លោកឧត្ដមសេនីយ៍ឯក ឈុំ សុជាត រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងការពារជាតិកម្ពុជា មានប្រសាសន៍ខ្លីឲ្យវិទ្យុអាស៊ីសេរីដឹងថា នៅថ្ងៃទី២៩ ខែកក្កដានេះ មន្ត្រីយោធាកម្ពុជាបានជួបប្រជុំគ្នាបន្ទាន់មួយ ដើម្បីឆ្លើយតបចំពោះការថ្លែងរបស់នាយករដ្ឋមន្ត្រីថៃ ដែលថា កងទ័ពថៃបានត្រៀមការពារអធិបតេយ្យខ្លួន ប្រសិនវិវាទព្រំដែនមិនទាន់ស្ងប់ស្ងាត់។
មេបញ្ជាការកងទ័ពកម្ពុជាប្រចាំទិសប្រាសាទព្រះវិហារ លោកឧត្ដមសេនីយ៍ ស្រី ឌឹក មានប្រសាសន៍ឲ្យវិទ្យុអាស៊ីសេរីដឹងនៅថ្ងៃទី២៩ ខែកក្កដានេះ ថា កងទ័ពកម្ពុជាបានត្រៀមលក្ខណៈប្រយុទ្ធជាស្រេច ដើម្បីឆ្លើយតបតាមគ្រប់រូបភាព ចំពោះការទន្ទ្រានឈ្លានពានពីសត្រូវណាមួយ រំលោភមកលើទឹកដីកម្ពុជាពីប្រទេសជិតខាង។ លោកឧត្ដមសេនីយ៍អះអាងដូច្នេះ បន្ទាប់ពីមានដំណឹងមកថា ប្រទេសថៃបានត្រៀមខ្លួនការពារព្រំដែនរបស់គេ បើសិនជាវិវាទព្រំដែនមិនស្ងប់ស្ងាត់នោះ។
លោកឧត្ដមសេនីយ៍ ស្រី ឌឹក មានប្រសាសន៍ថា ៖ «ខ្ញុំយល់ថា ការប្រកាសរបស់ថៃជារឿងរបស់គេទៅ! ខ្ញុំមិនឈឺក្បាលទេ! ខ្ញុំដឹងថា តែចូល ខ្ញុំវ៉ៃតែប៉ុណ្ណឹងទេ ព្រោះបទបញ្ជាមានរួចអស់ហើយ...»។
ទីភ្នាក់ងារព័ត៌មានអាមេរិក AP កាលពីពេលថ្មីៗនេះ បានដកស្រង់សម្ដីនាយករដ្ឋមន្ត្រីថៃ លោក អាភីស៊ិត វេតឆាឈីវ៉ាក់ (Abhisit Vejjajiva) មកចុះផ្សាយថា កងទ័ពជើងគោកថៃបានត្រៀមការពារអធិបតេយ្យខ្លួន បើសិនមានគេបំពាន បន្ទាប់ពីជួបជាមួយរដ្ឋមន្ត្រីការពារប្រទេស ប្រាវិទ វង្សសុវណ្ណ រួចមក។
ទោះយ៉ាងនេះក្តី លោកឧត្ដមសេនីយ៍ ស្រី ឌឹក បានសង្កត់ធ្ងន់ថា កងទ័ពកម្ពុជាមានកម្លាំងគ្រប់គ្រាន់ឆ្លើយតបការឈ្លានពានរបស់សត្រូវចូលរំលោភមកលើទឹកដីនៃអធិបតេយ្យប្រទេសកម្ពុជា។
វិទ្យុអាស៊ីសេរីមិនអាចទំនាក់ទំនងមន្ត្រីស្ថានទូតថៃប្រចាំទីក្រុងភ្នំពេញ ដើម្បីបំភ្លឺគោលជំហររបស់រដ្ឋាភិបាលថៃ ជុំវិញសង្គ្រាមពាក្យសម្ដីរបស់នាយករដ្ឋមន្ត្រីថៃ ទៅលើបញ្ហាប្រាសាទព្រះវិហារបានទេនៅថ្ងៃទី២៩ ខែកក្កដានេះ។
កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១០ លោក អាភីស៊ិត វេតឆាឈីវ៉ាក់ នាយករដ្ឋមន្ត្រីថៃ បានប្ដេជ្ញាការពារសិទ្ធិ និងផលប្រយោជន៍របស់ថៃ នៅគ្រាកម្ពុជាត្រៀមប្រគល់ផែនការគ្រប់គ្រងប្រាសាទព្រះវិហារ និងតំបន់ជុំវិញទៅកាន់អង្គប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៅប្រទេសប្រេស៊ីល។
បន្ទាប់មកលោក អាភីស៊ិត វេតឆាឈីវ៉ាក់ បានព្រមានគណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ ថា ប្រទេសថៃនឹងពិនិត្យសើរើសមាជិកភាពរបស់ខ្លួន ដែលអាចនឹងដកខ្លួនចេញពីអង្គការយូណេស្កូ ប្រសិនគណៈកម្មាធិការនេះសម្រេចដាក់បញ្ចូលគម្រោងគ្រប់គ្រងថែរក្សា និងអភិរក្សតំបន់ប្រាសាទព្រះវិហារទៅក្នុងរបៀបវារៈក្នុងកិច្ចប្រជុំនោះ។
ប្រតិកម្មតបទៅនាយករដ្ឋមន្ត្រីថៃប្រមុខការទូតកម្ពុជាបានចាត់ទុកការប្រឆាំងរបស់ថៃថាជារឿងហួសសម័យ និងជាការអត់ប្រយោជន៍។
លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា មានប្រសាសន៍ថា ការប្រឆាំងណាមួយពីរដ្ឋាភិបាលថៃចំពោះការដាក់បញ្ចូលប្រាសាទព្រះវិហារ ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក គឺជារឿងអត់ប្រយោជន៍ ទោះចង់ថៃធ្វើការតវ៉ាយ៉ាងម៉េចក៏មិនអាចកែប្រែបានដែរ។
លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ឲ្យដឹងដូច្នេះ ៖ «ការតវ៉ានេះវាហួសសម័យហើយ! ការបញ្ចូលប្រាសាទព្រះវិហារចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក បានទៅមុខហើយ វារួចស្រេចហើយ។ ចង់ថៃធ្វើយ៉ាងម៉េច ក៏មិនអាចកែប្រែបានដែរ»។
កងទ័ពថៃបានចូលឈ្លានពានតំបន់មួយចំនួនក្នុងទឹកដីកម្ពុជា នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៨ រំលង ១សប្ដាហ៍បន្ទាប់ពីប្រាសាទព្រះវិហារត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨។ ការឈ្លានពានបានបណ្ដាលឲ្យកងទ័ពទាំងពីរប្រទេសពើបប្រយុទ្ធគ្នា ដោយអាវុធជាច្រើនលើក។ ក្នុងសិទ្ធិស្វ័យការពារបូរណភាពទឹកដី កងទ័ពកម្ពុជាបានឆ្លើយតបធ្វើឲ្យទាហានថៃស្លាប់ និងរបួស ព្រមទាំងបរាជ័យគ្រប់សមរភូមិ។
គួររំឭកថា កាលពីពេលថ្មីៗនេះ លោកឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានដឹកនាំមន្ត្រីរដ្ឋាភិបាលមួយក្រុមទៅចូលរួមប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៅប្រទេសប្រេស៊ីល ពីថ្ងៃទី២៥ កក្កដា ដល់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១០។ ជាមួយគ្នានេះកម្ពុជាមានគម្រោងដាក់របាយការណ៍អភិវឌ្ឍន៍តំបន់រណបជុំវិញប្រាសាទព្រះវិហារ ជូនគណៈកម្មាធិការយូណេស្កូពិនិត្យក្នុងកិច្ចប្រជុំនោះដែរ៕
