រដ្ឋាភិបាល​គ្រោង​បញ្ជូន​ជន​ជាតិ​ចិន​តៃវ៉ាន់​៤៩​នាក់​ទៅ​ចិន​វិញ

ក្រសួង​មហាផ្ទៃ​កម្ពុជា កំពុង​តែ​រៀបចំ​វិធានការ​បន្ទាន់​មួយ ដើម្បី​បណ្ដេញ​ក្រុម​ជនជាតិ​ចិន​តៃវ៉ាន់ ចំនួន ៤៩​នាក់ ពី​បទ​សង្ស័យ​ថា ជា​ឧក្រិដ្ឋជន ចេញ​ពី​ប្រទេស​កម្ពុជា នៅ​ពេល​ឆាប់ៗ​នេះ ឆ្ពោះ​ទៅ​កាន់​ប្រទេស​ចិន​ដី​គោក តាម​យន្តហោះ​ពិសេស គឺ​មិន​បញ្ជូន​ទៅ​កោះ​តៃវ៉ាន់ វិញ​ទេ។

0:00 / 0:00

មូលហេតុ​ដែល​ក្រសួង​មហាផ្ទៃ មិន​បញ្ជូន​ជនជាតិ​ចិន​តៃវ៉ាន់​ទាំង​នោះ​ទៅ​កោះ​តៃវ៉ាន់ គឺ​ដោយសារ​តែ​រដ្ឋាភិបាល​កម្ពុជា រក្សា​គោល​នយោបាយ​ចិន​តែ​មួយ ឬ​ទទួល​ស្គាល់​ចិន​តែមួយ។

មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​មហាផ្ទៃ បាន​បញ្ជាក់​ថា រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង និង​ជា​ឧបនាយករដ្ឋមន្រ្តី គ្រោង​ចេញ​សេចក្ដី​ប្រកាស​ជា​ផ្លូវការ​មួយ​នៅ​ពេល​ឆាប់ៗ​នេះ ដើម្បី​បណ្ដេញ​ជនជាតិ​ចិន​តៃវ៉ាន់​ទាំង​នោះ និង​ដាក់​ឈ្មោះ​អ្នក​ទាំង​នោះ​នៅ​ក្នុង​បញ្ជី​ខ្មៅ​របស់​ក្រសួង​មហាផ្ទៃ ហាម​ឃាត់​មិន​ឲ្យ​ចូល​មក​ប្រទេស​កម្ពុជា ជា​ថ្មី​ទៀត​ឡើយ នៅ​ថ្ងៃ​អនាគត។

សេចក្ដី​ប្រកាស​នេះ​នឹង​ធ្វើ​ឡើង​បន្ទាប់​ពី​នគរបាល​ជាតិ​កម្ពុជា បាន​ឆ្មក់​បង្ក្រាប និង​ចាប់​ខ្លួន​ជនជាតិ​ចិន​តៃវ៉ាន់ ចំនួន ៤៩​នាក់​នោះ នៅ​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១២ កន្លង​ទៅ​នេះ នៅ​ក្នុង​ខណ្ឌ​ចំនួន ៣ នៅ​រាជធានី​ភ្នំពេញ ក្រោម​បទ​ចោទ​ថា បាន​ចូល​ក្នុង​ប្រទេស​កម្ពុជា ខុស​ច្បាប់ និង​បទ​ជំរិត​ទារ​ប្រាក់​ជនជាតិ​ចិន​តៃវ៉ាន់​គ្នា​ឯង នៅ​កោះ​តៃវ៉ាន់ តាម​ប្រព័ន្ធ​អ៊ីនធឺណិត (Internet) ពី​ប្រទេស​កម្ពុជា។ វិធានការ​បណ្ដេញ​ចេញ​នោះ គឺ​អនុវត្ត​តាម​ច្បាប់​ស្ដីពី​ជនអន្តោប្រវេសន៍​នៃ​ប្រទេស​កម្ពុជា។

អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​កម្ពុជា លោក​ឧត្ដមសេនីយ៍​ឯក ខៀវ សុភ័គ បាន​មាន​ប្រសាសន៍​ថា សមត្ថកិច្ច​កម្ពុជា កំពុង​ស្វែង​រក​ចាប់​ខ្លួន​បណ្ដាញ​ឧក្រិដ្ឋជន​ដទៃ​ទៀត។

លោក​បាន​ហៅ​ការ​ឆ្មក់ និង​ចាប់​ខ្លួន​ថ្មីៗ​នេះ គឺ​ជា​ការ​ជោគជ័យ​ដ៏​ធំ​មួយ​របស់​នគរបាល​ជាតិ​កម្ពុជា៖ «ចង់​និយាយ​ថា កម្ពុជា​មិន​មែន​ជា​ឋានសួគ៌​សំរាប់​ពួក​ម៉ាហ្វីយ៉ា (ក្រុម​ឧក្រិដ្ឋជន Mafia) សំរាប់​ធ្វើ​សកម្មភាព​ទេ។ សមត្ថកិច្ច​កម្ពុជា ក៏​មាន​សមត្ថភាព​ដូច​សមត្ថកិច្ច​របស់​ប្រទេស​ដទៃ​ដែរ។ យើង​បាន​សហការ​គ្នា​ហើយ​ធ្វើការ​បំផ្លាញ​ពួក​ម៉ាហ្វីយ៉ា»

វត្ថុ​តាង​នានា​ដែល​នគរបាល​ជាតិ​កម្ពុជា បាន​រឹប​អូស​បាន មាន​ដូច​ជា​បណ្ដាញ​ទាក់ទង ម៉ាស៊ីន​កុំព្យូទ័រ ទូរស័ព្ទ​ដៃ និង​សម្ភារៈ​មួយ​ចំនួន​ទៀត។

ប្រធាន​នាយកដ្ឋាន​អន្តោប្រវេសន៍​របស់​ក្រសួង​មហាផ្ទៃ ស្ថិត​នៅ​ខាង​មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ លោក ពិន ពិសេន សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ទេ​ជុំវិញ​សំណុំ​រឿង​នេះ នៅ​ពេល​ដែល​វិទ្យុ​អាស៊ីសេរី បាន​សាកសួរ​អំពី​ការ​បណ្ដេញ​ជនជាតិ​ចិន​តៃវ៉ាន់​ទាំង​នោះ ប៉ុន្តែ​មន្ត្រី​សន្តិសុខ​បាន​បញ្ជាក់​ថា ជនជាតិ​ចិន​តៃវ៉ាន់​ទាំង​នោះ​កំពុង​តែ​ជាប់​ឃុំ​ខ្លួន​នៅ​ក្នុង​នាយកដ្ឋាន​នេះ រង់ចាំ​ការ​បណ្ដេញ​ចេញ។

គេ​បាន​កត់​សំគាល់​ថា ការ​បង្ក្រាប និង​ចាប់​ខ្លួន​ជន​ជាតិ​ចិន​តៃវ៉ាន់​នៅ​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ គឺ​ការ​បង្ក្រាប​ទ្រង់ទ្រាយ​ធំ​លើក​ទី​២​ហើយ ក្រោយ​ពី​នគរបាល​ជាតិ​កម្ពុជា បាន​ឆ្មក់​បង្ក្រាប​លើក​ដំបូង​ព្រមៗ​គ្នា នៅ​ខែ​មិថុនា ឆ្នាំ​២០១១ កន្លង​ទៅ​នេះ នៅ​រាជធានី​ភ្នំពេញ នៅ​ខេត្ត​ព្រះសីហនុ និង​នៅ​ខេត្ត​ស្វាយរៀង ដោយ​សហការ​ជាមួយ​នគរបាល​នៃ​ក្រសួង​សន្តិសុខ​ប្រទេស​ចិន។

ជា​លទ្ធផល​នគរបាល​ជាតិ​កម្ពុជា និង​នគរបាល​ក្រសួង​សន្តិសុខ​ប្រទេស​ចិន​នោះ បាន​ចាប់​ខ្លួន​ជន​ជាតិ​ចិន​ដី​គោក និង​ជន​ជាតិ​ចិន​តៃវ៉ាន់ សរុប​ចំនួន ១៨៧​នាក់ ក្រោម​បទ​ជំរិត​ទារ​ប្រាក់​ឆ្លង​ដែន និង​បាន​បញ្ជូន​ទៅ​ប្រទេស​ចិន​វិញ​នៅ​ពេល​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។