កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ឲ្យដឹងកាលពីម្សិលមិញថា រដ្ឋមន្រ្តីការបរទេសថៃ លោក នុបផាដុន ផត្តាម៉ា បានអះអាងថា លោកនឹងនាំគណៈប្រតិភូថៃទៅចូលរួម ដើម្បីធ្វើការចរចាទ្វេភាគីជាមួយនឹងមន្រ្តីខ្មែរ នៅថ្ងៃទី២ និងទី៣ ខែឧសភា ខាងមុខនេះ តាមការអញ្ជើញពីអង្គការអប់រំវិទ្យាសាស្រ្ត និងវប្បធម៌ នៃសហប្រជាជាតិ ដែលហៅកាត់ថា យូណេស្កូ (UNESCO) ។
យូណេស្កូចង់ឲ្យភាគីទាំងពីរជជែកពិភាក្សាគ្នាអំពើសំណើរបស់កម្ពុជា ក្នុងការដាក់ប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក ។
គេសង្ឃឹមថា ការមិនចុះសម្រុងគ្នារវាងប្រទេសទាំងពីរជុំវិញដែនសីមានៃប្រាសាទព្រះវិហារ នឹងត្រូវបានដោះស្រាយមុនពេលគណៈកម្មាធិការមរតកពិភពលោក ជួបប្រជុំគ្នានៅថ្ងៃទី៤ ខែកក្កដា ខាងមុខនេះ ។
តុលាការអន្តរជាតិ អាយស៊ីជេ (ICJ) កាលពីថ្ងៃទី១៥ មិថុនា ឆ្នាំ១៩៦២ បានសម្រេចថាប្រាសាទព្រះវិហារជាកម្មសិទ្ធិរបស់ប្រទេសកម្ពុជា ៕
