រដ្ឋាភិបាល​ត្រៀម​បណ្ដេញ​មហាសេដ្ឋី​ជនជាតិ​រុស្ស៊ី​ចេញ​ពី​កម្ពុជា

ក្រសួង​មហាផ្ទៃ​កម្ពុជា កំពុង​តែ​ឃុំ​ខ្លួន​មហា​សេដ្ឋី​ជនជាតិ​រុស្ស៊ី​ម្នាក់ ឈ្មោះ អាឡិច សិនដឺ ត្រូហ្វីម៉ូវ (Alexander Trofimov) ដើម្បី​បណ្ដេញ​ចេញ​ពី​កម្ពុជា នៅ​ពេល​ឆាប់ៗ​នេះ​ទៅ​កាន់​ប្រទេស​រុស្ស៊ី​វិញ។

0:00 / 0:00

ក្រសួង​មហាផ្ទៃ​កម្ពុជា កំពុង​តែ​រង់ចាំ​ចំលើយ ឬ​ឯកសារ​ធ្វើ​ដំណើរ​ពី​ស្ថានទូត​រុស្ស៊ី នៅ​ប្រទេស​កម្ពុជា ចំពោះ​ការ​បណ្ដេញ​លោក អាឡិច សិនដឺ ត្រូហ្វីម៉ូវ ក្រោម​បទ​ប្រព្រឹត្ត​អនាចារ រួម​ភេទ​ជាមួយ​កុមារី​កម្ពុជា ក្រោម​អាយុ ១៨​ឆ្នាំ។

សមត្ថកិច្ច​កម្ពុជា បាន​ចាប់​ខ្លួន​លោក អាឡិច សិនដឺ ត្រូហ្វីម៉ូវ ជា​ថ្មី​ទៀត​នៅ​ថ្ងៃ​ច័ន្ទ ទី​៤ មិថុនា ដើម​សប្ដាហ៍​នេះ នៅ​ស្រុក​ពញាឮ ខេត្ត​កណ្ដាល។

អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​កម្ពុជា លោក​ឧត្ដមសេនីយ៍​ឯក ខៀវ សុភ័គ បាន​មាន​ប្រសាសន៍​ថា ក្រសួង​មហាផ្ទៃ បាន​ដាក់​ឈ្មោះ​លោក អាឡិច សិនដឺ ត្រូហ្វីម៉ូវ ក្នុង​បញ្ជី​ខ្មៅ ហាម​មិន​ឲ្យ​ចូល​មក​កម្ពុជា ជា​ថ្មី​ទៀត​ឡើយ៖ «ឥឡូវ​នេះ​ស្ថិត​នៅ​ក្រោម​ការ​ឃុំ​គ្រង​របស់​សមត្ថកិច្ច​យើង​នៅ​កន្លែង​មន្ទីរ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន ...ដូច្នេះ​យើង​ធ្វើ​ការ​បណ្ដេញ​ចេញ​តាម​សេចក្ដី​ប្រកាស​របស់​ក្រសួង​មហាផ្ទៃ»

មន្ត្រី​នៃ​ស្ថានទូត​រុស្ស៊ី ប្រចាំ​នៅ​ប្រទេស​កម្ពុជា បាន​សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ទេ​នៅ​ពេល​ដែល​វិទ្យុ​អាស៊ីសេរី បាន​ទាក់ទង​តាម​ទូរស័ព្ទ សាកសួរ​អំពី​ការ​បណ្ដេញ​ចេញ​ជនជាតិ​រុស្ស៊ី រូប​នោះ។

អគ្គស្នងការ​រង​នគរបាល​ជាតិ លោក​ឧត្ដមសេនីយ៍​ឯក សុខ ផល បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា មន្ត្រី​នៃ​ស្ថានទូត​រុស្ស៊ី នៅ​ប្រទេស​កម្ពុជា បាន​ចូល​ជួប​ជាមួយ​លោក អាឡិច សិនដឺ ត្រូហ្វីម៉ូវ រួច​ហើយ​នៅ​ក្នុង​មន្ទីរ​ឃុំឃាំង​នៅ​ថ្ងៃ​អង្គារ ទី​៥ មិថុនា ឆ្នាំ​២០១២។

លោក​បន្ត​ថា អាជ្ញាធរ​កំពុង​រង់ចាំ​ស្ថានទូត​រុស្ស៊ី ចេញ​លិខិត​ធ្វើ​ដំណើរ​ឲ្យ​បាន​ឆាប់​ដើម្បី​បណ្ដេញ​ចេញ​ទៅ​ប្រទេស​រុស្ស៊ី​វិញ បើ​មិន​ដូច្នោះ​ទេ នគរបាល​ជាតិ​មាន​ការ​លំបាក​ក្នុង​ការ​ថែរក្សា និង​ការ​ផ្ដល់​ម្ហូប​អាហារ។

ទាក់ទង​នឹង​វិធានការ​ម៉ឺងម៉ាត់​របស់​ក្រសួង​មហា​ផ្ទៃ​នេះ នាយក​នៃ​អង្គការ​សកម្មភាព ដើម្បី​កុមារ​នៅ​ប្រទេស​កម្ពុជា ឬ​ហៅ​ជា​ភាសា​បារាំង​ថា (Action Pour Les Enfants) លោក សំ នាងសិលា បាន​មាន​ប្រសាសន៍​ថា លោក​ពេញ​ចិត្ត​នឹង​វិធានការ​ក្ដៅ​បែប​នេះ៖ «ហើយ​វិធានការ​នេះ​ក៏​នឹង​ធានា​នូវ​សុវត្ថិភាព​យ៉ាង​សំខាន់​ដល់​កុមារ​ដែល​ងាយ​រង​គ្រោះ​នៅ​ក្នុង​កម្ពុជា​ទាំង​អស់។ បើ​សិន​ជា​ជន​នេះ​នៅ​បន្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា យើង​គិត​ថា នឹង​មាន​ជន​រងគ្រោះ​រាប់​រយ​នាក់​ទៀត​ដែល​រង​គ្រោះ​ដោយសារ»

លោក អាឡិច សិនដឺ ត្រូហ្វីម៉ូវ ត្រូវ​បាន​សមត្ថកិច្ច​កម្ពុជា បាន​ចាប់​ខ្លួន​រួច​ម្ដង​ហើយ​នៅ​ឆ្នាំ​២០០៧ ក្រោម​បទ​ប្រព្រឹត្ត​អំពើ​អនាចារ​រួម​ភេទ​ជាមួយ​កុមារី​កម្ពុជា ក្រោម​អាយុ ១៨​ឆ្នាំ ចំនួន​ជាង ២០​នាក់។ ក្រោយ​មក​តុលាការ​ក្រុង​ភ្នំពេញ បាន​កាត់​ទោស​ឲ្យ​ជាប់​គុក ១៧​ឆ្នាំ។

ការ​ចាប់​ខ្លួន​ជា​ថ្មី​ទៀត​នៅ​ថ្ងៃ​ច័ន្ទ ដើម​សប្ដាហ៍​នេះ គឺ​ក្រោយ​ពី​ព្រះមហាក្សត្រ​ខ្មែរ ព្រះ​បរមនាថ នរោត្តម សីហមុនី បាន​ប្រទាន​ការ​លើក​លែង​ទោស​កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១១ កន្លង​ទៅ​នេះ តាម​សំណើ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

លោក អាឡិច សិនដឺ ត្រូហ្វីម៉ូវ គឺ​ជា​មហាសេដ្ឋី​ជនជាតិ​រុស្ស៊ី ដែល​មក​វិនិយោគទុន​ទឹក​ប្រាក់ ៣០០​លាន​ដុល្លារ​អាមេរិក​នៅ​កោះ​ពស់ ខេត្ត​ព្រះសីហនុ តាំង​ពី​ឆ្នាំ​២០០៦ កន្លង​មក។

អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​កម្ពុជា លោក​ឧត្ដមសេនីយ៍​ឯក ខៀវ សុភ័គ បាន​មាន​ប្រសាសន៍​ថា សមត្ថកិច្ច​រុស្ស៊ី ក៏​មាន​ដីកា​ចាប់​ខ្លួន​លោក អាឡិច សិនដឺ ត្រូហ្វីម៉ូវ ក្រោម​បទ​ប្រព្រឹត្ត​អំពើ​អនាចារ​លើ​កុមារ​ជន​ជាតិ​រុស្ស៊ី កន្លង​មក​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។