បង្គោល​ព្រំដែន​កម្ពុជា-វៀតណាម លេខ ១២៥ បោះ​ចូល​ដី​ខ្មែរ

ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា​បាន​សន្និដ្ឋាន​ថា បង្គោល​ព្រំដែន​កម្ពុជា-វៀតណាម លេខ ១២៥ ត្រូវ​បាន​គេ​បោះ​ចូល​ក្នុង​ទឹកដី​កម្ពុជា​នា​ស្រុក​ពញាក្រែក ខេត្ត​កំពង់ចាម ដែល​ធ្វើ​ឲ្យ​បាត់បង់​ដី​ស្រែ​និង​ភូមិ​ខ្មែរ​ចំនួន​បី​ភូមិ ។

ការ​សន្និដ្ឋាន​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ប្រតិភូ​នៃ​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា មាន​គ្នា ២៣រូប បាន​ចុះ​ទៅ​ពិនិត្យ​បង្គោល​ព្រំដែន​កម្ពុជា-វៀតណាម នៅ​ថ្ងៃ​នៅ​ថ្ងៃ​អាទិត្យ​ទី​៩ ខែ​មករា ឆ្នាំ ២០១១ ក្នុង​ខេត្ត​ចំនួន​ពីរ គឺ​ខេត្ត​ព្រៃវែង​និង​ខេត្ត​កំពង់​ចាម ។

តំណាង​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា លោក រ៉ុង ឈុន អះ​អាង​ថា ក្រុម​របស់​លោក​មិន​ចាំបាច់​ប្រើ​ជំនាញ​ឬ​ឧបករណ៍​អ្វី​ទេ គឺ​គ្រាន់​តែ​ធ្វើ​ការ​សិក្សា​ស្វែង​រក​ការ​ពិត តាម​រយៈ​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​ដី​និង​ជា​សាក្សី​រស់ ក៏​អាច​ដឹង​ដែរ​ថា បង្គោល​ព្រំដែន​លេខ ១២៥ ត្រូវ​បាន​គេ​បោះ​ចូល​ក្នុង​ដី​កម្ពុជា ហើយ​ធ្វើ​ឲ្យ​ភូមិ​ខ្មែរ​ចំនួន​បី គឺ​ភូមិ​អន្លង់ជ្រៃ ភូមិ​ថ្លុក​ត្រាច និង​ភូមិ​តា​អាំ (ដែល​ជា​ភូមិ​ចាស់) ក្នុង​ឃុំ​កក់ ស្រុក​ពញាក្រែក ខេត្ត​កំពង់ចាម ត្រូវ​បាត់បង់​ទៅ​ខាង​ភាគី​វៀតណាម ៖ «យើង​មាន​ការ​សោកស្ដាយ នូវ​អ្វី​ដែល​ថ្នាក់ដឹកនាំ​យើង​មាន​លក្ខណៈ​កំសាក មិន​ហ៊ាន​ទទួល​ស្គាល់​ការ​ពិត បាទ !»

បុរស​អាយុ ៦៧​ឆ្នាំ រស់នៅ​ភូមិ​អន្លង់​ជ្រៃ លោក ប៉ាវ ក្រឹម ថ្លែង​ថា រូប​គាត់​ចាស់ គាត់​លែង​គិត​លែង​ស្ដាយ​ចំពោះ​ការ​បាត់បង់​ដីស្រែ​និង​ភូមិឋាន​ហើយ តែ​គាត់​អាណិត​ដល់​កូន​ចៅ​ជំនាន់​ក្រោយ ៖ «ឃើញ​គេ​មក​វាស់​អ៊ីចឹង​ទៅ​ថា ខាង​ហ្នឹង​ដី​របស់​គេ​ទៅ ប្រជាពលរដ្ឋ​មិន​ហ៊ាន​ថា​ម៉េច​ទេ ។ អាជ្ញាធរ​អី​គេ​ថា គេ​វាស់វែង​ទៅ គេ​មក គេ​យក ឌ្យី​ភី​អេស (GPS) អី​មក​ដើរ​វាស់វែង​ទៅ​គេ​ថា ដី​ខាង​ណេះ​ដី​វៀតណាម» ។

មុន​នឹង​ទៅ​ពិនិត្យ​បង្គោល​ព្រំដែន​លេខ ១២៥ នៅ​ក្នុង​ស្រុក​ពញាក្រែក ខេត្ត​កំពង់ចាម ប្រតិភូ​នៃ​ក្រុមប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា បាន​ទៅ​ពិនិត្យ​បង្គោល​ព្រំដែន​លេខ ១៣១ នៅ​ស្រុក​កំចាយមារ ខេត្ត​ព្រៃវែង ។

លោក រ៉ុង ឈុន អះអាង​ថា បង្គោល​ព្រំដែន​លេខ ១៣១ ត្រូវ​បាន​គេ​បោះ​ចូល​ក្នុង​ដី​ខ្មែរ​ប្រមាណ ៦០០ ម ប៉ុន្តែ​អតីត​ប្រធាន​ភូមិ​មាន​ជ័យ ឃុំ ​ក្របៅ នៃ​ស្រុក​កំចាយមារ ខេត្ត​ព្រៃវែង លោក រស់ រី ថ្លែង​ថា ការ​បោះ​បង្គោល​នេះ​មិន​បណ្ដាល​ឲ្យ​បាត់បង់​ដី​ខ្មែរ​ឡើយ ៖ «ខ្ញុំ​ឃើញ​តែ​ទន្លេ​នៅ​មួយ​អាយូស​ទៅ​ហើយ ។ វា​សំខាន់​បំផុត អា​ចំណុច​ទន្លេ​ហ្នឹង​ដូច...​ទំនប់ … ហើយ​មាន​ពី​ណា​ឆ្លង​មក​រួច !»

ទាក់ទិន​នឹង​បញ្ហា​ព្រំដែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ជា ស៊ីម មាន​ប្រសាសន៍​នៅ​ក្នុង​ឱកាស​ខួប​ទី​៣២​នៃ​ថ្ងៃ​ជ័យជម្នះ ៧ មករា អំពី​សមិទ្ធផល​ដែល​គណបក្ស​ប្រជាជន​សម្រេច​បាន ក្នុង​នោះ លោក​លើក​ឡើង​ថា គណបក្ស​ប្រជាជន​បាន​ដោះស្រាយ​ព្រំដែន​ជាមួយ​ប្រទេស​ជិត​ខាង​ដោយ​សន្តិ​វិធី ការពារ​យ៉ាង​គត់មត់​នូវ​អធិបតេយ្យ​និង​បូរណភាព​ទឹកដី ហើយ​ថា គណបក្ស​ប្រជាជន​ថ្កោល​ទោស​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​បុគ្គល​ឬ​ស្ថាប័ន​ទាំងឡាយ​ណា ដែល​នៅ​តែ​បន្ត​ធ្វើ​ការ​ប៉ុនប៉ង​រារាំង​ដំណើរ​ការ​នេះ ៖ «គណបក្ស​ប្រជាជន​កម្ពុជា សូម​វាយ​តម្លៃ​ខ្ពស់ ចំពោះ​ការ​ខិតខំ​របស់​រាជរដ្ឋាភិបាល ក្នុង​ការងារ​ខណ្ឌសីមា និង​បោះ​បង្គោល​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម និង​ប្រទេស​ឡាវ ហើយ​គាំទ្រ បន្ត​ការ​រុញ​ដំណើរ​ការ​នេះ ឲ្យ​បាន​សម្រេច​ទាំងស្រុង តាម​ការ​គ្រោង​ទុក» ។

ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា បាន​ធ្វើ​ដំណើរ​យ៉ាង​ប្រុងប្រយ័ត្ន ទៅ​ពិនិត្យ​បង្គោល​ព្រំដែន​នីមួយ​ៗ តាម​បណ្ដោយ​ព្រំដែន កម្ពុជា ​វៀតណាម ។ កង​កម្លាំង​វៀតណាម បាន​ចូល​មក​ថត​រូប និង​ថត​សំឡេង​ សកម្មភាព​ពិនិត្យ​ព្រំដែន​របស់​ក្រុមប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា នៅ​ជុំ​វិញ​បង្គោល​ព្រំដែន​លេខ ១២៥ ៕