របាយការណ៍​ស្រាវជ្រាវ៖ យុវជន​ខ្មែរ​ខ្វះ​ការ​យល់​ដឹង​ពី​លទ្ធិប្រជាធិបតេយ្យ

ការ​សិក្សា​ស្រាវជ្រាវ​មួយ​បាន​រក​ឃើញ​ថា យុវជន​ខ្មែរ​មិន​សូវ​បាន​ចាប់​អារម្មណ៍ និង​ចូល​រួម​ក្នុង​ដំណើរការ​អនុវត្តន៍​លទ្ធិប្រជាធិបតេយ្យ​ទេ។

0:00 / 0:00

កម្មវិធី​អភិវឌ្ឍន៍​អង្គការ​សហប្រជាជាតិ (UNDP) សហការ​ជាមួយ​នឹង BBC World Service Trust បាន​ចេញ​របាយការណ៍​ស្រាវជ្រាវ​មួយ​រក​ឃើញ​ថា យុវជន​ខ្មែរ​មាន​ការ​ពេញ​ចិត្ត​ចំពោះ​ទិសដៅ​នៃ​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន ប៉ុន្តែ​ពួកគេ​ខ្វះ​ការ​យល់​ដឹង​អំពី​ដំណើរការលទ្ធិ​ប្រជាធិបតេយ្យ និង​ខ្វះ​ការ​ចូលរួម​នៅ​ក្នុង​ឆាក​នយោបាយ និង​សេដ្ឋកិច្ច​នៅ​ក្នុង​សង្គម។

ការ​សិក្សា​ស្រាវជ្រាវ​នេះ​បាន​ធ្វើ​ឡើង​រយៈពេល ៨​ខែ នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​មាន​កិច្ច​សម្ភាសន៍​ទល់​មុខ​គ្នា​ជាមួយ​យុវជន​ចំនួន ២.០០០​នាក់ ដែល​មាន​អាយុ​រវាង​ពី ១៥​ឆ្នាំ ទៅ ២៤​ឆ្នាំ។

នាយក​នៃ​អង្គការ UNDP ប្រចាំ​នៅ​ក្នុង​ប្រទេស​កម្ពុជា លោកស្រី អីលីណា ទីហ្សីនកូ (Elena Tischenko) បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​កាសែត​នៅ​ថ្ងៃ​ទី​២១ ខែ​កក្កដា ថា ប្រទេស​កម្ពុជា មាន​ការ​អភិវឌ្ឍ​ក្នុង​ការ​បង្កើត​ស្ថាប័ន​រដ្ឋ និង​សមត្ថភាព​របស់​ខ្លួន ចំណែក​ឯ​មនុស្ស​ជំនាន់​ក្រោយ​ក៏​ចេះ​តែ​កើត​មាន​ជា​ច្រើន ៖ «ការ​សិក្សា​ស្រាវជ្រាវ​នេះ​បាន​បង្ហាញ​ឲ្យ​ដឹង​អំពី​អ្វី​ដែល​យុវជន​ជំនាន់​ក្រោយ​កំពុង​តែ​ប្រឈម​មុខ​នឹង​អ្វី​ដែល​យុវជន​អាច​ចូល​រួម​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា»

ការ​សិក្សា​ស្រាវជ្រាវ​បាន​ផ្ដល់​អនុសាសន៍​ចំនួន ៨​ចំណុច​សំខាន់ៗ ដើម្បី​ឲ្យ​យុវជន​មាន​ការ​យល់​ដឹង​អំពី​ដំណើរ​ការ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ក្នុង​នោះ​មាន​ការ​បង្កើន​ការ​យល់​ដឹង​អំពី​គោលគំនិត​នៃ​លទ្ធិប្រជាធិបតេយ្យ អភិបាលកិច្ច និង​ការ​ពាក់ព័ន្ធ​របស់​ពលរដ្ឋ​ក្នុង​ការងារ​សាធារណៈ លើក​កម្ពស់​ចំណេះ​ដឹង​អំពី​អត្ថន័យ​នៃ​គោល​គំនិត និង​អំពី​អ្វី​ដែល​រដ្ឋាភិបាល ឬ​ស្ថាប័ន​ប្រជាធិបតេយ្យ ជាពិសេស​នៅ​ថ្នាក់​ឃុំ-​សង្កាត់ និង​ថ្នាក់​ជាតិ។

ប្រធាន​ក្រុមប្រឹក្សា​សារព័ត៌មាន​កម្ពុជា លោក សុខ សុវណ្ណ បាន​មាន​ប្រសាសន៍​ថា យុវជន​ខ្មែរ​មិន​សូវ​ជា​ចាប់​អារម្មណ៍​អំពី​លទ្ធិប្រជាធិបតេយ្យ ដោយសារ​តែ​ពួកគាត់​យល់​ថា គាត់​មាន​សេរីភាព​ហើយ។ យុវជន​ខ្មែរ​មិន​សូវ​ចូល​ចិត្ត​ស្វែង​យល់​តាម​រយៈ​ការ​អាន និង​តាម​ដាន​ដំណើរ​ការ​អនុវត្តន៍​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ទេ។

លោក​បន្ត​ថា ៖ «យុវជន បន្តិច​ទៀត​ហ្នឹង នឹង​ក្លាយ​ជា​អ្នក​ដឹក​នាំ នៅ​ពេល​ដែល​គាត់​ក្លាយ​ជា​អ្នក​ដឹក​នាំ​ហើយ គាត់​មាន​ការ​យល់​ដឹង​ក្នុង​សង្គម​តិច អា​ហ្នឹង​វា​ជា​រឿង​មួយ​គ្រោះថ្នាក់​ដែល​យើង​គួរ​តែ​មាន​ចំណាប់​អារម្មណ៍​រឿង​ហ្នឹង។ យើង​គិត​មើល​ថា ផ្នែក​ទូរទស្សន៍ អ្វី​ក៏ដោយ​យើង​គួរ​តែ​ឲ្យ​មាន​ការ​ឃោសនា​ជួយ​ឲ្យ​យុវជន​ស្វែង​យល់​អំពី​តម្លៃ​របស់​ខ្លួន​ទៅ​ថ្ងៃ​អនាគត»

តាម​ការ​សិក្សា​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា ក្នុង​ចំណោម​អ្នក​ឆ្លើយ​សំណួរ ២.០០០​នាក់​នោះ មាន​យុវជន ៩២% ធ្លាប់​ឮ​ពី​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ តែ​ក្នុង​ចំណោម ១ ភាគ ៣ នៃ ៩២% នោះ មិន​បាន​ដឹង​ថា តើ​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ធ្វើ​ការងារ​អ្វី​នោះ​ឡើយ។ ចំពោះ​មុខ​ងារ​រដ្ឋ​សភា យុវជន​កម្ពុជា ក្នុង​ចំណោម​អ្នក​ឆ្លើយ​សំណួរ ៣ ភាគ ៤ ធ្លាប់​ឮ​គេ​និយាយ​ពី​រដ្ឋ​សភា តែ​មួយ​ចំនួន​ធំ​មិន​ដឹង​ថា តើ​រដ្ឋ​សភា​មាន​មុខ​ងារ​ជា​អ្វី និង​ធ្វើ​ការងារ​អ្វី​ប្រចាំ​ថ្ងៃ​ឡើយ។

ការ​សិក្សា​ស្រាវជ្រាវ​មិន​បាន​ចង្អុល​បង្ហាញ​អំពី​មូលហេតុ​ច្បាស់លាស់​ទេ​អំពី​មូលហេតុ​ដែល​នាំ​ឲ្យ​ខ្វះ​ការ​យល់​ដឹង​នោះ ប៉ុន្តែ​របាយការណ៍​បាន​បង្ហាញ​ថា យុវជន​ខ្មែរ​មាន​និន្នាការ​ទៅ​រក​ការ​កម្សាន្ត និង​ទស្សនា​កម្មវិធី​សប្បាយៗ នៅ​តាម​ស្ថានីយ​ទូរទស្សន៍ និង​ការ​ប្រើប្រាស់​ទូរស័ព្ទ​ដៃ និង​ឧបករណ៍​កម្សាន្ត​ដទៃ​ទៀត៕