ពលរដ្ឋ​អះអាង​ថា​វៀតណាម​កំណត់​ព្រំ​សីមា​ចូល​ក្នុង​ដី​ខ្មែរ​នា​ខេត្ត​កំពង់ចាម

ពលរដ្ឋ​រស់​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​នា​ស្រុក​មេមត់ ខេត្ត​កំពង់ចាម ទល់​នឹង​ខេត្ត​​តៃនិញ ប្រទេស​វៀតណាម អះអាង​ថា ដី​ស្រែ​របស់​ពួកគាត់​ត្រូវ​បាន​រដ្ឋាភិបាល​វៀតណាម គ្រប់គ្រង​​ជា​បណ្ដើរៗ​ហើយ ជាពិសេស វៀតណាម​បាន​កំណត់​ព្រំ​សីមា​នៃ​ប្រទេស​ទាំង​ពីរ​ជាប់​​ដី​វត្ត​របស់​ខ្មែរ​ដែល​មាន​អាយុកាល​ជាង ១​សតវត្ស​មក​ហើយ។

0:00 / 0:00

ពន្លឺ​ថ្ងៃ​​រាង​ជ្រេ​បន្តិច ចាំង​កម្ដៅ​​តាម​ចន្លោះ​​ដើម​ឈើ​ដែល​​មាន​ម្លប់​ត្រឈៃ​នៅ​ពី​ក្រោយ​វត្ត។ ក្មេង ប្រុស ស្រី រក​ក្ដាម ខ្យង នាំ​គ្នា​លេង​នៅ​មាត់​ស្រះ​ក្បែរ​របង​វត្ត​ដែល​​ត្រូវ​គេ​វាយ​បំផ្លាញ​ដើម្បី​សង់​បង្គោល​ព្រំដែន​ថ្មី៖ «អត់​ទេ ដី​វៀតណាម កាត់​ត្រឹម​របង​នេះ​ទៅ បើ​ខាង​ណោះ​ដី​ខ្មែរ»

ទី​នេះ​គឺ​ជា​វត្ត​គិរីមានជ័យ ឬ​ហៅ​វត្ត​បឹងជ្រោង ស្ថិត​ក្នុង​ឃុំ​ជាំ ស្រុក​មេមត់ ខេត្ត​កំពង់ចាម ដែល​ផ្ទៃ​ដី​មួយ​ផ្នែក​ត្រូវ​រដ្ឋាភិបាល​វៀតណាម ចាត់​ទុក​ថា ជា​តំបន់​ស និង​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​​វៀតណាម។ កាល​ពី​ឆ្នាំ​២០០៧ អាជ្ញាធរ​ឃុំ​ជាំ ធ្លាប់​បាន​តតាំង​​ប្រឆាំង​នឹង​ការ​រំកិល​ព្រំដែន​ពី​សំណាក់​​​វៀតណាម ចូល​ដល់​ព្រំ​ដី​វត្ត​​​នេះ​ម្ដង​ជា​ពីរ​ដង​រួច​មក​ហើយ ក៏ប៉ុន្តែ​នៅ​ទី​បំផុត​ត្រូវ​បរាជ័យ ព្រោះ​មាន​ការ​គាំទ្រ​តិចតួច​​ពី​រដ្ឋាភិបាល​កម្ពុជា។

មេ​ឃុំ​ជាំ ស្រុក​មេមត់ ខេត្ត​កំពង់ចាម គឺ​លោក ប្រាក់ វន្នី មក​ពី​គណបក្ស​ប្រឆាំង សម រង្ស៊ី។ លោក​បាន​និយាយ​ថា លោក​ធ្លាប់​បាន​ជំទាស់​ជា​ច្រើន​លើក​ច្រើន​សា​ក្នុង​អំឡុង​ឆ្នាំ​២០០៨ ដោយ​​មិន​ទទួល​ស្គាល់​ការ​កំណត់​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ គឺ​កម្ពុជា-​វៀតណាម ​ត្រឹម​របង​វត្ត​គិរីមានជ័យ ហៅ​វត្ត​បឹងជ្រោង និង​ច្រាន​ចោល​រាល់​សំណើ​ដែល​ទាមទារ​ឲ្យ​លោក​ចុះ​ហត្ថលេខា ដែល​ធ្វើ​ឡើង​ដោយ​រដ្ឋាភិបាល​នៃ​ប្រទេស​ពីរ។

លោក​ចាត់​ទុក​ថា ការ​កំណត់​ព្រំដែន​ត្រឹម​របង​វត្ត​បែប​នេះ គឺ​បាន​ធ្វើ​ឲ្យ​ដី​ខ្មែរ​បាត់​បង់​បន្ថែម​ទៀត៖ «ខ្ញុំ​មាន​បញ្ហា​មិន​ស៊ីញ៉េ​ឲ្យ ព្រោះ​អា​ហ្នឹង​គេ​​ឲ្យ​ធ្វើ​ប្លង់​ហ្នឹង បរិវេណ​វត្ត​ហ្នឹង ដាក់​ព្រំប្រទល់​ណាស់។ ព្រំ​ប្រទល់​ខាង​លិច​គាត់​ដាក់​ជាប់​ព្រំប្រទល់​​របង​វៀតណាម។ អ៊ីចឹង​ចំណុច​ហ្នឹង​ដែល​ខ្ញុំ​មិន​ទទួល​យក​បាន»

រហូត​មក​ដល់​ពេល​នេះ ទី​តាំង​ដែល​មាន​ការ​ប្រទាញ​ប្រទង់​គ្នា​រវាង​ភាគី​ទាំង​ពីរ​នៅ​តែ​ជាប់​គាំង។ ចំណែក​ភាគី​កម្ពុជា នៅ​តែ​មិន​អាច​សង់​របង​វត្ត​បាន ដោយសារ​តែ​ភាគី​វៀតណាម អះអាង​ថា ជា​ដី​របស់​ខ្លួន។ ចំណែក​របង​ដែល​ធ្វើ​បាន​មួយ​ផ្នែក​នៅ​ពី​ក្រោយ​វត្ត​ដែល​ដឹក​នាំ​ដោយ​លោក ប្រាក់ វន្នី មេ​ឃុំ​ជាំ មក​ពី​គណបក្ស​ប្រឆាំង សម រង្ស៊ី ត្រូវ​បាន​មន្ត្រី​ថ្នាក់​ខេត្ត​បញ្ជា​ឲ្យ​បំផ្លាញ​ចោល​តាម​សំណើ​របស់​វៀតណាម ដោយ​សំអាង​ថា ជា​តំបន់​មិន​ទាន់​បាន​កំណត់​ត្រឹមត្រូវ​នៅ​ឡើយ។

ទីតាំង​វត្ត​បឹងជ្រោង ដែល​ពលរដ្ឋ​អះអាង​ថា វៀតណាម​រំកិល​ចូល​ជិតដល់​កាំ​ជណ្ដើរ​វត្ត គឺ​ស្ថិត​នៅ​ចន្លោះ​បង្គោល​លេខ ៩៤ និង​បង្គោល​លេខ ៩៥ ស្ថិត​ក្នុង​ភូមិសាស្ត្រ​ឃុំ​ជាំ ស្រុក​មេមត់។ បញ្ហា​នេះ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​នេះ​បាន​តូច​ចិត្ត ហើយ​ចាត់​ទុក​ថា កម្ពុជា​ពុំ​ដែល​បាន​ចំណេញ​ពី​គោលនយោបាយ​តាម​រួប​មន្ត​ធ្មេញ​រណា ដូច​ដែល​រដ្ឋាភិបាល​តែង​អះអាង​នោះ​ទេ។

ក្មេងៗ​ក្នុង​មូលដ្ឋាន​នេះ ឲ្យ​ដឹង​ថា សព្វ​ថ្ងៃ​​គេ​មិន​អាច​ដើរ​រើស​ខ្យង​ក្ដាម​​​លើ​ទឹក​ដី​ដែល​គេ​ធ្លាប់​រើស​ដូច​មុន​ទៀត​ឡើយ ព្រោះ​វៀតណាម បាន​គ្រប់គ្រង​ដី​វត្ត​មួយ​ផ្នែក​តាំង​ពី​ឆ្នាំ​១៩៩៨ មក គឺ​បន្ទាប់​ពី​ពេល​ដែល​កម្លាំង​ទាហាន​ខ្មែរ​ក្រហម​រួបរួម​ជាមួយ​រដ្ឋាភិបាល។

កំពុង​អោន​ងើបៗ​រើស​ផ្លែ​ស្លែង​ដាក់​ក្នុង​ស្បោង កុមារី​ដែល​មាន​វ័យ​ជាង ១០​ឆ្នាំ ប្រាប់​​ថា រដ្ឋាភិបាល​វៀតណាម បាន​ចូល​គ្រប់គ្រង​​ក្នុង​ដី​ខ្មែរ​ស្ទើរ​ដល់​កាំ​ជណ្ដើរ​វត្ត​​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ៖ «រឹប​អូស​យូរ​ហើយ... ប៉ុណ្ណឹង​ចម្ការ​អំពៅ​វៀតណាម...»

បន្ថែម​លើ​នេះ ​ស្ត្រី​ដែល​មាន​វ័យ​ចាស់​ជរា​ម្នាក់​ ឈ្មោះ ញឹក មាស មាន​លំនៅឋាន​ជិត​វត្ត​បឹងជ្រោង និង​ចងចាំ​គ្រប់​សាវតារ មាន​ប្រសាសន៍​ថា នៅ​ក្នុង​សម័យ​សង្គម​រាស្ត្រនិយម ព្រំដែន​​នៅ​ឆ្ងាយ​ពី​វត្ត​ប្រមាណ ៦ ទៅ ៨​គីឡូម៉ែត្រ ដែល​ផ្ទុយ​ពី​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ពេល​នេះ៖ «ដី​វត្ត​ទូលាយ​ទូលំ​ណាស់ ល្ខោន អាយ៉ៃ យីកេ​អី​សប្បាយ​ណាស់ វត្ត​បឹងជ្រោង លោក​រាប់​រយ​អង្គ។ ឥឡូវ​ហ្នឹង​គេ​កើត​របង​កើត​អី​ខ្ញុំ​​មិន​សូវ​ដឹង​ទេ កាល​ពី​ដើម​សប្បាយ​​ណាស់ មាន​របង​អី​ទេ»

របង​ដែល​ធ្វើ​ពី​ឫស្សី និង​ផ្នែក​ខ្លះ​ទៀត​ដាំ​កូនឈើ​ចម្រុះ​ជួស​​ព័ន្ធ​​ទៅ​ដោយ​​បន្លា​លួស ត្រូវ​បាន​ពលរដ្ឋ​ដែល​មាន​លំនៅឋាន​ក្បែរ​វត្ត​គិរីមានជ័យ អះអាង​ថា ជា​ការ​សាង និង​រៀបចំ​ឡើង​ដោយ​អាជ្ញាធរ​វៀតណាម ក្នុង​ចេតនា​ហ៊ុមព័ទ្ធ​យក​ទឹកដី​កម្ពុជា ព្រមទាំង​ព្រមាន​អាជ្ញាធរ ពលរដ្ឋ និង​ព្រះសង្ឃ​ខ្មែរ​មិន​ឲ្យ​ធ្វើ​របង​វត្ត​ថែម​ទៀត។

ពលរដ្ឋ​ដែល​មាន​លំនៅឋាន​ក្បែរ​វត្ត​បឹងជ្រោង និយាយ​ថា នៅ​មុន​ឆ្នាំ​១៩៧៩ ដី​ស្រែ​ចម្ការ និង​ទីតាំង​វត្ត​មួយ​ផ្នែក គឺ​ជា​កម្មសិទ្ធិ​របស់​ពលរដ្ឋ​ខ្មែរ​ដែល​មាន​ចម្ងាយ​ពី​​ព្រំដែន​ប្រមាណ​ជាង ៣​គីឡូម៉ែត្រ​ពី​ខ្សែ​ព្រំដែន​ចាស់ ហើយ​តែង​អាស្រ័យ​ផល​ប្រកប​របរ​កសិកម្ម​ត​តាំង​ពី​ដូន​តា​មក។ ក៏​ប៉ុន្តែ​​​ប្រជាពលរដ្ឋ​នៅ​​ទី​នេះ អះអាង​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ដី​ស្រែ ដោយ​រួម​ទាំង​ទីតាំង​វត្ត​ផង ត្រូវ​វៀតណាម វាតទី​យក​ជា​ឯកតោ​ភាគី និង​បណ្ដេញ​ពលរដ្ឋ​ម្ចាស់​លំនៅឋាន​ជា​បន្ត​បន្ទាប់។

ពលរដ្ឋ​ដដែល​បន្ត​ថា ក្រោយ​ឆ្នាំ២០០៧ វៀតណាម​បាន​រំកិល​ចូល​ដី​ខ្មែរ​ប្រមាណ ៣០​ម៉ែត្រ​ទៀត៖ «យើង​ធ្លាប់​ធ្វើ​ស្រែ​ពី​ដើម​ហ្នឹង​វាល​ជ្រោង​ហ្នឹង យើង​ធ្វើ​ទាំង​អស់​ហ្នឹង។ ឥឡូវ​តាំង​ពី​គេ​មក គេ​ថា ដី​គេ​អស់​ហើយ។ ខេត្ត​តៃនិញ ចៅហ្វាយ​ខេត្ត​គេ​មិន​ឲ្យ​ធ្វើ អ៊ីចឹង​លោក​កេណ្ឌ​ប្រជាជន​ហ្នឹង​ធ្វើ រួច​ទៅ​ធ្វើ​អត់​បាន កន្លែង​ដែល​ស្នាមៗ ស្នាម​វៃ​របង​ធ្វើ​រួច​ម្ដង​ហើយ ​ដែល​​ឆ្នាំ​១៩៨៥​ហ្នឹង ខ្ញុំ​ចុះ​មក​ធ្វើ ឆ្នាំ​២០០៧ ចេះ​តែ​ខិត​ចូលៗ​មក ធ្វើ​តាម​ចិត្ត​វា វា​អត់​សួរ​យើង»

ទាក់​ទង​រឿង​បញ្ហា​ព្រំដែន​នេះ អភិបាល​ខេត្ត​កំពង់ចាម គឺ​លោក ហ៊ុន ណេង មាន​ប្រសាសន៍​យ៉ាង​ខ្លី​នៅ​ថ្ងៃ​ទី​១១ ខែ​វិច្ចិកា ថា លោក​នៅ​មិន​ទាន់​បាន​ទទួល​ព័ត៌មាន​ជា​ផ្លូវការ​ណា​មួយ​ថា មាន​ការ​ហ៊ុមព័ទ្ធ​យក​ដី​វត្ត ដែល​ធ្វើ​ឡើង​ដោយ​រដ្ឋាភិបាល​វៀតណាម នេះ​នៅ​ឡើយ​ទេ។ យ៉ាង​ណា​ក៏​ដោយ លោក​មិន​បាន​បញ្ជាក់​ថា តើ​អាជ្ញាធរ​កម្ពុជា នឹង​ចាត់​វិធានការ​ចំពោះ​បញ្ហា​នេះ​យ៉ាង​ណា​នោះ​ឡើយ។

លោក​ដាក់​ការ​ទទួល​ខុស​ត្រូវ​លើ​បញ្ហា​នេះ​ថា គឺ​ជា​បន្ទុក​របស់​គណៈកម្មាធិការ​​ព្រំដែន​កម្ពុជា៖ «អូ! ក្ដាប់​អត់​ទាន់​បាន​ទេ ខ្ញុំ​កំពុង​ជាប់​រវល់​បន្តិច​ណា។ ...​គេ​កំពុង​ធ្វើ​ការងារ​ព្រំដែន​ត្រង់​ហ្នឹង​តើ មិន​ចុះ​ទៅ​មើល ចាំ​តែ​សួរ​តាម​ទូរស័ព្ទ​ហ្នឹង​អ្ហា! ខ្ញុំ​មិន​បាន​ក្ដាប់​បាន ឥឡូវ​ខ្ញុំ​​កំពុង​ជាប់​រវល់​បន្តិច​ណាស់ ប៉ុណ្ណឹង​ហើយ»

លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៊ី ហៅ​ការ​​រំកិល​ព្រំ​ដែន​នេះ​ថា គឺជា​រូបភាព​នៃ​ការ​រំលោភ​លើ​អធិបតេយ្យ​របស់​កម្ពុជា យ៉ាង​ពិតប្រាកដ។ ក៏​ប៉ុន្តែ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់​ជំហរ​​តាមរយៈ​ការ​បកស្រាយ​រឿង​ព្រំដែន​តាម​សំណើ​របស់​បក្ស​ប្រឆាំង សម រង្ស៊ី កាល​ពី​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១២ ​នៅ​រដ្ឋ​សភា​ថា ​រដ្ឋាភិបាល​ក្រោម​ការ​ដឹកនាំ​របស់​លោក នឹង​មិន​ធ្វើ​ឲ្យ​កម្ពុជា ត្រូវ​រំលំ​រំលាយ ឬ​បាត់បង់​ទឹកដី​ទៅ​ប្រទេស​ជិត​ខាង​នោះ​ឡើយ។

លោក​នាយក​រដ្ឋមន្ត្រី​ក៏​បាន​បញ្ជាក់​ដែរ​ថា ខ្សែ​បន្ទាត់​ព្រំ​ដែន​ថ្មី​នេះ អាច​មាន​​ទឹក​ដី​ខ្មែរ​​ខ្លះ​​​ត្រូវ​កាត់​ចូល​ទៅ​ក្នុង​ទឹក​ដី​វៀតណាម ​​ហើយ​ទឹក​ដី​វៀតណាម ខ្លះ ក៏​ត្រូវ​កាត់​ចូល​​មក​ទឹក​ដី​ខ្មែរ​វិញ​ដែរ៖ «បើ​យើង​គន់គូរ​នៅ​ទី​នេះ ទាប​បំផុត​​​ដី​របស់​យើង​មាន​ច្រើន​ជាង​រាល់​ថ្ងៃ ហើយ ១៨១.៣១២​គីឡូម៉ែត្រ​ការ៉េ​នេះ មិន​ទាន់​គិត​កោះ​នៅ​តាម​សមុទ្រ​ផង​ទេ»

ការ​សន្យា​​របស់​លោក ហ៊ុន សែន ត្រូវ​បាន​លោក យឹម សុវណ្ណ ចាត់​ទុក​ថា ​ការ​គង់វង្ស​នៃ​ផ្ទៃ​ដី​របស់​ខ្មែរ​ក្នុង​អាណត្តិ​នៃ​ការ​គ្រប់​គ្រង​របស់​គណបក្ស​ប្រជាជន​កម្ពុជា មាន​តែ​នៅ​ក្នុង​ក្រដាស​ប៉ុណ្ណោះ ដែល​ផ្ទុយ​ពី​អ្វី​ដែល​កម្ពុជា កំពុង​ប្រឈម​ក្នុង​ពេល​បច្ចុប្បន្ន​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន។

លោក យឹម សុវណ្ណ បន្ត​ថា៖ «ប៉ុន្តែ​ជាក់​ស្ដែង​យើង​ឃើញ​ហើយ អើ​នេះ​គឺ​ជា​ភស្តុតាង​ជាក់​ស្ដែង​មួយ ជា​ថ្មី​ម្ដង​ទៀត ដែល​បង្ហាញ​​ថា ប្រទេស​កម្ពុជា​យើង ត្រូវ​ប្រទេស​វៀតណាម កំពុង​តែ​រំលោភ​​ចូល​ទឹក​ដី​របស់​យើង»

ដោយសារ​ប្រទេស​កម្ពុជា មាន​ប្រវត្តិ​បាត់​បង់​ទឹក​ដី​​ទៅ​ប្រទេស​ជិត​ខាង​កន្លង​មក ទើប​​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ ជា​ពិសេស​ប្រជាពលរដ្ឋ​រស់​នៅ​ជាប់​ព្រំដែន ចេះ​តែ​ព្រួយ​បារម្ភ​ខ្លាច​បាត់​ដី​បន្ត​​ទៅ​ទៀត។

មាន​ឯកសារ​ជា​ច្រើន​ដែល​​បាន​សរសេរ​អំពី​​ប្រវត្តិ​ខ្មែរ​បាត់​ដី។ ឧទាហរណ៍​ឯកសារ​ដំណើរ​ឆ្ពោះ​ទៅ​ទិស​ខាង​លិច និង​ឥណ្ឌូចិន ដែល​ត្រូវ​បាន​បោះ​ពុម្ព​ក្នុង​ឆ្នាំ​២០០០ របស់​លោក នួន ឃឿន ឲ្យ​ដឹង​ថា តាំង​ពី​អតីត​កាល​អាណានិគម និង​មហិច្ឆតា​ពង្រីក​ទឹក​ដី​និយម​របស់​ប្រទេស​វៀតណាម និង​ប្រទេស​ថៃ គឺ​ជា​ការ​គំរាមកំហែង​ដ៏​គ្រោះថ្នាក់​បំផុត​សម្រាប់​កម្ពុជា។ មុន​ការ​មក​ដល់​នៃ​អាណា​ព្យាបាល​បារាំង នៅ​ដើម​សតវត្ស​ទី​១៩ ប្រទេស​កម្ពុជា និង ឡាវ សឹង​ទទួល​ស្គាល់​វាសនា​អភ័ព្វ​ដូច​នគរ​ចម្ប៉ា និង​កម្ពុជា​ក្រោម។

ឯកសារ​ឲ្យ​ដឹង​ទៀត​ថា ក្នុង​រាជ​ព្រះបាទ មិញ ម៉ាង (Minh Mang) ចន្លោះ​ឆ្នាំ​១៨២០ ដល់​ឆ្នាំ​១៨៤១ កម្ពុជា​ទាំង​មូល​ត្រូវ​ប្រទេស​ថៃ និង វៀតណាម ​បែងចែក​ជា​ពីរ​តំបន់ ដែល​មាន​​ព្រំ​ប្រទល់​ខណ្ឌ​សីមា​ត្រង់​ខេត្ត​ពោធិ៍សាត់ និង​ខេត្ត​បាត់ដំបង ហើយ​ខ្សែ​បន្ទាត់​នៃ​ព្រំប្រទល់​នេះ ឆ្លង​បឹង​ទន្លេសាប​ឡើង​ទៅ​ដល់​ម្លូព្រៃ មុន​នឹង​តម្រង់​ឆ្ពោះ​ទៅ​ខេត្ត​ស្ទឹងត្រែង សព្វ​ថ្ងៃ។

បើ​តាម​ឯកសារ​ ដី ១ ភាគ ៣ នៃ​កម្ពុជា ភាគ​ខាង​ជើង​បឹង​ទន្លេ​សាប ត្រូវ​បាន​​ប្រទេស​ថៃ ឈ្លាន​ពាន​យក។ ចំណែក ២ ភាគ ៣ នៃ​ផ្ទៃដី​ខ្មែរ ក្រោម​ខ្សែ​បន្ទាត់​នោះ​ក្លាយ​ជា​អាណា​ខេត្ត​របស់​ប្រទេស​វៀតណាម ឈ្មោះ ត្រាន តាយថាញ់ (Tran Tay Thanh) ដែល​មាន​មេទ័ព ទ្រឿង មិញ យ៉ាង (Truong Minh Giang) ជា​ស្ដេច​ក្រាញ់​តាំង​រដ្ឋធានី​របស់​វៀតណាម ដាក់​ឈ្មោះ​ថា ណាំយ៉ាង ​ខ្មែរ​ហៅ​ថា ភ្នំពេញ នេះ​ឯង។ ដោយសារ​មេរៀន​ប្រវត្តិសាស្ត្រ​ដូច្នេះ​​ហើយ ទើប​​ប្រជាពលរដ្ឋ និង​អ្នក​នយោបាយ​ខ្មែរ​ខ្លះ តែ​ង​តែ​ព្រួយ​បារម្ភ​ខ្លាច​បាត់​ដី ថែម​ទៀត។ បើ​ទោះ​បី​ជា​រដ្ឋាភិបាល​សព្វថ្ងៃ​​បាន​ប្រកាស​ជា​ឱឡារិក ធានា​ថា ការ​វាស់​ព្រំដែន​ថ្មី​នេះ ​មិន​​ធ្វើ​បាត់​ដី​ខ្មែរ​យ៉ាង​ណា​ក៏ដោយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។