រដ្ឋបាលជលផលបានកំណត់តំបន់អភិរក្សចំនួន ៥០កន្លែង នៅបឹងទន្លេសាប ដែលមានទំហំផ្ទៃទឹកចំនួនជិត ១០ម៉ឺនហិកតារ ដើម្បីរក្សា និងការពារប្រភេទត្រីជិតផុតពូជ មានដូចជាត្រីគល់រាំង ត្រីត្រសក់ ត្រីខ្ម និងជីវចម្រុះដ៏កម្រមួយចំនួនទៀតនៅក្នុងចំណោមត្រីកម្រចំនួន ៥៨ប្រភេទ កំណត់ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
បន្ថែមលើនេះទៀត រដ្ឋបាលជលផលកំពុងតែត្រូវការថវិកាចំនួនជាង ៥សែនដុល្លារអាមេរិក ដើម្បីបោះបង្គោលព្រំដែនទឹកនៃតំបន់អភិរក្សចំនួនជាង ៦០០បង្គោល នៅបឹងទន្លេសាប និងរៀបចំទីស្នាក់ការយាមល្បាតបទល្មើសនេសាទចំនួន ១៣កន្លែង នៅខេត្តកំពង់ឆ្នាំង ខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តកំពង់ធំ ខេត្តកំពង់ចាម ខេត្តព្រៃវែង និងខេត្តតាកែវ។
ការកំណត់តំបន់អភិរក្សត្រីជិតផុតពូជនោះ គឺតាមបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅគ្រាដែលលោកបានប្រកាសលុបចោលឡូត៍នេសាទឯកជនសរុបចំនួន ៣៧កន្លែង នៅបឹងទន្លេសាប នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១២ កន្លងទៅនេះ។ ឡូត៍នេសាទឯកជនទាំងនោះ គឺទុកឲ្យប្រជាពលរដ្ឋនេសាទត្រីជាសាធារណៈ និងជាលក្ខណៈគ្រួសារ ដោយប្រើប្រាស់ឧបករណ៍នេសាទស្របច្បាប់។

ប្រធានរដ្ឋបាលជលផល លោក ណៅ ធួក បានមានប្រសាសន៍នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១២ ថា កន្លែងអភិរក្សត្រីជិតផុតពូជចំនួន ៥០កន្លែងនោះ គឺស្ថិតនៅជិតសហគមន៍នេសាទត្រី ដើម្បីឲ្យគាត់ជួយការពារជាមួយនឹងមន្ត្រីរដ្ឋបាលជលផលថ្នាក់ស្រុក និងថ្នាក់មូលដ្ឋាន៖ «កន្លែងតំបន់ហ្នឹង យើងអភិរក្សគឺដើម្បីរក្សាពូជវាឲ្យវាពងកូន ...កាលណាវាពងកូនហើយ វាធំធាត់ វាចេញមកក្រៅ (តំបន់អភិរក្សត្រីកម្រ) បងប្អូនប្រជាពលរដ្ឋយើងអាចនេសាទបាន។ កន្លែងហ្នឹងយើងអភិរក្សទុក ប៉ុន្តែវាចេញទៅក្រៅ គឺយើងនេសាទបាន ដោយប្រើឧបករណ៍គ្រួសារ»។
ទាក់ទងនឹងបញ្ហាជលផលនេះដែរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ប៉ោ ទ្រី បានមានប្រសាសន៍ថា លោកសង្កេតឃើញមានបទល្មើសនេសាទកំពុងរីករាលដាលនៅបឹងទន្លេសាបថ្មីៗនេះ ក្រោយពីការប្រកាសលុបឡូត៍នេសាទឯកជនកន្លងមក៖ «ខ្ញុំចុះទៅនេះ (បង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាប) មានមួយចំណែកណាគាត់ (អ្នកនេសាទ)ដឹង មួយចំណែកណាគាត់មិនបានដឹងនៅលើឧបករណ៍ (នេសាទត្រី)។ ជលផលរបស់យើងមិនបានផ្សព្វផ្សាយឲ្យស៊ីជម្រៅចំពោះឧបករណ៍នេសាទ...»។
នៅក្នុងរយៈពេល១សប្ដាហ៍ នៅខែមីនា ឆ្នាំ២០១២ កន្លងទៅនេះ មន្ត្រីរដ្ឋបាលជលផលបានបង្ក្រាបបទល្មើសនេសាទចំនួនជាង ៥០០ករណីនៅបឹងទន្លេសាប និងនៅតំបន់អភិរក្សត្រី ដោយសារតែប្រជាពលរដ្ឋទាំងនោះមិនទាន់បានដឹងថា តើកន្លែងណាជាតំបន់អភិរក្សត្រីកម្រ និងតំបន់ណាជាតំបន់នេសាទសាធារណៈ។
មួយវិញទៀត ប្រជាពលរដ្ឋនៅមិនទាន់បានដឹងច្បាស់លាស់នៅឡើយថា តើឧបករណ៍នេសាទណាត្រូវបានហាមឃាត់ និងឧបករណ៍នេសាទណាត្រូវបានអនុញ្ញាត។ ក៏ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ របាយការណ៍ប្រចាំឆ្នាំ២០១១ របស់រដ្ឋបាលជលផលបានឲ្យដឹងថា ផលត្រីទឹកសាបនៅឆ្នាំ២០១១ គឺមានចំនួន ៤៤៥ពាន់តោន ផលត្រីទឹកប្រៃគឺមានចំនួន ៩១ពាន់តោន និងត្រីវារីវប្បកម្ម ឬត្រីចិញ្ចឹមក្នុងស្រះ គឺមានចំនួន ៧២ពាន់តោនកើនជាងឆ្នាំមុនៗ។
កំណើនផលត្រីទឹកសាបនោះ ត្រូវបានអ្នកជំនាញជលផលបានអះអាងថា គឺដោយសារការលុបឡូត៍នេសាទឯកជន និងទឹកជំនន់ធំនៅឆ្នាំ២០១១ កន្លងទៅនេះ ធ្វើឲ្យត្រីពងកូនបានច្រើនជាងមុន។
មន្ត្រីរដ្ឋបាលជលផលបានអះអាងថា នៅឆ្នាំ២០១១ កន្លងមក រដ្ឋបាលជលផលបានបំផុសសហគមន៍នេសាទឲ្យដាំព្រៃលិចទឹកក្នុងសហគមន៍បានចំនួន ១៥.០០០ដើម នៅតំបន់ទឹកសាប និងបានដាំកូនព្រៃកោងកាងចំនួន ១៣ម៉ឺនដើម នៅតំបន់ឆ្នេរសមុទ្រ៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។
