទទួលបានសំណងត្រឹមត្រូវ និងស្របច្បាប់៕