កម្ពុជា-​វៀតណាម​ជួប​ប្រជុំ​លើក​ទី​៥​ស្ដីពី​បញ្ហា​ព្រំដែន

គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​កម្ពុជា និង​វៀតណាម បាន​ជួប​ប្រជុំ​គ្នា​លើក​ទី​៥ នៅ​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៤ និង ២៦ កុម្ភៈ​នេះ ដោយ​ផ្ដោត​ការ​ពិភាក្សា​លើ​លទ្ធផល​ការងារ​ដែល​ធ្វើ​បាន​កន្លង​មក​ក្នុង​ឆ្នាំ​២០១០ និង​លើក​គម្រោង​ការងារ​ត្រូវ​ធ្វើ​ជា​បន្ត​ទៀត ទាក់ទង​នឹង​បញ្ហា​ព្រំដែន​កម្ពុជា-​វៀតណាម។

កម្ពុជា និង​វៀតណាម មាន​គម្រោង​បោះ​បង្គោល​ព្រំដែន​គោក​ឲ្យ​បាន​ចំនួន ១០០​បង្គោល​លើ​ដី​ជាក់​ស្ដែង និង​ខណ្ឌសីមា​ព្រំដែន​គោក​ប្រទេស​ទាំង​ពីរ​ឲ្យ​បាន ៥០០​គីឡូម៉ែត្រ​លើ​ដី​ជាក់​ស្ដែង និង​ធ្វើ​ផែនទី​ឋានលេខា​ព្រំដែន​គោក​កម្ពុជា-​វៀតណាម។

នេះ​ជា​របៀបវារៈ​មួយ​ក្នុង​ចំណោម​សេចក្ដី​ព្រាង​របៀបវារៈ​ប្រជុំ​ចំនួន ៥​ចំណុច នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​កម្ពុជា និង​វៀតណាម បាន​ជួប​ប្រជុំ​គ្នា​លើក​ទី​៥ នៅ​ទីក្រុង​ភ្នំពេញ ដែល​បាន​ចែក​ផ្សាយ​ឲ្យ​អ្នក​កាសែត ដែល​បាន​តាម​ដាន​ស្រង់​ព័ត៌មាន​កិច្ច​ប្រជុំ​នោះ។

ឯកសារ​ដែល​ចែក​ផ្សាយ​ដល់​អ្នក​កាសែត បាន​ឲ្យ​ដឹង​ថា របៀបវារៈ​កិច្ច​ប្រជុំ ៤​ចំណុច​ទៀត រួម​មាន​ទី​១ របាយការណ៍​បូក​សរុប​ការងារ​ខណ្ឌសីមា និង​ការ​បោះ​បង្គោល​ព្រំដែន​គោក ឆ្នាំ​២០១០ កន្លង​មក​រវាង​ប្រទេស​ទាំង​២។ ទី​២ អនុម័ត​លទ្ធផល​កំណត់​ហេតុ​ប្រជុំ​ក្រុម​ជំនាញ​លើក​ទី​១៤ និង​កំណត់​ហេតុ​កិច្ច​ប្រជុំ​លើក​ទី​៣ នៃ​ក្រុម​ជំនាញ​បច្ចេកទេស ហ្ជីភីអេស (GPS) នៃ​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា និង​បោះ​បង្គោល​ព្រំដែន​កម្ពុជា-​វៀតណាម។ ទី​៣ ពិភាក្សា​រក​ដំណោះស្រាយ​បញ្ហា​បង្គោល​ព្រំដែន​លេខ​២៧៥ នៅ​ច្រក​ទ្វារ​អន្តរជាតិ នៅ​ភ្នំ​ដិន អាងយ៉ាង នា​ខេត្ត​តាកែវ បង្គោល​លេខ​៣០ នៅ​អណ្ដូង​ពេជ្រ ឡេថាញ់ នា​ខេត្ត​រតនគិរី និង​បង្គោល​លេខ​៣១៤ នៅ​កំពត គៀងយ៉ាង និង​ទី​៥ បញ្ហា​ផ្សេងៗ ដែល​ក្នុង​នោះ​មាន​ការ​ចុះ​ត្រួត​ពិនិត្យ​ការ​គ្រប់គ្រង​ជាក់​ស្ដែង​លើ​ទីតាំង​បង្គោល​លេខ​២៤១ ដល់ ២៤៥ នៅ​ចន្លោះ​ទន្លេ​មេគង្គ និង​ទន្លេ​បាសាក់ ដោយ​ក្រុម​បច្ចេកទេស​នៅ​ខេត្ត​កណ្ដាល និង​អាងយ៉ាង បន្ថែម​ល្បឿន​ការ​បោះ​បង្គោល​តម្រុយ​ខណ្ឌសីមា លើ​ដី​ជាក់​ស្ដែង​ឲ្យ​បាន​ឆាប់។

លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រី និង​ជា​ប្រធាន​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​កម្ពុជា-​វៀតណាម បាន​ជួប​ប្រជុំ​ជាមួយ​លោក ហូ ស៊ុនសឺន (Ho Xuan Son) អនុ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​វៀតណាម និង​ជា​ប្រធាន​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​វៀតណាម-​កម្ពុជា ចាប់​ពី​ថ្ងៃ​ទី​២៤ ដល់​ទី​២៦ កុម្ភៈ នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​កម្ពុជា នៅ​ទីក្រុង​ភ្នំពេញ។

នៅ​ថ្ងៃ​ទី​២៤ កុម្ភៈ​នេះ លោក​ទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ដោយ​រវល់​ជាប់​ប្រជុំ បដិសេធ​មិន​ទាន់​ធ្វើ​អត្ថាធិប្បាយ​លើ​លទ្ធផល​នៃ​កិច្ច​ប្រជុំ​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា និង​បោះ​បង្គោល​ព្រំដែន​គោក​កម្ពុជា និង​វៀតណាម​ទេ។

លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ និង​ជា​តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ដែល​ជា​សកម្មជន​យក​ចិត្ត​ទុក​ដាក់​ក្នុង​បញ្ហា​ព្រំដែន និង​ធ្លាប់​បាន​ចុះ​ទៅ​ពិនិត្យ​បង្គោល​ព្រំដែន​កម្ពុជា-​វៀតណាម នៅ​កន្លែង​មួយ​ចំនួន​ក្នុង​ខេត្ត​កំពង់ចាម តាកែវ ព្រៃវែង ស្វាយរៀង ដែល​នៅ​ទី​នោះ​អ្នក​ស្រុក​ធ្លាប់​បាន​តវ៉ា​ថា មាន​ការ​បាត់បង់​ដី​ស្រែ​ដោយសារ​ការ​បោះ​តម្រុយ​បង្គោល​ព្រំដែន​ថ្មី​នោះ បាន​មាន​ប្រសាសន៍​ថា លោក​សុំ​ឲ្យ​មាន​ការ​បោះ​បង្គោល​ព្រំដែន​ឲ្យ​បាន​ត្រឹមត្រូវ​ ចៀសវាង​ការ​បាត់បង់​ទឹក​ដី ជាពិសេស​ការ​បាត់បង់​ដី​ខ្មែរ។

លោក រ៉ុង ឈុន មាន​ប្រសាសន៍​បន្ថែម ៖ «យើង​មើល​ឃើញ​ទាំង​បង្គោល ទាំង​តម្រុយ ភាគ​ច្រើន​បោះ​ចូល​មក​ក្នុង​ទឹក​ដី​កម្ពុជា​យើង ហើយ​អា​ត្រង់​ចំណុច​ដែល​គណៈកម្មការ​ព្រំដែន​កម្ពុជា-​វៀតណាម អះអាង​ថា ការ​បោះ​ចូល​ទាំង​សង​ខាង​គេ​ក៏​ចូល​យើង​ក៏​ចូល ប៉ុន្តែ​យើង​អត់​ឃើញ អត់​មាន​ឃើញ​អា​ការ​បោះ​ចូល​ទៅ​ក្នុង​ទឹក​ដី​គេ ហើយ​យើង​ចង់​ឲ្យ​គណៈកម្មការ​ព្រំដែន​កម្ពុជា​ហ្នឹង ត្រូវ​តែ​ចង្អុល​បង្ហាញ​ឲ្យ​ច្បាស់ ហើយ​យើង​ស្នើ​សុំ​ថា ឲ្យ​ព្យួរ​ការ​បោះ​បង្គោល​ព្រំដែន​ហ្នឹង​ជា​អន្លើ​សិន​ទៅ ហើយ​ត្រូវ​តែ​រក​ដំណោះស្រាយ»

ការ​បោះ​បង្គោល​ព្រំដែន​កម្ពុជា-​វៀតណាម ជា​បញ្ហា​រសើប​មួយ និង​មាន​ប្រជាពលរដ្ឋ​ខ្លះ​បាន​ចោទ​ប្រកាន់​ថា ការ​បោះ​បង្គោល​ព្រំដែន​នោះ​បណ្ដាល​ឲ្យ​មាន​ការ​បាត់បង់​ដី​ស្រែ​កេរ​ពី​ដូនតា និង​មាន​ប្រជាពលរដ្ឋ​ខ្លះ រួម​ទាំង​អ្នក​នយោបាយ​ផង ត្រូវ​ជាប់​ឃុំ ឬ​រត់​ចោល​ស្រុក ដោយសារ​មាន​ការ​និយាយ​ថា បាត់​ដី​ស្រែ​ដោយសារ​ការ​បោះ​បង្គោល​ព្រំដែន បាន​ប៉ះពាល់ និង​ដក​តម្រុយ​បង្គោល​ព្រំដែន ដូចជា​ករណី​លោកស្រី មាស ស្រី និង​លោក សម រង្ស៊ី នៅ​ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង ជាដើម។

លោក​ទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ធ្លាប់​បាន​ថ្លែង​ថា រាជ​រដ្ឋាភិបាល​កម្ពុជា ក្រោម​ការ​ដឹក​នាំ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មិន​បាន​​លេង​សើច​លើ​ដំណើរការ​បោះ​បង្គោល​កំណត់​ព្រំដែន​នោះ​ទេ ពោល​គឺ​រដ្ឋាភិបាល​បាន​អនុវត្ត​តាម​ច្បាប់​យ៉ាង​ត្រឹមត្រូវ ដោយ​យក​តាម​ផែនទី​ខ្នាត ១​លើ​១០០​ពាន់​របស់​ក្រុម​ភូមិសាស្ត្រ​ឥណ្ឌូចិន ដើម្បី​កសាង​ព្រំដែន​សន្តិភាព​ទៅ​អនាគត។

លោក​ឲ្យ​ដឹង​ថា ក្នុង​ចម្ងាយ​ព្រំដែន​កម្ពុជា-​វៀតណាម ប្រវែង ១.២៧០​គីឡូម៉ែត្រ រដ្ឋាភិបាល​ទាំង​ពីរ​បាន​ឯកភាព​គ្នា​ថា នឹង​បោះ​បង្គោល​ព្រំដែន​ដែល​មាន​ចំនួន ៣៧៥​បង្គោល​ឲ្យ​រួចរាល់​ជា​ស្ថាពរ​នៅ​មុន​ដាច់​ឆ្នាំ​២០១២។

គួរ​រំឭក​ថា គណៈកម្មាធិការ​ចម្រុះ​បោះ​បង្គោល​ព្រំដែន​កម្ពុជា-​វៀតណាម បាន​ចាប់​ផ្តើម​បោះ​តាំង​ពី​ឆ្នាំ​២០០៦ មក​ម្ល៉េះ ហើយ​មក​ដល់​ដំណាច់​ឆ្នាំ​២០១០ រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ​បាន​បោះ​បង្គោល​ព្រំដែន​បាន​ជាង ២០០​បង្គោល​ហើយ៕