សំណើនេះធ្វើឡើងដោយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក វីល្លៀម ថត (William E. Todd) តាមរយៈទំព័រពិភាក្សានឹងពលរដ្ឋកម្ពុជា ជុំវិញរបាយការណ៍អង្គការសង្គមស៊ីវិលស្ដីពីពីដំណើរការកាត់ទោសរបស់តុលាការកម្ពុជា កាលពីឆ្នាំ២០១២។
ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា លោក វីល្លៀម ថត ថ្លែងថា សាលក្រមរបស់តុលាការកម្ពុជា កាលពីចុងឆ្នាំ២០១២ ធ្វើឲ្យអ្នកសង្កេតការណ៍ជាច្រើន មានការព្រួយបារម្ភ និងថា ការសម្រេចក្តីទាំងនេះមានលក្ខណៈនយោបាយ និងខ្វះតម្លាភាព។
ប្រការនេះនាំឲ្យពលរដ្ឋមានមន្ទិលសង្ស័យពីឯករាជភាពប្រព័ន្ធតុលាការ និងខ្វះការជំនឿទុកចិត្តលើប្រព័ន្ធតុលាការ។ លោកបន្តថា សហរដ្ឋអាមេរិកបានផ្ដល់ជំនួយនានាក្នុងគោលបំណងជំរុញមន្ត្រីច្បាប់កម្ពុជា មានតម្លាភាព ឯករាជ្យភាព និងដំណើរការក្ដីប្រកបដោយភាពត្រឹមត្រូវតាមផ្លូវច្បាប់។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងមន្ត្រីក្រសួងយុត្តិធម៌ដើម្បីធ្វើការអត្ថាធិប្បាយបានទេ នៅថ្ងៃ៧ ខែមករា ឆ្នាំ២០១៣។ ប៉ុន្តែមន្ត្រីរដ្ឋាភិបាលកម្ពុជា មិនដែលទទួលស្គាល់ថា តុលាការកម្ពុជាសម្រេចក្តីលាយឡំរឿងនយោបាយ ឬស្ថិតក្រោមឥទ្ធិពលអ្នកនយោបាយនោះទេ។
យ៉ាងណាក៏ដោយ ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងជាប្រធានរដ្ឋសភា លោក ហេង សំរិន ក្នុងសុន្ទរកថាអបអរសាទរថ្ងៃ៧ មករា ប្រកាសថា គណបក្សកាន់អំណាចប្តេជ្ញាចិត្តក្នុងការកែទម្រង់វិន័យនានា ដើម្បីធានាកំណើនអភិវឌ្ឍន៍ ក្នុងនោះក៏មានការកែទម្រង់លើប្រព័ន្ធតុលាការដែរ។ប៉ុន្តែលោកមិនបានលំអិតឲ្យច្បាស់នោះទេ។
លោក ហេង សំរិន៖ «ការបន្តជំរុញទៅមុខលើការបន្តកំណែទម្រង់ដ៏ស៊ីជម្រៅនានា រួមមានកំណែទំរង់រដ្ឋបាលសាធារណៈ ការប្រឆាំងអំពើពុករលួយ កំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ដើម្បីធានាអភិបាលកិច្ចល្អ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចិរភាព»។
ទោះយ៉ាងណាក្តី ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ មានប្រសាសន៍ថា លោកគាំទ្រការលើកឡើងរបស់ភាគីអាមេរិក ព្រោះថា ដើម្បីឲ្យប្រទេសមានការគោរពច្បាប់ ឬនីតិរដ្ឋបាន លុះត្រាតែមានប្រព័ន្ធតុលាការឯករាជ្យ។
លោកបន្តថា កម្ពុជាត្រូវការច្បាប់ដែលជំរុញឲ្យព្រះរាជអាជ្ញា ចៅក្រម ធ្វើការដោយឯករាជ្យ ដូចនេះមានតែពលរដ្ឋកម្ពុជាប៉ុណ្ណោះ ដែលអាចជំរុញឯករាជភាពតុលាការបានតាមរយៈការបោះឆ្នោតនៅពេលខាងមុខ។
លោក អ៊ូ វីរៈ បញ្ជាក់ថា បច្ចុប្បន្នគណបក្សកាន់អំណាចកំពុងឆ្លៀតយកប្រព័ន្ធតុលាការដើម្បីគាបសង្កត់សិទ្ធិសេរីភាពទូទាំងប្រទេស៖ «ច្បាប់ដែលគោលសំខាន់ៗ ធ្វើឲ្យតុលាការឯករាជ្យ និងទទួលខុសត្រូវមួយចំពោះប្រជាពលរដ្ឋ ហើយច្បាប់ទាំងអស់គណបក្សកាន់អំណាចដឹងដែរ និងសន្យាទៀត ដល់ពេលនេះហើយអត់ទាន់អនុម័តទៀត ទោះឯកអគ្គរដ្ឋទូតអាមេរិក ចង់និយាយម៉េចក៏ដោយ គឺខ្ញុំមើលទៅមានតែឆន្ទៈនយោបាយ និងពលរដ្ឋខ្មែរទេ ដែលមានអំណាចជំរុញឲ្យមានឆន្ទៈនយោបាយហ្នឹង»។
កាលពីឆ្នាំ២០១២ កន្លងទៅ រឿងក្ដីដែលប្រទេសជាច្រើនលើពិភពលោក រិះគន់តុលាការកម្ពុជា ថាកាត់ក្ដីក្រោមឥទ្ធិពលនយោបាយនោះ មានសំណុំរឿងលោក ម៉ម សូណង់ដូ ការដាក់ទោសស្ត្រីបឹងកក់ រឿងក្ដីសម្លាប់ ជា វិជ្ជា និងការសម្រេចដោះលែងលោក ឈូក បណ្ឌិត ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
