ទាហានមួយរូបដែលសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ការផ្ទុះអាវុធបានចាប់ផ្ដើមឡើងកាលពីវេលាម៉ោងជាង ៣រសៀលថ្ងៃសុក្រនេះ។ ការផ្ទុះអាវុធនោះកើតចេញបន្ទាប់ពីកងទាហានថៃ មួយក្រុម បានព្យាយាមជម្រុលចូលមកតំបន់សម្បុកឃ្មុំ ដែលកងទ័ពខ្មែរព្យាយាមហាមឃាត់តាំងតែពីល្ងាចថ្ងៃព្រហស្បតិ៍ ៖ «១០នាទីហើយ។ បងឯងឮអត់? ខ្ញុំស្ដាប់អីអត់ឮទេ»។
ទាហានខ្មែរម្នាក់ទៀតបានឲ្យដឹងថា ការផ្ទុះអាវុធបានចាប់ផ្ដើមដំបូងពីតំបន់សម្បុកឃ្មុំភាគខាងជើងឆៀងខាងលិច ចម្ងាយប្រមាណ ៣០០ម៉ែត្រពីមុខប្រាសាទព្រះវិហារ បន្ទាប់មកបានរាលដាលទៅជិតតំបន់បន្ទាយក្រហមរបស់ថៃ និងបន្តទៅកាន់តំបន់វាលឥន្ទ្រី និងភ្នំទ្រព្យ ៖ «ពួកខ្ញុំកំពុងត្រៀម។ ផ្ទុះទល់មុខប្រាសាទនោះបង វាលឥន្ទ្រី ហើយភ្នំទ្រព្យ នៅទល់មុខគ្នាអត់ទាន់មានអ្វីនៅឡើយទេ»។
មានសេចក្ដីរាយការណ៍ថា ការប៉ះទង្គិចគ្នានេះមានរយៈពេលជាង ១ម៉ោងមកហើយ រហូតមកដល់ម៉ោងជាង ៤រសៀល គេនៅតែឮសំឡេងគ្រាប់កាំភ្លើងបាញ់តគ្នានៅឡើយ ហើយកាលពីម៉ោង ៤ និង ២៨នាទីល្ងាច មានសេចក្ដីរាយការណ៍ថា ទាហានថៃ បានផ្លោងកាំភ្លើងធំចូលទីវត្តខ្មែរកែវសិក្ខាគិរីស្វារៈ។
កងទាហានខ្មែរបានឲ្យដឹងថា ផ្ទះរបស់កងទាហានខ្មែរមួយចំនួននៅលើភ្នំប្រាសាទព្រះវិហារ បានឆេះខូចខាតដោយសាររងគ្រាប់កាំភ្លើង ហើយទាហានខ្មែរបានចាប់ខ្លួនទាហានថៃចំនួន ៤នាក់ ប៉ុន្តែទោះយ៉ាងណាមិនទាន់មានសេចក្ដីរាយការណ៍អំពីចំនួនអ្នកស្លាប់ និងរងរបួសដោយសារការប៉ះប្រយុទ្ធគ្នានោះនៅឡើយទេ។
ការប៉ះទង្គិចគ្នារវាងទាហានខ្មែរ-ថៃ នៅជុំវិញតំបន់ប្រាសាទព្រះវិហារនេះ បានកើតឡើងនៅក្រោយពេលប្រមាណ ៥ម៉ោង បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងការបរទេសខ្មែរ-ថៃ បានបញ្ចប់កិច្ចប្រជុំគណៈកម្មការចម្រុះ សហប្រតិបត្តិការទ្វេភាគីកម្ពុជា-ថៃ លើកទី៧ នៅឯខេត្តសៀមរាប។
លោក កាស៊ីត ភិរម្យ (Kasit Piromya) រដ្ឋមន្ត្រីក្រសួងការបរទេសថៃ បានថ្លែងអះអាងបន្ទាប់ពីចប់កិច្ចប្រជុំនោះថា ទោះយ៉ាងណាប្រទេសថៃ បានព្យាយាមមិនឲ្យមានការប៉ះទង្គិចគ្នាដោយអាវុធទេ នៅពេលដែលកងទ័ពខ្មែរ និងថៃ កំពុងប្រឈមមុខដាក់គ្នាយ៉ាងតានតឹងនោះ ៖ "ពេលឥឡូវហ្នឹងយើងជជែកគ្នាហើយ គឺចង់ធ្វើឲ្យគ្រប់យ៉ាងបានស្ងប់ស្ងៀម។ ធ្វើអ្វីៗគឺឲ្យស្ងប់ ហើយថៃគោរពទៅតាមគោលការណ៍សំខាន់ និងមិនធ្វើអ្វីឲ្យហេតុការណ៍អាក្រក់កើតឡើងទេ"៕
