កម្ពុជា​គាំទ្រ​ទីម័រខាងកើត​ឲ្យ​ចូល​ជា​សមាជិក​អាស៊ាន

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០១១ បាន​សម្ដែង​ការ​គាំទ្រ​សំណើ​របស់​ប្រធានាធិបតី​នៃ​ប្រទេស​ទីម័រខាងកើត (East Timor) គឺ​លោក ជូហ្សេ រ៉ាម៉ូស ហូតា (Jose Ramos Horta) ដែល​ចង់​ឲ្យ​ប្រទេស​របស់​លោក​ក្លាយ​ជា​សមាជិក​ទី​១១ នៃ​អាស៊ាន នៅ​ឆ្នាំ​២០ ១១ ឬ​ឆ្នាំ​២០១២ ខាង​មុខ​នេះ។

0:00 / 0:00

ការ​គាំទ្រ​នេះ គឺ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​ទ្វេ​ភាគី​រវាង​មេដឹកនាំ​ប្រទេស​កម្ពុជា និង​ប្រទេស​ទីម័រខាងកើត នៅ​ឯ​វិមាន​សន្តិភាព នៅ​ក្នុង​ទីក្រុង​ភ្នំពេញ រយៈពេល​ជាង​កន្លះ​ម៉ោង នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​លើក​ដំបូង​មក​ប្រទេស​កម្ពុជា ចាប់​ពី​ថ្ងៃ​ទី​២៩ ខែ​មីនា ដល់​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​២០១១។

មន្ត្រី​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា លោក កុយ គួង បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត​នៅ​ឯ​វិមាន​សន្តិភាព ក្រោយ​ពី​ជំនួប​នោះ​ថា ភាគី​កម្ពុជា ចង់​ឃើញ​ប្រទេស​ទីម័រខាងកើត​នេះ ក្លាយ​ជា​សមាជិក​របស់​អាស៊ាន​ឆាប់ៗ​នេះ។

លោក​មាន​ប្រសាសន៍​បន្ថែម​ដូច្នេះ ៖ «ទស្សនៈ​វិស័យ​សម្ដេច​តេជោ ដែល​កសាង​អគារ​នេះ ក៏​កសាង​ត្រៀម​ទុក​សម្រាប់​ទីម័រខាងកើត​ហ្នឹង​ដែរ។ បើ​សិន​ថា ទីម័រខាងកើត​ចូល​ជា​សមាជិក​អាស៊ាន​នៅ​ឆ្នាំ​២០១១​នេះ ពិត​ប្រាកដ​នោះ គឺ​ថា ទីម័រខាងកើត​នឹង​មាន​វត្តមាន​ចូល​រួម​ប្រជុំ​នៅ​ក្នុង​ប្រទេស​កម្ពុជា នៅ​ឆ្នាំ​២០១២ ខាង​មុខ​នេះ​ហើយ ដូច្នេះ​សម្ដេច​សង្ឃឹម​ថា និង​មាន​វត្តមាន​ប្រទេស​ទីម័រខាងកើត ដែល​ជា​សមាជិក​ទី​១១ នៃ​អាស៊ាន»

លោក​បាន​បន្ត​ទៀត​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ប្រធានាធិបតី​ប្រទេស​ទីម័រខាងកើត លោក ជូហ្សេ រ៉ាម៉ូស ហូតា បាន​ឯកភាព​គ្នា​ថា នឹង​បង្កើន​ទំនាក់ទំនង​លើ​វិស័យ​ពាណិជ្ជកម្ម និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ។ កម្ពុជា​មាន​ផែនការ​នាំ​ចេញ​អង្ករ​ទៅ​ទីផ្សារ​នៃ​ប្រទេស​ទីម័រខាងកើត នៅ​ពេល​ខាង​មុខ។

សមាជិក​អាស៊ាន​នៅ​ពេល​បច្ចុប្បន្ន​នេះ គឺ​មាន​ចំនួន ១០ នៅ​ក្នុង​នោះ​មាន​ប្រទេស​កម្ពុជា (Cambodia) ថៃ (Thailand) វៀតណាម (Vietnam) លាវ (Lao) ឥណ្ឌូណេស៊ី (Indonesia) ហ្វីលីពីន (Philippine) សិង្ហបុរី (Singapore) ភូមា (Burma) ប្រ៊ុយណេ (Brunei) និង​ប្រទេស​ម៉ាទ្បេស៊ី (Malaysia)។

តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី លោក សុន ឆ័យ បាន​មាន​ប្រសាសន៍​ថា គណបក្ស សម រង្ស៊ី គាំទ្រ​ផង​ដែរ ៖ «ធ្វើ​ដូច​សហគមន៍​អឺរ៉ុប ក្នុង​ការ​ជំរុញ​ឲ្យ​ប្រទេស​ដែល​មក​ជា​សមាជិក​នោះ​បំពេញ​លក្ខណៈ​សម្បត្តិ​ជា​មូលដ្ឋាន​របស់​អាស៊ាន​ហ្នឹង​ជា​មុន មុន​នឹង​អនុញ្ញាត​ឲ្យ​ចូល​ជា​សមាជិក​នោះ»

ប្រទេស​ទីម័រខាងកើត​ដែល​ចង់​ក្លាយ​ជា​សមាជិក​ទី​១១ នៃ​អាស៊ាន​នោះ ពុំ​មាន​ស្ថានទូត​នៅ​ក្នុង​ប្រទេស​កម្ពុជា នៅ​ឡើយ​ទេ។ ប្រទេស​នេះ​មាន​ប្រជាពលរដ្ឋ​ចំនួន​ជាង ១​លាន​នាក់ ហើយ​បាន​ប្រកាស​ជា​រដ្ឋ​ឯករាជ្យ​ពី​ការ​គ្រប់គ្រង​ដោយ​ប្រទេស​ឥណ្ឌូណេស៊ី កាល​ពី​ឆ្នាំ​២០០២ កន្លង​ទៅ គឺ​បាន​ទទួល​ស្គាល់​ដោយ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក កូហ្វី អាណាន់ (Kofi Annan)៕