មន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៃប្រទេសកម្ពុជា បានឱ្យដឹងថា ក្រុមអន្តរក្រសួងនៃរាជរដ្ឋាភិបាលនឹងចាប់ផ្ដើមបន្តធ្វើលិខិតសំគាល់អត្តសញ្ញាណពលករខ្មែរជាច្រើនម៉ឺននាក់ ដែលបានឆ្លងដែនខុសច្បាប់ទៅធ្វើការនៅប្រទេសថៃ ដោយផ្ដល់លិខិតសំគាល់ខ្លួនឱ្យពួកគេ ដើម្បីឱ្យក្លាយទៅជាពលករស្របច្បាប់ និងបានបន្តធ្វើការនៅក្នុងប្រទេសថៃ តទៅទៀត ចាប់ពីខែចុងខែកុម្ភៈ ឆ្នាំ២០១២។
ការចាប់ផ្ដើមធ្វើលិខិតសំគាល់អត្តសញ្ញាណពលករខ្មែរបន្ត គឺនៅស្របពេលដែលប្រទេសថៃ បានស្នើសុំឱ្យកម្ពុជា ពន្លឿនការងារនេះឱ្យបានឆាប់រហ័ស ដោយថា មានពលករខ្មែរប្រមាណជាង ២១ម៉ឺននាក់ កំពុងត្រូវការបំពេញបែបបទផ្លូវច្បាប់ឱ្យបានត្រឹមត្រូវ។
លោក សេង សក្តា ជាអគ្គនាយកនៃអគ្គនាយកដ្ឋានការងាររបស់ក្រសួងការងារនៃប្រទេសកម្ពុជា។ លោកបានមានប្រសាសន៍កាលពីល្ងាចថ្ងៃពុធ ទី២៥ ខែមករា ថា ក្រុមការងារអន្តរក្រសួងនឹងបន្តធ្វើលិខិតសំគាល់ខ្លួនដែលភាសាអង់គ្លេសហៅកាត់ថា ស៊ី អាយ (CI) ទៅឱ្យពលករកម្ពុជា ដែលបានឆ្លងដែនទៅធ្វើការខុសច្បាប់ក្នុងប្រទេសថៃ ប្រមាណជាង ២១ម៉ឺន៤ពាន់នាក់ ចាប់ពីថ្ងៃទី២៥ ខែកុម្ភៈ តទៅឱ្យបានត្រឹមត្រូវតាមច្បាប់យ៉ាងឆាប់បំផុត។
លោក សេង សក្តា៖ «ទី២ គឺយើងបាននិយាយគ្នាអំពីការទៅធ្វើការព្រឹកវិលល្ងាច និងតាមរដូវតាមព្រំដែនកម្ពុជា-ថៃហ្នឹង យើងបានសម្រេចទៅលើសៀវភៅ (Working pass)។ ភាគីទាំងពីរបានព្រមព្រៀងថា ដាក់ជូនទៅថ្នាក់ដឹកនាំនៃប្រទេសទាំងពីរពិនិត្យមើលចុងក្រោយ ហើយស្នើសុំគោលការណ៍ពីរាជរដ្ឋាភិបាលនៃប្រទេសទាំង២ ដើម្បីធ្វើការអនុវត្ត។ អ៊ីចឹងសៀវភៅហ្នឹងមានន័យថា ពលករយើងអាចកាន់ចេញ-ចូលទៅធ្វើការនៅថៃ ព្រឹកវិលល្ងាច និងតាមរដូវ»។
មន្ត្រីក្រសួងការងារនៃប្រទេសកម្ពុជា បានឱ្យដឹងថា ចាប់តាំងពីអំឡុងខែមីនា ឆ្នាំ២០០៥ រហូតដល់ខែធ្នូ ឆ្នាំ២០១១ គឺក្រុមអន្តរក្រសួងបានចុះធ្វើលិខិតសំគាល់អត្តសញ្ញាណកម្មករខ្មែរដែលឆ្លងដែនទៅធ្វើការខុសច្បាប់ក្នុងប្រទេសថៃ បានចំនួនជាង ៩ម៉ឺន៤ពាន់នាក់។
ចំណែកក្រសួងការងាររបស់ប្រទេសថៃ បានអះអាងថា ពេលបច្ចុប្បន្នគេបានរកឃើញកម្មករខ្មែរ កំពុងធ្វើការនៅក្នុងប្រទេសថៃ ចំនួនជាង ២៥ម៉ឺននាក់ ដែលក្នុងចំណោមនោះគឺកម្មករប្រមាណជាង ២១ម៉ឺននាក់ កំពុងស្នើសុំការអនុញ្ញាតពីក្រសួងមហាផ្ទៃថៃ ដើម្បីឱ្យបានធ្វើការងារស្របច្បាប់ ក៏ប៉ុន្តែកម្មករខ្មែរចំនួនជាង ៣ម៉ឺននាក់ផ្សេងទៀត នៅមិនបានសុំការអនុញ្ញាតនោះនៅឡើយទេ។
លោក ប្រាវីត ឃាងភូល (Pravit Khiengpol) ជាអគ្គនាយកនៃអគ្គនាយកដ្ឋានការងាររបស់ក្រសួងការងារប្រទេសថៃ។ លោកបានមានប្រសាសន៍ថា កាលពីអំឡុងខែមេសា ឆ្នាំ២០១១ គណៈរដ្ឋមន្ត្រីថៃ បានចេញបញ្ញត្តិយ៉ាងតឹងតែងចំនួន ៣ចំណុច ដើម្បីទប់ស្កាត់ពលករខុសច្បាប់ដែលចូលទៅធ្វើការនៅប្រទេសថៃ។
លោក ប្រាវីត ឃាងភូល៖ «ទី១ តម្រូវឱ្យពលករដែលចូលប្រទេសថៃ ខុសច្បាប់ ដូចជាពលករកម្ពុជា ភូមា និងឡាវ ត្រូវទៅបង្ហាញខ្លួនជាមួយមន្ត្រីក្រសួងមហាផ្ទៃ។ ចំណុចទី២ ចំពោះពលករណា ដែលមិនទៅបង្ហាញខ្លួននៅក្រសួងមហាផ្ទៃ ឬក៏ទៅបង្ហាញខ្លួនហើយ តែមិនមានការសុំអនុញ្ញាតធ្វើការងារនៅប្រទេសថៃនោះ គឺជាការខុសច្បាប់របស់ប្រទេសថៃ។ យើងនឹងជំរុញឱ្យមានការបញ្ជូនត្រឡប់ទៅប្រទេសដើមរបស់គេវិញ»។
លោក អានុសន ក្រៃវ៉ាត់នុសន (Anusorn Kraiwatnussorn) ជាអនុរដ្ឋមន្ត្រីក្រសួងការងាររបស់ថៃ បានស្នើសុំឱ្យមន្ត្រីក្រសួងការងារនៃប្រទេសកម្ពុជា ជួយធ្វើការផ្សព្វផ្សាយដល់ពលករខ្មែរអំពីច្បាប់ របស់ប្រទេសថៃ ដើម្បីឱ្យពលករខ្មែរបានចូលទៅធ្វើការក្នុងប្រទេសថៃ បានសមស្របតាមច្បាប់៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។
