កម្ពុជា​ស្វែង​រក​កិច្ច​គាំទ្រ​ចូល​ជា​សមាជិក​ក្រុម​​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជា​ជាតិ

សារព័ត៌មាន​ចិន​ថ្មី ផ្សាយ​ព័ត៌មាន​មួយ​ថា កម្ពុជា​បាន​ស្វះ​ស្វែង​យ៉ាង​សកម្ម ដើម្បី​រក​កិច្ច​គាំទ្រ​ពី​ប្រទេស​ជា​មិត្ត ឲ្យ​បោះ​ឆ្នោត​គាំទ្រ​សំណើ​ចូល​ជា​សមាជិក​ក្រុម​ប្រឹក្សា​សន្តិសុខ​មិន​អចិន្ត្រៃយ៍ នៃ អ.ស.ប. ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ឆ្នាំ ២០១២ ខាង​មុខ។

ក្នុង​ជំនួប​មួយ កាល​ពី​ចុង​ខែ​សីហា​កន្លង​ទៅ​នេះ ជា​មួយ​ឯក​អគ្គ​រាជ​ទូត​អង់គ្លេស លោក Stephen Mace លោក ហោ ណាំ​ហុង រដ្ឋ​មន្រ្តី​ការ​បរទេស​កម្ពុជា បាន​សុំ​ឲ្យ​អង់គ្លេស​គាំទ្រ​បេក្ខភាព​កម្ពុជា​ទៅ​កាន់​អាសនៈ​នោះ។

យោង​តាម​សារព័ត៌មាន​ចិន​ថ្មី កាល​ពី​ថ្ងៃ​ទី​៣១ សីហា លោក កុយ គួង អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស បាន​ប្រាប់​អ្នក​កាសែត​ថា ឯក​អគ្គ​រាជ​ទូត​អង់គ្លេស​យល់​ស្រប​ថា កម្ពុជា​គួរ​តែ​គេ​បោះ​ឆ្នោត​ឲ្យ​ចូល​ទៅ​ក្នុង​ក្រុម​ប្រឹក្សា​នោះ ហើយ​ថា មក​ទល់​ពេល​នេះ មាន​ប្រទេស​ប្រមាណ ១០០​ហើយ ដែល​គាំទ្រ​សំណើ​កម្ពុជា។