កម្ពុជា-​សិង្ហបុរី​ឯកភាព​គ្នា​បន្ត​ដោះស្រាយ​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា និង​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ប្រទេស​សិង្ហបុរី បាន​ជួប​ចរចា​ទ្វេ​ភាគី​នៅ​ថ្ងៃ​ទី​១៨ ខែ​មេសា ឆ្នាំ​២០១២ នៅ​ទីក្រុង​ភ្នំពេញ ផ្ដោត​លើ​ការ​ពង្រឹង​សន្តិសុខ​នៅ​តំបន់​អាស៊ាន រាប់​ទាំង​ការ​ដោះស្រាយ​បញ្ហា​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ដែរ។

0:00 / 0:00

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា លោក​នាយ​ឧត្ដមសេនីយ៍ ទៀ បាញ់ និង​ជា​ឧបនាយករដ្ឋមន្រ្តី និង​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ប្រទេស​សិង្ហបុរី លោក អ៊ិនជី អេងហេន (NG Eng Hen)បាន​ឯកភាព​គ្នា​ថា នឹង​បន្ត​យន្តការ​ដោះស្រាយ​បញ្ហា​ជម្លោះ​នៅ​កោះ​ស្ព្រាតលី (Spratly) និង​កោះ​ប៉ារ៉ាស៊ែល (Paracels) នៅ​សមុទ្រ​ចិន​ខាង​ត្បូង​នោះ​ដោយ​ផ្អែក​លើ​គោលការណ៍​សន្តិភាព និង​បង្កើត​ឲ្យ​មាន​ក្រម​ប្រតិបត្តិ​មួយ​ដើម្បី​ដោះស្រាយ​រឿង​នេះ។

ការ​ឯកភាព​គ្នា​នេះ​បាន​ធ្វើ​ឡើង​នៅ​មុន​ពេល​ដែល​ក្រសួង​ការពារ​ជាតិ​កម្ពុជា គ្រោង​បើក​កិច្ច​ប្រជុំ​សំខាន់​មួយ​នៅ​ថ្ងៃ​ទី​២៤ ដល់​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០១២ នៅ​ខេត្ត​សៀមរាប។ កិច្ច​ប្រជុំ​នោះ គឺ​មាន​ឈ្មោះ​ថា កិច្ច​ប្រជុំ​មន្ត្រី​ជាន់​ខ្ពស់​ការពារ​ជាតិ​អាស៊ាន និង​កិច្ច​ប្រជុំ​មន្ត្រី​ជាន់​ខ្ពស់​ការពារ​ជាតិ​អាស៊ាន​បូក​ជាមួយ​ប្រទេស​ដៃគូ​មួយ​ចំនួន​ទៀត។

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា លោក​នាយ​ឧត្ដមសេនីយ៍ ទៀ បាញ់ បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត​នៅ​ក្រសួង​ការពារ​ជាតិ នៅ​ថ្ងៃ​ទី​១៨ ខែ​មេសា ឆ្នាំ​២០១២ ថា បញ្ហា​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​នោះ គឺ​មាន​ទម្រង់​រួច​ស្រេច​ហើយ ដើម្បី​ដោះស្រាយ គឺ​មិន​ពង្រីក​បញ្ហា​នេះ​ឲ្យ​ធំ​ទេ៖ «គឺ​ការ​ពិភាក្សា​ដោះស្រាយ​ផ្អែក​លើ​ច្បាប់ ...ក្នុង​ន័យ​មួយ​ផ្ដល់​សុខ​សន្តិភាព​ជា​សំខាន់ ឈាន​ទៅ​ដល់​ការ​ធ្វើ​សេចក្ដី​ព្រាង​រៀបចំ​ជា​ក្រម​ប្រតិបត្តិ​មួយ​នៅ​ពេល​ខាង​មុខ​នេះ»

ទាក់ទង​និង​បញ្ហា​នេះ​ដែរ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ប្រទេស​សិង្ហបុរី លោក អ៊ិនជី អេងហេន បាន​មាន​ប្រសាសន៍​ថា យើង​បាន​ជួប​ពិភាក្សា​ជាមួយ​គ្នា​ល្អ​ណាស់៖ «ប្រទេស​សិង្ហបុរី និង​ប្រទេស​កម្ពុជា មិន​មែន​ជា​ប្រទេស​ភាគី​ជម្លោះ​ទេ។ ...​ខ្ញុំ​គិត​ថា យើង​ត្រូវ​តែ​មាន​គោលការណ៍​មួយ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ឈាន​ទៅ​មុខ​ដើម្បី​ធានា​ឲ្យ​មាន​សេរីភាព​របស់​នាវាចរណ៍។ ចំណែក​ឯ​បញ្ហា​ជម្លោះ គឺ​ត្រូវ​តែ​ដោះស្រាយ​តាម​សន្តិវិធី។ លោក​រដ្ឋមន្ត្រី​ការពារ​ជាតិ លោក ទៀ បាញ់ បាន​លើក​ឡើង​ហើយ​ថា មន្ត្រី​ជាន់​ខ្ពស់​យោធា ​កម្ពុជា កំពុង​តែ​ធ្វើ​ក្រម​ប្រតិបត្តិ​មួយ និង​ក្រម​សីលធម៌​ដែរ ដើម្បី​ដោះស្រាយ​ជម្លោះ​នោះ»

ទាក់ទង​នឹង​ការ​ដោះស្រាយ​បញ្ហា​ជម្លោះ​ដណ្ដើម​កោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​នោះ ជា​រួម​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​បញ្ជាក់​នៅ​ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០១២ កន្លង​ទៅ​នេះ នៅ​គ្រា​ដែល​បិទ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​២០ នៅ​ទីក្រុង​ភ្នំពេញ ថា មេដឹកនាំ​ប្រទេស​សមាជិក​អាស៊ាន​ទាំង ១០ បាន​មាន​ឯកភាព​គ្នា​ថា និង​បន្ត​ដោះស្រាយ​ជម្លោះ​នេះ រវាង​អាស៊ាន និង​ចិន គឺ​មិន​ដោះស្រាយ​បញ្ហា​នេះ​ជា​អន្តរជាតិ​ក្រៅ​ពី​ក្របខ័ណ្ឌ​នេះ​ទេ នៅ​ក្នុង​ឋានៈ​កម្ពុជា ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​២០១២ នេះ។

កន្លង​មក​មាន​ការ​ចោទ​ប្រកាន់ និង​រិះគន់​ថា ប្រទេស​កម្ពុជា ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ​២០១២ នេះ បាន​ទទួល​រង​ឥទ្ធិពល​ពី​ប្រទេស​ចិន មិន​លើក​យក​បញ្ហា​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​មក​ពិភាក្សា​ក្នុង​របៀបវារៈ​នៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នៅ​កម្ពុជា ប៉ុន្តែ​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នោះ ដោយ​បាន​បញ្ជាក់​ថា មេដឹកនាំ​ប្រទេស​សមាជិក​អាស៊ាន​ទាំង ១០​ពិត​ជា​បាន​ពិភាក្សា​រឿង​នេះ​កន្លង​មក។

ប្រទេស​សមាជិក​អាស៊ាន​ដែល​កំពុង​តែ​មាន​ជម្លោះ​ដើម្បី​កោះ​ស្ព្រាតលី និង​កោះ​ប៉ារ៉ាស៊ែល នៅ​សមុទ្រ​ខាង​ត្បូង​នោះ មាន​ប្រទេស​ម៉ាឡេស៊ី ហ្វីលីពីន វៀតណាម និង​ប្រទេស​ប្រ៊ុយណេ ជាមួយ​ប្រទេស​ចិន។ នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា នៅ​បាត​សមុទ្រ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​នោះ គឺ​មាន​អណ្ដូង​ប្រេង និង​ឧស្ម័ន​មហា​សាល៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។