រដ្ឋមន្ត្រី​ខ្មែរ​គំរាម​បណ្ដេញ​មន្ត្រី​សិទ្ធិ​មនុស្ស​អ.ស.ប.​ចេញ​ពី​កម្ពុជា

លោក ហោ ណាំហុង ឧប​នាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស បាន​គំរាម​បណ្ដេញ​តំណាង​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា លោក គ្រីស្តូហ្វ ពីស៊ូ (Christophe Peschoux) ចេញ​ពី​កម្ពុជា ប្រសិន​បើ​លោក​នៅតែ​បន្ត​ជ្រៀត​ជ្រែក​ចូល​កិច្ចការ និង​អធិបតេយ្យ​របស់​កម្ពុជា។

ការ​ព្រមាន​របស់​លោក ហោ ណាំហុង ធ្វើ​ឡើង​បន្ទាប់​លោក គ្រីស្តូហ្វ ពីស៊ូ បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​ចាប់​បញ្ជូន​ជន​សង្ស័យ​ភេរវជន​ថៃ​ចំនួន ២​នាក់ កាល​ពី​ថ្ងៃ​ទី​៥ កក្កដា ថា ការ​ចាប់​បញ្ជូន​នេះ​មិន​បាន​គោរព​ទៅ​តាម​បែបបទ​ច្បាប់ ដើម្បី​ធានា​ការ​ការពារ​សិទ្ធិ​មនុស្ស​របស់​ជនជាតិ​ថៃ។

កម្ពុជា​បាន​បញ្ជូន​ជនជាតិ​ថៃ​ទាំង ២​នាក់​ទៅ​ប្រទេស​ថៃ​វិញ បន្ទាប់​ពី​សមត្ថកិច្ច​កម្ពុជា​ឃាត់​ខ្លួន​អ្នក​ទាំង ២ ដែល​បាន​រត់​គេច​ខ្លួន​មក​កាន់​ខេត្ត​សៀមរាប ក្រោយ​ពេល​ពួក​គេ​បាន​វាយ​ប្រហារ​គ្រាប់បែក​ទៅ​លើ​ទីស្នាក់ការ​គណបក្ស ផុំចៃថៃ (Bhumjaithai)។

លោក ហោ ណាំហុង បាន​សរសេរ​ទៅ​កាន់​លោក គ្រីស្តូហ្វ ពីស៊ូ កាល​ពី​ថ្ងៃ​ទី​៨ កក្កដា ថា ប្រសិន​បើ​មាន​សកម្មភាព​បែប​នេះ នៅ​ពេល​អនាគត​នឹង​នាំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ធ្វើ​ការ​សម្រេច​ចំពោះ​វត្តមាន​របស់​លោក គ្រីស្តូហ្វ ពីស៊ូ នៅ​កម្ពុជា។ លោក ហោ ណាំហុង បន្ត​ថា លោក​តំណាង​ការិយាល័យ​ ឧត្ដម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ គួរ​តែ​សម្រេច​នូវ​សកម្មភាព​នៃ​កិច្ច​សហប្រតិបត្តិ​បច្ចេកទេស ដូច​ដែល​ចែង​នៅ​ក្នុង​អនុស្សរណៈ​ដែល​ត្រូវ​បាន​ចុះ​ហត្ថលេខា​កាល​ពី​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០១០ ហើយ​បញ្ឈប់​ការ​ជ្រៀត​ជ្រែក​ចូល​កិច្ចការ​ដែល​ទាក់ទង​នឹង​អធិបតេយ្យ​កម្ពុជា។

អ្នក​នាំ​ពាក្យ​របស់​ក្រសួង​ការ​បរទេស លោក កុយ គួង មាន​ប្រសាសន៍​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ការ​បញ្ជូន ឬ​មិន​បញ្ជូន​ត្រឡប់​ទៅ​វិញ​នូវ​ជន​សង្ស័យ​ពី​បទ​ភេរវកម្ម គឺ​ជា​សិទ្ធិ​ផ្ដាច់​មុខ​នៃ​អធិបតេយ្យ​កម្ពុជា។

លោក គ្រីស្តូហ្វ ពីស៊ូ បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ចំពោះ​សេចក្ដី​ថ្លែងការណ៍​របស់​ក្រសួង​ការ​បរទេស​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ទេ។

អ្នក​នាំ​ពាក្យ​របស់​គណបក្ស​ប្រឆាំង លោក យឹម សុវណ្ណ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ដែរ​ថា រដ្ឋាភិបាល​មិន​គួរ​ដាក់​គំនាប​ទៅ​លើ​មន្ត្រី​អង្គការ​សហប្រជាជាតិ ក្នុង​ការ​បញ្ចេញ​មតិ​របស់​ពួក​គេ ពីព្រោះ​អង្គការ​សហប្រជាជាតិ​បាន​ជួយ​ប្រទេស​កម្ពុជា​ជា​ច្រើន ហើយ​ប្រទេស​កម្ពុជា​នៅតែ​ត្រូវការ​អង្គការ​សហប្រជាជាតិ ដើម្បី​អភិវឌ្ឍ​ប្រទេស​ជាតិ។

លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា កាល​ពី​ថ្ងៃ​ទី​២១ មិថុនា បាន​សម្ដែង​នូវ​ការ​មិន​សប្បាយ​ចិត្ត​ចំពោះ​លោក ស៊ូយ៉ា ស៊ូប៊ែឌី អ្នក​រាយ​ការណ៍​ពិសេស​អំពី​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​របស់​អង្គការ​សហប្រជាជាតិ ដោយ​លោក ស៊ូយ៉ា ស៊ូប៊ែឌី ប្រើ​ពាក្យ​ថា លោក​ខក​ចិត្ត​ដោយ​មិន​បាន​ជួប​លោក ហ៊ុន សែន ក្នុង​ដំណើរ​បេសកកម្ម​របស់​គាត់។ លោក ហ៊ុន សែន ថា អ្នក​រាយការណ៍​ពិសេស​រូប​នេះ​មិន​គោរព​សិទ្ធិ​ម្ចាស់​ផ្ទះ និង​ប្រមាថ​ដល់​មេ​ដឹកនាំ​កម្ពុជា៕