តុលាការកំពូលនៃប្រទេសកម្ពុជានៅថៃ្ងពុធ ទី២០ ខែមករានេះ បានបើកសវនាការជម្រះក្តីលើសំណុំរឿងនៃមហាសេដ្ឋីជនជាតិរុស្ស៊ីម្នាក់ឈ្មោះ លោក អាទ្បិចសឺនឌឺ ត្រូពីម៉ូវ អាយុ ៤១ឆ្នាំក្រោមបទចោទប្រកាន់ថា បានប្រព្រឹត្តអំពើជួញដូរមនុស្ស និងអំពើជួញដូរផ្លូវភេទ លើកុមារីខ្មែរក្រោមអាយុ១៥ឆ្នាំ។
តុលាការដដែលនេះបានបើកសវនាការផងដែរលើសំណុំរឿងរបស់ជនជាតិខែ្មរម្នាក់ឈ្មោះ ផល វណ្ណារ៉ា ក្រោមបទចោទថា បានសមគំនិតក្នុងការស្វែងរកកុមារីខែ្មរក្រោមអាយុ ១៥ឆ្នាំឲ្យទៅរួមភេទជាមួយលោក អាទ្បិចសឺនឌឺ ត្រូពីម៉ូវ នោះ។
តុលាការកំពូលមានគម្រោងការនឹងប្រកាសសាលដីការនៃសំណុំរឿងនេះនៅព្រឹកថៃ្ងទី២៧ ខែមករា សប្តាហ៍ក្រោយនេះ។
មេធាវីរបស់មហាសេដ្ឋីរុស្ស៊ីលោក ជា ហៃ បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីនៅក្រៅតុលាការកំពូលថា លោកសង្ឃឹមថា តុលាការនឹងផ្តល់យុត្តិធម៌ដល់កូនក្តីរបស់លោក.
លោក ជា ហៃ មានប្រសាសន៍ថា ៖ «មន្ត្រីនគរបាលយុត្តិធម៌នោះក៏បានបញ្ជាក់ដែរថា ជនរងគ្រោះនោះពិតជាអាយុក្រោម ១៥ឆ្នាំមែន។ តែក្រោយពីអង្គការបានទទួលជនរងគ្រោះឲ្យស្នាក់នៅបែរជាកែប្រែចម្លើយរបស់គាត់ដែលបានឆ្លើយជាមួយនគរបាលយុត្តិធម៌ បែរជាឆ្លើយនៅដំណាក់ការតុលាការថា ជនរងគ្រោះមានអាយុ ១៤ឆ្នាំទៅវិញ។ សង្ឃឹមថា តុលាការរកយុត្តិធម៌ឲ្យកូនក្តីខ្ញុំ»។
ជាមួយគ្នានោះដែរលោកស្រី ប៉េង ម៉ាណែត ជាមេធាវីការពារក្តីឲ្យកុមារីឈ្មោះ ជា សុធារី ជាជនរងគ្រោះបានមានប្រសាសន៍ថា មហាសេដ្ឋីរុស្ស៊ីឈ្មោះ អាទ្បិចសឺឌឺ ត្រូពីម៉ូវ នោះជាជនដ៏គ្រោះថ្នាក់ សម្រាប់ប្រទេសកម្ពុជាដោយសារតែលោកបានរួមភេទជាមួយកុមារីខែ្មរក្រោមអាយុ ១៥ឆ្នាំចំនួន ១៩នាក់កន្លងមកនៅក្នុងផ្ទះសម្ងាត់មួយនៅខេត្តព្រះសីហនុ។
លោកស្រី ប៉េង ម៉ាណែត មានប្រសាសន៍ថា ៖ «វាជាប្រភេទសំណុំរឿងមួយដែលលក្ខណៈធំហើយវាពាក់ព័ន្ធអ្នកវិនិយោគដែលមានឥទ្ធិពលនៅក្នុងប្រទេសកម្ពុជា អ៊ីចឹងវាជាសារក៏ដូចជាសេចក្តីណែនាំមួយទៅដល់អ្នកដែលមានអំណាច និងវិនិយោគដទៃទៀតដែលចង់ប្រើប្រាស់កេញប្រវ័ញ្ចន៍មកលើកុមារីកម្ពុជា គឺមិនអាចទៅរួចទេព្រោះប្រទេសកម្ពុជាក៏មានច្បាប់មួយការពារសិទ្ធិដល់កុមារកម្ពុជាដែរ»។
សវនាការជម្រះក្តីដោយតុលាការកំពូលនោះបានធ្វើទ្បើងដោយកំបាំងមុខជនជាប់ចោទលោកអាទ្បិចសឺន ឌឺត្រូពីម៉ូវ និងលោក ផល វណ្ណារ៉ា ប៉ុន្តែចំពោះមុខជនរងគ្រោះគឺកុមារី ជា សុធារី។
សវការនោះបានប្រព្រឹត្តិទៅក្រោមអធិបតីភាពរបស់ចៅក្រមប្រឹក្សាចំនួន ៥នាក់ដែលមានលោក ឃឹម ប៉ុន ជាប្រធាន។
តុលាការសាលាដំបូងរាជធានីភ្នំពេញកាលពីខែកក្កដា ឆ្នាំ២០០៧ កន្លងទៅបានផ្តន្ទាទោសលោក អាទ្បិចសឺឌឺ ត្រូពីម៉ូវ ឲ្យជាប់គុក ១៣ឆ្នាំ ក្រោមមាត្រាទី៨ នៃច្បាប់ស្តីពីអណាចារ និងលោក ផលវណ្ណារ៉ា ឲ្យជាប់គុក ១១ឆ្នាំក្រោមបទសមគំនិត និងទាមទារសំណងជំងឺចិត្តរួមគ្នា ១០មឺនដុល្លារអាមេរិកសងទៅជនរងគ្រោះ។
ក្រោយមកតុលាការសាលាឧទ្ធរណ៍នៃប្រទេសកម្ពុជាកាលពីឆ្នាំ២០០៨ កន្លងទៅបានបើកសវនាការ លើសំណុំរឿងនេះដោយបានផ្តន្ទាទោសលោក អាទ្បិច សឺឌឺត្រូពីម៉ូវ ឲ្យជាប់គុកចំនួន ៦ឆ្នាំវិញក្រោមមាត្រាទី ៤២នៃច្បាប់ប្រឆាំងការជួញដូរមនុស្ស និងការជួញដូរផ្លូវភេទ ដែលបានចូលជាធរមានកាលពីឆ្នាំ២០០៨។
លោក ផល វណ្ណារ៉ា ក៏ត្រូវបានផ្តន្ទាទោសឲ្យជាប់គុក ៦ឆ្នាំផងដែរក្រោមច្បាប់
ដដែលនោះ៕