មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលកម្ពុជា ថ្លែងថា កម្ពុជានៅតែគោរពតាមសាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិក្នុងការសម្រេចឲ្យភាគីកម្ពុជា និងថៃ ដកកងទ័ពចេញពីតំបន់កំណត់គ្មានយោធាក្នុងតំបន់ប្រាសាទព្រះវិហារ តាមការឃ្លាំមើលរបស់ក្រុមអ្នកសង្កេតការណ៍ឥណ្ឌូណេស៊ី។
ប៉ុន្តែកាលពីថ្ងៃអង្គារ ទី១៦ ខែសីហា ទីភ្នាក់ងារព័ត៌មានចិន ដកស្រង់សម្ដីរដ្ឋមន្ត្រីការពារជាតិថៃ លោក យុត្ថាសាក់ សាស៊ីប្រាផា (Yutthasak Sasiprapa) ចុះផ្សាយថា រដ្ឋមន្ត្រីការពារជាតិកម្ពុជា លោក ទៀ បាញ់ បានអញ្ជើញរូបលោកទៅចូលរួមកិច្ចប្រជុំព្រំដែននៅកម្ពុជា ក្រោយពីកិច្ចប្រជុំបឋមអំពីបញ្ហាព្រំដែនដែលគ្រោងធ្វើឡើងនៅប្រទេសថៃ នៅថ្ងៃទី២៣ និង ២៤ សីហា។
លោក យុត្ថាសាក់ ក៏បានឲ្យដឹងផងដែរថា ប្រសិនបើភាគីទាំងពីរអាចរកដំណោះស្រាយទ្វេភាគីលើជម្លោះព្រំដែនដោយជោគជ័យហើយ នោះគណៈកម្មាធិការព្រំដែននៃប្រទេសទាំងពីរនឹងរាយការណ៍ទៅតុលាការយុត្តិធម៌អន្តរជាតិ ថា មិនបាច់មានវត្តមានអ្នកសង្កេតការណ៍អន្តរជាតិក្នុងតំបន់គ្មានយោធានៃតំបន់ប្រាសាទព្រះវិហារនោះទេ។
អ្នកនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន កាលពីថ្ងៃអង្គារ បានប្រកាសពីគោលជំហររបស់កម្ពុជាថា កម្ពុជានៅតែប្រកាន់ជំហររបស់ខ្លួនដដែល ក្នុងការគោរពតាមសេចក្ដីបង្គាប់របស់តុលាការយុត្តិធម៌អន្តរជាតិ ហើយលោកបានបដិសេធទាំងស្រុងចំពោះការអះអាងរបស់រដ្ឋមន្ត្រីការពារជាតិថៃថ្មីខាងលើនេះ។
លោកបន្តថា ៖ «អ្វីដែលជាសំណើរបស់ថៃ ដែលថាមិនត្រូវការឲ្យមានក្រុមអ្នកសង្កេតការណ៍នៅក្នុងការដោះស្រាយ ឬការគោរពអនុវត្តនូវដីកាបង្គាប់បញ្ជារបស់តុលាការយុត្តិធម៌អន្តរជាតិ គឺមិនមានរឿងហ្នឹងពិតទេ។ អ្វីដែលជាជំហររបស់រាជរដ្ឋាភិបាល គឺស្ដែងតាមរយៈសុន្ទរកថារបស់សម្ដេចអគ្គសេនាបតីតេជោ ហ៊ុន សែន រួចស្រេចទៅហើយ ពាក់ព័ន្ធនឹងបញ្ហាប្រាសាទព្រះវិហារក្នុងកិច្ចការនូវដីកាបង្គាប់របស់តុលាការយុត្តិធម៌អន្តរជាតិគឺនៅដដែល»។
លោក ផៃ ស៊ីផាន បានឲ្យដឹងបន្ថែមថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏ចង់ឲ្យគណៈកម្មាធិការព្រំដែនទូទៅរវាងប្រទេសពីរប្រជុំគ្នារៀបចំលក្ខខណ្ឌការងារ ដើម្បីត្រៀមចូលរួមដកកងទ័ពចេញពីតំបន់គ្មានកងទ័ពជាបណ្ដោះអាសន្ន ដែលបង្កើតឡើងដោយដីកាបង្គាប់របស់តុលាការយុត្តិធម៌អន្តរជាតិកាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១១។
ទោះជាយ៉ាងណាក៏ដោយ មន្ត្រីនាំពាក្យរដ្ឋាភិបាលរូបនេះបញ្ជាក់ថា កម្ពុជានៅតែត្រូវការឲ្យមានក្រុមអ្នកសង្កេតការណ៍អន្តរជាតិចូលរួមក្នុងកិច្ចការដកកងទ័ពដដែល ៖ «អ្នកសង្កេតការណ៍កងទ័ពនៃបណ្ដាប្រទេសក្នុងតំបន់អាស៊ានដែលគេស្ម័គ្រចិត្តមកបន្ថែមនៅតែជាសេចក្ដីត្រូវការរបស់កម្ពុជាដដែល គឺនៅពេលដែលធ្វើការដកទ័ពថ្ងៃជាមួយគ្នា ហើយនិងឯកភាពនៅកន្លែងហ្នុងឯង។ កម្ពុជានៅតែប្រកាន់ជំហរដដែល»។
មន្ត្រីជាន់ខ្ពស់យោធាថៃ នៅថ្ងៃអង្គារ បានប្រកាសឲ្យដឹងថា ក្រសួងការពារជាតិកម្ពុជា និងថៃ មានគម្រោងកោះប្រជុំគណៈកម្មាធិការព្រំដែនទូទៅនៅកម្ពុជា នៅថ្ងៃទី៨ ខែកញ្ញា ខាងមុខ៕