កងទ័ព​ខ្មែរ-​ថៃ​​ប្រយុទ្ធ​គ្នា​នៅ​តំបន់​ព្រះវិហារ

ទាហាន​ដែល​កំពុង​ប្រចាំ​ការពារ​ព្រំដែន​ខ្មែរ បាន​ឲ្យ​ដឹង​ថា កងទ័ព​​ខ្មែរ និង​ថៃ បាន​ប៉ះ​ទង្គិច​គ្នា​ដោយ​អាវុធ​ជា​ថ្មី កាល​ពី​ល្ងាច​ថ្ងៃ​សុក្រ ទី​៤ ខែ​កុម្ភៈ​នេះ បន្ទាប់​ពី​ការ​ប្រឈម​មុខ​ដាក់​គ្នា​ដ៏​តានតឹង​ដោយ​អាវុធ​ជាង ១​សប្ដាហ៍​មក​ហើយ។

0:00 / 0:00

ទាហាន​មួយ​រូប​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា ការ​ផ្ទុះ​អាវុធ​បាន​ចាប់​ផ្ដើម​ឡើង​កាល​ពី​វេលា​ម៉ោង​ជាង ៣​រសៀល​ថ្ងៃ​សុក្រ​នេះ។ ការ​ផ្ទុះ​អាវុធ​នោះ​កើត​ចេញ​​បន្ទាប់​ពី​កង​ទាហាន​ថៃ មួយ​ក្រុម បាន​ព្យាយាម​ជម្រុល​ចូល​មក​តំបន់​សម្បុក​ឃ្មុំ ដែល​កងទ័ព​ខ្មែរ​ព្យាយាម​ហាមឃាត់​តាំង​តែ​ពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ៖ «១០​នាទី​ហើយ។ បង​ឯង​ឮ​អត់? ខ្ញុំ​ស្ដាប់​អី​អត់​ឮ​ទេ»

ទាហាន​ខ្មែរ​ម្នាក់​ទៀត​បាន​ឲ្យ​ដឹង​ថា ការ​ផ្ទុះ​អាវុធ​បាន​ចាប់​ផ្ដើម​ដំបូង​ពី​តំបន់​សម្បុក​ឃ្មុំ​ភាគ​ខាង​ជើង​ឆៀង​ខាង​លិច ចម្ងាយ​ប្រមាណ ៣០០​ម៉ែត្រ​ពី​មុខ​ប្រាសាទ​ព្រះវិហារ បន្ទាប់​មក​បាន​រាលដាល​ទៅ​ជិត​តំបន់​បន្ទាយ​ក្រហម​របស់​ថៃ និង​បន្ត​ទៅ​កាន់​តំបន់​វាល​ឥន្ទ្រី និង​ភ្នំ​ទ្រព្យ ៖ «ពួក​ខ្ញុំ​កំពុង​ត្រៀម។ ផ្ទុះ​ទល់​មុខ​ប្រាសាទ​នោះ​បង វាល​ឥន្ទ្រី ហើយ​ភ្នំទ្រព្យ នៅ​ទល់​មុខ​គ្នា​អត់​ទាន់​មាន​អ្វី​នៅ​ឡើយ​ទេ»

មាន​សេចក្ដីរាយការណ៍​ថា ការ​ប៉ះ​ទង្គិច​គ្នា​នេះ​មាន​រយៈ​ពេល​ជាង ១​ម៉ោង​មក​ហើយ រហូត​មក​ដល់​ម៉ោង​ជាង ៤​រសៀល គេ​នៅ​តែ​ឮ​សំឡេង​គ្រាប់​កាំភ្លើង​បាញ់​ត​គ្នា​នៅ​ឡើយ ហើយ​កាល​ពី​ម៉ោង ៤ និង ២៨​នាទី​ល្ងាច មាន​សេចក្ដី​រាយការណ៍​ថា ទាហាន​ថៃ បាន​ផ្លោង​កាំភ្លើង​ធំ​ចូល​ទី​វត្ត​ខ្មែរ​កែវសិក្ខាគិរីស្វារៈ។

កង​ទាហាន​ខ្មែរ​បាន​ឲ្យ​ដឹង​ថា ផ្ទះ​របស់​កង​ទាហាន​ខ្មែរ​មួយ​ចំនួន​នៅ​លើ​ភ្នំ​ប្រាសាទ​ព្រះវិហារ បាន​ឆេះ​ខូចខាត​​ដោយសារ​រង​គ្រាប់​កាំភ្លើង ហើយ​ទាហាន​ខ្មែរ​បាន​ចាប់​ខ្លួន​ទាហាន​ថៃ​ចំនួន ៤​នាក់ ប៉ុន្តែ​ទោះ​យ៉ាង​ណា​មិន​ទាន់​មាន​សេចក្ដីរាយការណ៍​អំពី​ចំនួន​អ្នក​ស្លាប់ និង​រង​របួស​ដោយសារ​ការ​ប៉ះ​ប្រយុទ្ធ​គ្នា​នោះ​នៅ​ឡើយ​ទេ។

ការ​ប៉ះ​ទង្គិច​គ្នា​រវាង​ទាហាន​ខ្មែរ-​ថៃ នៅ​ជុំវិញ​តំបន់​ប្រាសាទ​ព្រះវិហារ​នេះ បាន​កើត​ឡើង​នៅ​ក្រោយ​ពេល​ប្រមាណ ៥​ម៉ោង បន្ទាប់​ពី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ខ្មែរ-​ថៃ បាន​បញ្ចប់​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ សហប្រតិបត្តិការ​ទ្វេ​ភាគី​កម្ពុជា-​ថៃ លើក​ទី​៧ នៅ​ឯ​ខេត្ត​សៀមរាប។

លោក កាស៊ីត ភិរម្យ (Kasit Piromya) រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ថៃ បាន​ថ្លែង​អះអាង​បន្ទាប់​ពី​ចប់​កិច្ច​ប្រជុំ​​នោះ​ថា ទោះ​យ៉ាង​ណា​ប្រទេស​ថៃ បាន​ព្យាយាម​មិន​ឲ្យ​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ដោយ​អាវុធ​ទេ នៅ​ពេល​ដែល​កងទ័ព​ខ្មែរ និង​ថៃ កំពុង​ប្រឈម​មុខ​ដាក់​គ្នា​យ៉ាង​តានតឹង​នោះ ៖ "ពេល​ឥឡូវ​ហ្នឹង​យើង​ជជែក​គ្នា​ហើយ គឺ​ចង់​ធ្វើ​ឲ្យ​គ្រប់​យ៉ាង​បាន​ស្ងប់ស្ងៀម។ ធ្វើ​អ្វីៗ​គឺ​ឲ្យ​ស្ងប់ ហើយ​ថៃ​គោរព​ទៅ​តាម​គោលការណ៍​សំខាន់ និង​មិន​ធ្វើ​អ្វី​ឲ្យ​ហេតុការណ៍​អាក្រក់​កើត​ឡើង​ទេ"