ថ្មីៗនេះបណ្ដាញសារព័ត៌មានថៃ បានដកស្រង់សម្ដីប្រភពមន្ត្រីថៃថា អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ (Thaksin Shinawatra) គ្រោងនឹងមកកម្ពុជា ដើម្បីធ្វើវិនិយោគទុនលើវិស័យប្រេងកាត និងឧស្ម័នក្នុងតំបន់ដែនសមុទ្រត្រួតគ្នាក្នុងឈូងសមុទ្រថៃ។
រដ្ឋាភិបាលកម្ពុជា នៅថ្ងៃអង្គារ ទី៣០ សីហា បានបដិសេធព័ត៌មានផ្សាយតាមបណ្ដាញផ្សព្វផ្សាយមួយចំនួននោះថា រដ្ឋាភិបាលកម្ពុជា និងថៃ កំពុងចរចាបញ្ហាតំបន់ត្រួតស៊ីគ្នាក្នុងឈូងសមុទ្រថៃ ដើម្បីដោះដូរផលប្រយោជន៍ផ្ទាល់ខ្លួន។ ប៉ុន្តែអាជ្ញាធរប្រេងកាតជាតិកម្ពុជា បានសម្ដែងការស្វាគមន៍នូវការចាប់ផ្ដើមចរចាជាថ្មីឡើងវិញ និងជាផ្លូវការលើបញ្ហាតំបន់ត្រួតស៊ីគ្នា និងបន្តដោះស្រាយបញ្ហាឲ្យបានឆាប់ៗ ដើម្បីផលប្រយោជន៍ទៅវិញទៅមករវាងកម្ពុជា និងថៃ។
សេចក្ដីថ្លែងការណ៍របស់រដ្ឋាភិបាលកម្ពុជា ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលថៃ កាលពីដើមខែសីហា បានប្រកាសពីគោលបំណងក្នុងការចរចាឡើងវិញជុំវិញបញ្ហាតំបន់ត្រួតស៊ីគ្នានៅឈូងសមុទ្រថៃ ក្រោយពេលដែលបញ្ហានេះបានពន្យារពេល ៥ឆ្នាំរួចមកហើយ។ កម្ពុជា និងថៃ បានបង្កើតអនុស្សរណៈយោគយល់គ្នាកាលពីឆ្នាំ២០០១ អំពីគម្រោងរៀបចំរួមគ្នានៅលើតំបន់ឈូងសមុទ្រត្រួតស៊ីគ្នា។
កិច្ចព្រមព្រៀងនេះបានខកខានមិនបានសម្រេចដោយសារតែរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលលោក ថាក់ស៊ីន កាលពីឆ្នាំ២០០៦។ អនុស្សរណៈយោគយល់គ្នាត្រូវបានអតីតរដ្ឋាភិបាលលោក អាភីស៊ិត វេតឆាឈីវ៉ាក់ (Abhisit Vejjajiva) បានលុបចោលកាលពីឆ្នាំ២០០៩ នៅពេលដែលលោក ថាក់ស៊ីន ត្រូវបានរដ្ឋាភិបាលកម្ពុជា តែងតាំងជាទីប្រឹក្សាសេដ្ឋកិច្ចខ្លួន។
សេចក្ដីថ្លែងការណ៍របស់អាជ្ញាធរប្រេងកាតកម្ពុជា ផ្សាយនៅថ្ងៃអង្គារ បានឲ្យដឹងថា លទ្ធផលចរចាឆ្នាំ២០០១ ទទួលបានផ្លែផ្កាយ៉ាងច្រើន ហើយប្រទេសទាំងពីរបានលើកឡើងសំណើពីរផ្សេងគ្នា សម្រាប់តំបន់អភិវឌ្ឍន៍រួម និងសំណើបែងចែកតំបន់អភិវឌ្ឍន៍រួមគ្នាជាបីចំណែក។ ប៉ុន្តែសំណើត្រូវបានពន្យារពេលដោយសាររដ្ឋាភិបាលលោក ថាក់ស៊ីន បានបាត់បង់អំណាច។
កាសែតថៃផ្សាយកាលពីដើមខែសីហា ថា លោក ថាក់ស៊ីន អតីតទីប្រឹក្សាសេដ្ឋកិច្ចកម្ពុជា និងទីប្រឹក្សាផ្ទាល់របស់លោក ហ៊ុន សែន បានបញ្ជាឲ្យរដ្ឋមន្ត្រីឧស្សាហកម្មថៃ រៀបចំផែនការសហការនឹងកម្ពុជា ដើម្បីបង្កើតកិច្ចព្រមព្រៀងក្នុងវិស័យប្រេងកាត។ លោកចង់ឲ្យក្រុមហ៊ុនរដ្ឋថៃ ឈ្មោះថា ភធីធី (PTT) មានភាគហ៊ុនក្នុងវិនិយោគទុននេះផងដែរ។ គម្រោងដំណើរទស្សនកិច្ចនៅកម្ពុជា របស់លោក ថាក់ស៊ីន ត្រូវបានពន្យារពេលដោយមិនបញ្ជាក់មូលហេតុ។
កាលពីដើមឆ្នាំ២០១០ កន្លងទៅនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា ក្រុមហ៊ុនឈ្មោះ ឆេវរ៉ុន (Chevron) សហរដ្ឋអាមេរិក ដែលបានរកឃើញអណ្ដូងប្រេងចំនួន ៤កន្លែង នៅបាតសមុទ្ទកម្ពុជា ក្នុងខេត្តព្រះសីហនុ។ ក្រុមហ៊ុននេះនឹងបូមយកដំណក់ប្រេងដំបូងនៅថ្ងៃទី១២ ខែ១២ ឆ្នាំ២០១២ នៅវេលាម៉ោង ១២យប់៕