កម្ពុជា​ត្រៀម​ទាក់ទាញ​ទេសចរ​ពី​តំបន់​អាស៊ាន

អ្នក​​វិភាគ​និង​អ្នក​ឯក​ទេស​សេដ្ឋកិច្ច​នយោបាយ​​​យល់​ឃើញ​ថា នៅ​ពេល​ដែល​កម្ពុជា ធ្វើ​ជា​ប្រធាន​អាស៊ាន​ កម្ពុជា​ត្រូវ​បង្ហាញ​អំពី​កត្តា​សក្ដានុពល​ដើម្បី​ឲ្យ​ប្រទេស​សមាជិក​អាស៊ាន​ទាំង​អស់​បាន​ដឹង និង​ទាក់​ទាញ​ការ​វិនិយោគ។
ដោយ អាន ស៊ីថាវ
2012-03-10
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ទេសចរណ៍​សៀមរាប ៣០៥
ទេសចរ​បរទេស​ដែល​មក​ទស្សនា​ប្រាសាទ​អង្គរវត្ត នៅ​ខេត្ត​សៀមរាប កាល​ពី​អំឡុង​ខែ​មេសា ឆ្នាំ​២០១០
RFA/Hang Savyouth

វិស័យ​ដែល​មាន​សក្ដានុពល​​ខ្លាំង គឺ​វិស័យ​ទេសចរណ៍ ដែល​គេ​ចាត់​ទុក​ថា ជា​ឧស្សាហកម្ម​គ្មាន​ផ្សែង និង​រៀង​រាល់​ឆ្នាំ​កម្ពុជា​ទទួល​បាន​ចំណូល​យ៉ាង​ច្រើន​ពី​វិស័យ​ទេសចរណ៍​នោះ។

តំបន់​អង្គរ នា​ខេត្ត​សៀមរាប បច្ចុប្បន្ន​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​ប៉ូល​ទេសចរណ៍​ដ៏​សំខាន់​របស់​កម្ពុជា​ ដោយ​អាច​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​រាប់​លាន​នាក់​រៀង​រាល់​ឆ្នាំ។

របាយការណ៍​របស់​ក្រសួង​ទេសចរណ៍​ក្នុង​ឆ្នាំ​២០១១ កន្លង​ទៅ​នេះ​ តំបន់​សៀមរាប​អង្គរ​ទទួល​បាន​ទេសចរណ៍​អន្តរជាតិ​ប្រមាណ​ជាង ១,៦​លាន​នាក់​ ស្មើ​នឹង ៥៦​ភាគរយ នៃ​ចំនួន​ទេសចរណ៍​សរុប​ កើន​ឡើង ២៣​ភាគរយ ធៀប​នឹង​ឆ្នាំ​២០១០ ខណៈ​ដែល​ភ្នំពេញ និង​តំបន់​ទេសចរណ៍​ផ្សេង​ទៀត​ទទួល​ភ្ងៀវ​ទេសចរ​អន្តរជាតិ​ប្រមាណ ១.២​លាន​នាក់ កើន​ឡើង ៦​ភាគរយ​ធៀប​នឹង​ឆ្នាំ​២០១០។

រដ្ឋមន្រ្តី​ក្រសួង​ទេសចរណ៍​លោក ថោង ខុន មាន​ប្រសាសន៍​​នៅ​ក្នុង​សិក្ខាសិលា​​នៅ​ខេត្ត​សៀមរាប ស្តី​អំពី​ទេសចរណ៍​ប្រកប​ដោយ​ចិរភាព​នៅ​តំបន់​អង្គរ​ថា នៅ​ឆ្នាំ​២០១៥ ខាង​មុខ​នេះ កម្ពុជា​នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ ៤,៥​លាន​នាក់ និង ៧​លាន​នាក់​នៅ​ឆ្នាំ​២០២០។

ដើម្បី​សម្រេច​បាន​នូវ​កំណើន​ភ្ញៀវ​ទេសចរ លោក​រដ្ឋមន្រ្តី​ក្រសួង​ទេសចរណ៍ លោក ថោង ខុន មាន​ប្រសាសន៍​ថា កម្ពុជា​​ត្រូវ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ និង​រៀប​ចំ​ផែន​ការ​ជាក់​លាក់​ ទាម​ទារ​ឲ្យ​មាន​ការ​ចូល​រួម​យ៉ាង​សកម្ម​ពី​អ្នក​ដែល​ពាក់ព័ន្ធ​ទាំង​អស់ ដើម្បី​ធានា​និរន្តរភាព​នៃ​ការ​អភិវឌ្ឍ​ដែល​មាន​លក្ខណៈ​ទូលំទូលាយ។

អ្នក​វិភាគ​នានា​នៅ​កម្ពុជា យល់​ឃើញ​ថា វិស័យ​ទេសចរណ៍​​មាន​សក្តានុពល​ខ្លាំង​ធៀប​នឹង​ប្រទេស​​ក្នុង​តំបន់​អាស៊ាន ដោយសារ​តែ​​​តំបន់​ទេសចរណ៍​របស់​កម្ពុជា ភាគ​ច្រើន​ជា​តំបន់​ទេសចរណ៍​វប្បធម៌ និង​ប្រវត្តិសាស្រ្ត ដែល​ប្រទេស​ក្នុង​តំបន់​អាស៊ាន​មិន​អាច​ប្រកួត​ប្រជែង​បាន ហើយ​នៅ​ឆ្នាំ​២០១៥ កម្ពុជា​អាច​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​បាន​កាន់​តែ​ច្រើន ជា​ពិសេស​ពី​បណ្ដា​ប្រទេស​អាស៊ាន។

បញ្ជាក់​បន្ថែម​អំពី​ការ​សម្រេច​ឲ្យ​បាន​នូវ​គោល​ដៅ​នេះ អ្នក​វិភាគ​នយោបាយ​លោក​បណ្ឌិត សុខ ទូច មាន​ប្រសាសន៍​នា​ពេល​កន្លង​ទៅ​នេះ​ថា កម្ពុជា​ទទួល​បាន​ចំនួន​ទេសចរណ៍​ជា​ច្រើន ព្រោះ​ប្រទេស​ជិត​ខាង ដូច​ជា​ប្រទេស​ថៃ ជា​ដើម ដែល​ទទួល​រង​នូវ​​វិបត្តិ​ផ្សេងៗ។

លោក​បណ្ឌិត សុខ ទូច បន្ត​ថា វិបត្តិ​នៅ​ប្រទេស​ថៃ នោះ មាន​ដូច​ជា​គ្រោះ​ទឹក​ជំនន់ ភេរវកម្ម និង​ជម្លោះ​ផ្ទៃ​ក្នុង​ជាដើម។ កត្តា​សំខាន់​ទាំង​បី​នេះ បាន​ធ្វើ​ឲ្យ​អ្នក​ទេសចរណ៍​បង្វែរ​គោល​ដៅ​អ្នក​ទេសចរណ៍​អន្តរជាតិ​មក​កម្ពុជា យ៉ាង​ច្រើន។ លោក​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា ក្នុង​ឆ្នាំ​២០១២ ដែល​កម្ពុជា​ធ្វើ​ជា​ប្រធាន​អាស៊ាន វិស័យ​ទេសចរណ៍​នឹង​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ឲ្យ​កាន់​តែ​ទូលំទូលាយ​ទៅ​កាន់​ពិភព​លោក។

លោក​បណ្ឌិត​ សុខ ទូច មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា កម្ពុជា​ជា​មជ្ឈមណ្ឌល​កណ្ដាល​នៃ​តំបន់​អាស៊ី​អាគ្នេយ៍ ដែល​ប្រសាទ​នានា​ក្នុង​តំបន់​អង្គរ​នៅ​ខេត្ត​សៀមរាប ជា​មូលដ្ឋាន​គ្រឹះ​ទាំង​ព្រហ្មញ្ញ​ផង និង​ព្រះពុទ្ធ​សាសនា​ផង។ លោក​មាន​ប្រសាសន៍​ថា កម្ពុជា​មាន​​ប្រភេទ​ទេសចរណ៍​បួន​​ដែល​ជា​សក្ដានុពល​សម្រាប់​ទាក់​ទាញ​អ្នក​ទេសចរណ៍​អន្តរជាតិ​មក​កម្ពុជា ដូច​ជា​ទេសចរណ៍​វប្បធម៌ ទេសចរណ៍​បរិស្ថាន ទេសចរណ៍​តំបន់​ឆ្នេរ និង​ទេសចរណ៍​សិប្បនិម្មិត។

មាន​ប្រសាសន៍​បន្ថែម​​អំពី​សក្ដានុពល​ទេសចរណ៍​នៅ​កម្ពុជា នាយក​ប្រតិបត្តិ​វិទ្យាស្ថាន​ខ្មែរ​ប្រតិបត្តិ​​អន្តរជាតិ និង​សន្តិភាព លោក​បណ្ឌិត ឈាង វណ្ណារិទ្ធិ មាន​ប្រសាសន៍​ថា នៅ​ឆ្នាំ​២០១៥ ខាង​មុខ​នេះ កម្ពុជា​អាច​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​ពី​ប្រទេស​អាស៊ាន បាន​រហូត​ដល់ ៥​លាន​នាក់ ដោយសារ​តែ​​​មាន​​ការ​ហូរ​ចូល​​ដោយ​សេរី​នៃ​កម្លាំង​ពលកម្ម និង​ការ​បង្កើត​ឲ្យ​មាន​ទិដ្ឋាការ​អាស៊ាន​រួម​មួយ។ លោក​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា នៅ​ថ្ងៃ​អនាគត​កម្ពុជា​នឹង​អាច​មាន​ភ្ញៀវ​ទេសចរណ៍​កើន​ឡើង​ដូច​ជា​ប្រទេស​ឥណ្ឌា និង​ចិន។

លោក​បណ្ឌិត ឈាង វណ្ណារិទ្ធិ បន្ថែម​ទៀត​ថា ​​​អ្នក​ទេសចរ​អឺរ៉ុប ហ៊ាន​នឹង​ចំណាយ​ច្រើន​ជាង​អ្នក​ទេសចរ​ខាង​អាស៊ី ប៉ុន្តែ​កំឡុង​ពេល​នេះ បណ្ដា​ប្រទេស​អឺរ៉ុប​ជួប​នឹង​វិបត្តិ​សេដ្ឋកិច្ច។ ដូច្នេះ​កម្ពុជា​ត្រូវ​គិត​អំពី​​វិធី​ទាក់​ទាញ​អ្នក​ទេសចរណ៍​ប្រទេស​អាស៊ាន ប៉ុន្តែ​បញ្ហា​ប្រឈម​មួយ​ដែល​កម្ពុជា មិន​អាច​ទទួល​ប្រយោជន៍​ច្រើន​ពី​ប្រទេស​​អ្នក​ទេសចរ​អាស៊ាន​នោះ គឺ​​អ្នក​ទេសចរ​ទាំង​នោះ​មក​ទស្សនា​កម្ពុជា ដោយ​ប្រើ​ប្រាស់​សេវាកម្ម និង​ផលិត​ផល​របស់​ប្រទេស​ខ្លួន ដូច​ជា​ប្រទេស​ចិន ជា​ដើម។

អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត សុខ ទូច យល់​ស្រប​ចំពោះ​បញ្ហា​នេះ ហើយ​កម្ពុជា​នឹង​បាត់​បង់​ចំណូល​ជា​ច្រើន​ដោយ​សារ​តែ​អ្នក​ទេសចរ​ទាំង​នោះ​គេ​ប្រើ​ប្រាស់​សេវាកម្ម​​ជន​ជាតិ​របស់​ខ្លួន។

លោក សុខ ទូច ​បន្ត​ទៀត​ថា កម្ពុជា​​ត្រូវ​បង្កើត​ច្បាប់​គ្រប់​គ្រង​ដើម្បី​ឲ្យ​អ្នក​ទេសចរ​ទាំង​នោះ​មក​ប្រើ​ប្រាស់​សេវាកម្ម​របស់​កម្ពុជា នៅ​ពេល​ដែល​​សមាហរណកម្ម​អាស៊ាន​នឹង​មក​ដល់​នៅ​ឆ្នាំ​២០១៥ ខាង​មុខ​នេះ។

ប៉ុន្តែ​លោក​បណ្ឌិត ឈាង វណ្ណារិទ្ធិ យល់​ឃើញ​ថា ការ​បង្កើត​ច្បាប់​ដោយ​កំហិត​ឲ្យ​អ្នក​ទេសចរ​មក​ប្រើ​ប្រាស់​សេវាកម្ម​ក្នុង​ស្រុក​​មាន​ការ​លំបាក ​ដោយសារ​តែ​កម្ពុជា ប្រកាន់​យក​សេដ្ឋកិច្ច​ទីផ្សារ​សេរី។ តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លោក វណ្ណារិទ្ធិ មាន​ប្រសាសន៍​ថា ការ​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង​ក្នុង​ស្រុក​​ឲ្យ​ខ្លាំង គឺ​អាច​កាត់​បន្ថយ​​បញ្ហា​ទាំង​នោះ។

តែ​ទោះ​យ៉ាង​ក៏​ដោយ លោក​ឧបនាយករដ្ឋមន្ត្រី​ សុខ អាន​ មាន​ប្រសាសន៍​នៅ​ក្នុង​សិក្ខា​សិលា​និរន្តរភាព​វិស័យ​ទេសចរណ៍​​ថា ដើម្បី​ឲ្យ​ភ្ញៀវ​ទេសចរណ៍​ចំណាយ​កាន់​តែ​ច្រើន​នៅ​ពេល​ទស្សនា​កម្ពុជា គឺ​កម្ពុជា​ត្រូវ​ធ្វើ​ពិពិត្តកម្ម​ផលិត​ផល​​ទេសចរណ៍ ការ​បង្កើត​ឲ្យ​មាន​តំបន់​ទេសចរណ៍​ថ្មីៗ និង​ការ​បង្កើត​ឲ្យ​មាន​មជ្ឈមណ្ឌល​បដិសណ្ឋាកិច្ច​​ជា​ដើម។

អ្នក​ជំនាញ​បាន​បង្ហាញ​ទៀត​ថា ទន្ទឹម​នឹង​ការ​រំពឹង​ទុក​ចំពោះ​ការ​កើន​ឡើង​អ្នក​ទេសចរ​មក​កម្ពុជា នៅ​ឆ្នាំ​២០១៥ ខាង​មុខ​នេះ រដ្ឋាភិបាល​ត្រូវ​ការ​ត្រៀម​ខ្លួន​ទុក​ជា​មុន និង​​សហការ​គ្នា​ជា​មួយ​ផ្នែក​ឯកជន​​ដើម្បី​ទទួល​បាន​សេវាកម្ម​ទេសចរណ៍​ដែល​ល្អ​សម្រាប់​ទាក់​ទាញ​អ្នក​ទេសចរ​ឲ្យ​កាន់​តែ​ច្រើន​ក្នុង​ការ​សម្រេច​បាន​នូវ​កំណើន​ភ្ញៀវ​ទេសចរ​ដូច​ដែល​កម្ពុជា រំពឹង​ទុក​នោះ៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។

មតិ (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

You will see PM Hun Sen, be able to gave Kampuchea Krom and Kampuchea to Youn and he will be remembered as King Dejo the First that he can do both at the same time.

Mar 11, 2012 10:41 PM

អ្នក​អាន​អនាមិក

Angkor Wat is a great world heretage site,inspired and indisputable the most famous,most enormous,most impressive and most attraction from pple around the world come to see this khmer ancient heretage site.And best compared to the Egyptian Pyramids and huge geometrical structure as Notre Dame of Paris and great tells of an ancient of architecture or scupturing on level of the Acropulis Athen,Greece.It blessed for great source incomes for khmer govn't and it own pple , but mostly khmer national treasures or natural resources had been abandoned or destroyed by Hunsen govn't greedier.

Mar 11, 2012 01:57 PM

អ្នក​អាន​អនាមិក

ជំរាបសួរវិទ្យុអាស៊ីសេរី៖សូមជួយពន្យល់អត្ថន័យពាក្យ
‹‹សក្ដានុពល››នេះផង។ខ្ញុំរកមិនឃើញទេវចនានុក្រម
ពីហើយ។

Mar 10, 2012 05:13 PM

អ្នក​អាន​អនាមិក

In cambodia this day...only words they can say is( PREPARATION OR GOING TO) IN THEIR THEORY NOT IN AN ACTION. How many time did they say(GOING TO DO THIS OR THAT?)I noticed that it's not easy as we say but we've been waiting to see this government's genius ideas for too long. Even though thai already made benefits from khmer's old temple.

Mar 10, 2012 12:25 PM

អ្នក​អាន​អនាមិក

To preserve the Angkor Wat Temple for the tourism and most of the proceeds from the said industry is being deposited in a private account/s, it's a shameful and disgraceful act. The utmost duty of all Khmers is to follow our beloved, brave, smart, and honest leaders-King Suryavarman II and King Jayavarman VII. From the bottom of my heart, I'm respectfully admiring King Suryavarman II, King Jayavarman VII, and other kings who were helped building the Angkor Temple. I would like to see PM Hun Sen, at least, be able to claim Kampuchea Krom from Youn, so he will be remembered as King Dejo the First.

Mar 10, 2012 11:00 AM

មើល​មតិ​ទាំង​អស់.