ពលរដ្ឋ​នៅ​សៀមរាប​ស្វែង​រក​សាច់ញាតិ​បាត់​ខ្លួន​នៅ​ប្រទេស​​ថៃ

បច្ចុប្បន្ន​នៅ​ពេល​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ច្រើន​បាន​នាំ​គ្នា​ចាកចេញ​ពី​ស្រុក​កំណើត​ទៅ​រក​ការងារ​ធ្វើ​នៅ​ក្រៅ​ប្រទេស​កាន់​តែ​ច្រើន​ឡើងៗ​នោះ ចំនួន​អ្នក​បាត់​ខ្លួន​ក៏​កាន់​តែ​កើត​មាន​ជា​បន្ត​បន្ទាប់​ដែរ។
ដោយ ហង្ស សាវយុត
2012-11-11
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល

សប្ដាហ៍​នេះ​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​ក្នុង​ខេត្ត​សៀមរាប បាន​មក​ជួប​អង្គការ​សិទ្ធិ​មនុស្ស ដើម្បី​ស្នើ​សុំ​ឱ្យ​ជួយ​រក​សាច់​ញាតិ​របស់​គេ​ដែល​កំពុង​បាត់​ខ្លួន។

ប្រជាពលរដ្ឋ​ចំនួន ២​គ្រួសារ រស់​នៅ​ភូមិ​ក្រាំង នៃ​ឃុំ​ខ្វាវ ស្រុក​ជីក្រែង ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជិត ១០០​គីឡូម៉ែត្រ ភាគ​ឦសាន​ពី​ទី​រួម​ខេត្ត​សៀមរាប កំពុង​ស្វះស្វែង​រក​ការ​ជួយ​ជ្រោមជ្រែង​ពី​មន្ត្រី​រដ្ឋាភិបាល និង​អង្គការ​ក្រៅ​រដ្ឋាភិបាល ដើម្បី​តាម​រក​សាច់​ញាតិ​របស់​គេ​ចំនួន ៤​នាក់ ដែល​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ហើយ​កំពុង​បាត់​ដំណឹង។

ស្ត្រី​ឈ្មោះ ឡោ ឡុត អាយុ ៤៧​ឆ្នាំ ជា​អ្នក​ភូមិ​ក្រាំង នៃ​ឃុំ​ខ្វាវ ស្រុក​ជីក្រែង។ គាត់​បាន​មាន​ប្រសាសន៍​ថា កូន​ប្រុស​របស់​គាត់​ចំនួន ៣​នាក់ ឈ្មោះ ឈីម អ៊ីន អាយុ ២៥​ឆ្នាំ ឈីម ឆៃ អាយុ ២២​ឆ្នាំ និង ឈីម ឆេង អាយុ ១៩​ឆ្នាំ ត្រូវ​បាន​មេខ្យល់​មក​ទាក់ទង និង​នាំ​យក​ទៅ​ធ្វើ​ការ​នៅ​ឯ​ប្រទេស​ថៃ តាំង​តែ​ពី​អំឡុង​ខែ​ធ្នូ ឆ្នាំ​២០១១។ គាត់​ដឹង​ថា គេ​នាំ​កូន​ប្រុស​របស់​គាត់​ទាំង ៣​នាក់ ទៅ​ធ្វើ​ការ​តាម​ទូក​នេសាទ​សមុទ្រ ឯ​តំបន់​ឈ្មោះ អ៊ិនដូ តាយ ក្នុង​ប្រទេស​ថៃ។

ចាប់​តាំង​ពី​កូន​ប្រុស​របស់​គាត់​ចាក​ចេញ​ទៅ គាត់​ធ្លាប់​បាន​ទទួល​លុយ ៤​លើក​ពី​បណ្ដាញ​ផ្ទេរ​ប្រាក់​ចំនួន​ជាង ២​ម៉ឺន និង ៧​ពាន់​បាត​ប្រាក់​ថៃ​ដែរ។ ក៏​ប៉ុន្តែ​គេ​មិន​ដែល​ឱ្យ​គាត់​បាន​ជួប​ជាមួយ​កូនៗ ដូច​ការ​សន្យា​ដែល​ថា ក្នុង​រយៈពេល ៣​ខែ​ម្ដង គេ​នឹង​ឱ្យ​ពួក​គាត់​បាន​ជួប​និយាយ​គ្នា​តាម​ទូរស័ព្ទ​នោះ​ទេ។

ស្ត្រី​ឈ្មោះ ឡោ ឡុត៖ «ទូរស័ព្ទ​ទៅ​មុន​ដំបូង​បាន​ជួប ២​ដង​កូន​ខ្ញុំ ជួប​អា​នេះ​ម្ដង​ជួប​អា​តូច​ម្ដង។ និយាយ​បាន​តែ​មួយ​ម៉ាត់​ទេ ក៏​គេ​ឈប់​ឱ្យ​និយាយ​ថា អ៊ី​ឯង​ចង់​ឱ្យ​កូន​អស់​លុយ​ច្រើន? ២-​៣​ខែ​មុន អា​ទូច​នោះ​ជួប​ថា ម៉ែ​អើយ​កូន​នៅ​ឯ​ណេះ​ទេ គេ​ថា បើ​ចង់​មក​វិញ​ទាល់​តែ​មាន​មនុស្ស​ទៅ​ដូរ អត់​ដូរ​គេ​អត់​ឱ្យ​មក​ទេ​ម៉ែ។ ប៉ុណ្ណោះ​ហើយ​ក៏​បិទ​ទូរស័ព្ទ​បាត់ ខ្ញុំ​ប្រាប់​ថា កុំ​ទាន់​បិទ​ណា​កូន អា​នោះ​វា​ឱ្យ​បិទ​បាត់ ហើយ​ទូរស័ព្ទ​ទៅ​ថៅកែ គេ​អត់​ឱ្យ​ជួប​កូន ខ្ញុំ​ណាត់​ជួប​ថ្ងៃ​នេះ​អត់ ស្អែក​អត់»

ចំណែក​ស្ត្រី​ឈ្មោះ សាំង វ៉ិច ជា​អ្នក​ភូមិ​ក្រាំង ដែរ បាន​មាន​ប្រសាសន៍​ថា គាត់​បាត់​ដំណឹង​ពី​ប្តី​របស់​គាត់​ឈ្មោះ ស៊ាន វាន រយៈពេល​ជិត ១​ឆ្នាំ​ហើយ។

ស្ត្រី​ដដែល​បាន​មាន​ប្រសាសន៍​ថា ប្តី​របស់​គាត់​បាន​ចាកចេញ​ទៅ​ធ្វើ​ការ ជាមួយ​កូនៗ​របស់​អ្នកស្រី ឡោ ឡុត នេះ​ដែរ ហើយ​រយៈពេល​ជិត ១​ឆ្នាំ​មក​នេះ គឺ​គាត់​បាន​ទទួល​ប្រាក់​ចំនួន ២​ម៉ឺន​៦​ពាន់​បាត ក៏​ប៉ុន្តែ​មិន​ដែល​បាន​ទទួល​ដំណឹង​ថា ប្ដី​នៅ​ទី​ណា​ឡើយ៖ «ប្ដី​ខ្ញុំ​ថា ទៅ​តែ ៦​ខែ​ទេ គឺ​មក​ធ្វើ​ស្រែ​វិញ ដល់​ពេល ៦​ខែ​នេះ ទាក់ទង​ទៅ​ថៅកែ គេ​ថា អត់​ឱ្យ​ជួប​បាន។ នេះ​គេ​ថា ឱ្យ​ជួប​នៅ​ពី​ខែ ៩ ដល់​ខែ ៩ ខ្ញុំ​សួរ​គេ​ទៅ គេ​ថា រវល់​មិន​អាច​ទៅ​ទាក់​ទង​បាន។ ដល់​ពេល ២-​៣​ថ្ងៃ​នេះ​ខ្ញុំ​ទូរស័ព្ទ​ទៅ គេ​ថា ទាក់ទង​ទៅ​សមុទ្រ​អត់​បាន»

អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) និង​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​សៀមរាប កំពុង​ធ្វើ​ការ​ស៊ើប​អង្កេត​បឋម​ទៅ​លើ​ករណី​នេះ។

លោក នូ ពុទ្ធិ ជា​អ្នក​សម្របសម្រួល​អង្គការ​លីកាដូ ប្រចាំ​ខេត្ត​សៀមរាប បាន​មាន​ប្រសាសន៍​ថា លោក​កំពុង​ស្រាវជ្រាវ​ឱ្យ​ស៊ី​ជម្រៅ​ថា តើ​ការ​ចាកចេញ​របស់​ពលករ​ទាំង​នោះ​ស្រប​ច្បាប់​ដែរ ឬ​ទេ?

ប្រសិន​បើ​ពួក​គេ​ចាក​ចេញ​ដោយ​ស្ម័គ្រ​ចិត្ត​ហើយ​ទទួល​បាន​កម្រៃ​ត្រឹមត្រូវ ក៏​ប៉ុន្តែ​គ្រួសារ​ចង់​ឱ្យ​វិល​ត្រឡប់​វិញ គឺ​អ្នក​ដែល​នាំ​ទៅ ត្រូវ​តែ​ជួយ​ខ្នះខ្នែង​យក​ពួកគេ​ត្រឡប់​មក​វិញ។ ក៏​ប៉ុន្តែ​បើ​ការ​នាំ​ទៅ​នោះ គឺ​ជា​ការ​កេង​ប្រវ័ញ្ច​កម្លាំង​ពលកម្ម គឺ​អង្គការ​របស់​លោក​នឹង​ស្នើ​សុំ​ឱ្យ​សមត្ថកិច្ច​របស់​រដ្ឋ​ចាត់​វិធាន​ការ​សមស្រប​ណា​មួយ ចំពោះ​សកម្មភាព​នាំ​ទៅ​ដោយ​មិន​ស្រប​ច្បាប់​នោះ។

កាល​ពី​ដើម​ខែ​វិច្ឆិកា កន្លង​ទៅ សមត្ថកិច្ច និង​អង្គការ​ក្រៅ​រដ្ឋាភិបាល បាន​សហការ​គ្នា​រំដោះ​យក​​​​កម្មករ ២​នាក់ នៅ​ខេត្ត​ព្រះវិហារ ដែល​មេ​ខ្យល់​​​​បោក​យក​ទៅ​លក់​ឲ្យ​ទូក​នេសាទ នៅ​ប្រទេស​ថៃ បន្ទាប់​ពី​អ្នក​ទាំង​នោះ ត្រូវ​បាន​គេ​គំរាម​កំហែង និង​បង្ខំ​ឱ្យ​ធ្វើ​ការ​យ៉ាង​ធ្ងន់ធ្ងរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (1)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

morn muth

ពី Takeo

​មានប្រជាពលរដ្ធជាច្រើនម៉ឺននាក់ដែលបានទៅធ្វើចំណាកស្រុក និងមានការបាត់ខ្លួនជាច្រើនរយនាក់​តើមានអ្នកណាជួយ ទោះមានអ្នកងាប់ក៏មិនដឹងធ្វើដូចម្តេចដែរពិតជាពិបាកណាចំពោះប្រជាជនកម្ពុជាយើងគួរអោយអាសូរពេកណាស់៕

Nov 11, 2012 08:52 AM