នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បានទាមទារឲ្យមានការបន្ធូរបន្ថយបំណុលនិងឲ្យប្រព័ន្ធពាណិជ្ជកម្មពិភពលោកត្រូវតែដោះស្រាយបញ្ហាប្រឈមមុខនៃពាណិជ្ជកម្មរបស់ប្រទេសដែលមានការអភិវឌ្ឍតិចតួចដែលកំពុងតែមានឧបសគ្គក្នុងការប្រកួតប្រជែងក្នុងទីផ្សារពិភពលោកនោះ។
លោកនាយករដ្ឋមន្ត្រីខ្មែរ ហ៊ុន សែន ។
នៅឯសណ្ឋាគារនាខេត្តសៀមរាបក្នុងឱកាសប្រកាសបើកសន្និសីទថ្នាក់រដ្ឋមន្រ្តីស្ដីពីជំនួយពាណិជ្ជកម្ម កម្មវិធីអភិវឌ្ឍន៍ឧស្សាហកម្មសម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួចដែលមានប្រទេសចំនួន ៤៩ ចូលរួមកាលពីព្រឹកថ្ងៃពុធ ទី១៩ ខែវិច្ឆិកា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះ ៖ «ដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍សម្រាប់អនាគតដ៏គាប់ប្រសើររបស់ប្រជាជនយើង ខ្ញុំយល់ថា ប្រព័ន្ធពាណិជ្ជកម្មពិភពលោក ត្រូវតែដោះស្រាយឲ្យបានរាល់បញ្ហាប្រឈមនិងធានាឲ្យបាននូវផលប្រយោជន៍ជាសារវ័ន្តរបស់បណ្ដាប្រទេសអភិវឌ្ឍន៍តិចតួច។ បន្ថែមពីលើនេះ ហិរញ្ញប្បទានសហប្រតិបត្តិការនិងការបន្ធូរបន្ថយបំណុល គួរត្រូវបានប្រើប្រាស់សម្រាប់ជំរុញដំណើរការអភិវឌ្ឍណ៍របស់បណ្ដាប្រទេសអភិវឌ្ឍន៍តិចតួច»។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍បន្ថែមទៀតថា ប្រទេសកម្ពុជា ក៏ដូចជាប្រទេសដែលមានការអភិវឌ្ឍតិចតួចដទៃទៀតដែរ គឺរបាំងពាណិជ្ជកម្មកំពុងតែកើតមានយ៉ាងមាំ ៖ «សម្រាប់ប្រទេសយើងគឺបើកចំហទទួលយកផលិតផលនៃបណ្ដាប្រទេសអភិវឌ្ឍន៍ ប៉ុន្តែដល់ទៅយើង ទៅចូលប្រទេសអភិវឌ្ឍន៍វិញ របាំងពាណិជ្ជកម្មគឺនៅយ៉ាងមាំ ជួនកាលបញ្ហាពន្ធដារអាចនឹងលើកចោល ក៏ប៉ុន្តែគេដាក់ចេញនូវលក្ខខណ្ឌមួយ តាមរយៈថា បញ្ហាភូតគាមអនាម័យ អ៊ីចឹងទេ អាធុនណាទៅក៏វាមិនគ្រប់ស្តង់ដារនាំចូល ដាក់តែប៉ុណ្ណឹងមកគឺយើងស្លាប់»។
អង្គការអភិវឌ្ឍន៍ឧស្សាហកម្មសហប្រជាជាតិដែលហៅកាត់ថា UNIDO បាននិយាយថា គេបានរៀបចំសន្និសីទមួយនេះសម្រាប់ជួយដល់ប្រទេសដែលមានការអភិវឌ្ឍតិចតួច រួមទាំងកម្ពុជាផង ដើម្បីឲ្យបង្កើនសមត្ថភាពផលិតផលក្នុងការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។
នាយកផ្នែកកម្មវិធីពិសេសរបស់អង្គការអភិវឌ្ឍន៍ឧស្សាហកម្មសហប្រជាជាតិ អ្នកស្រី ហ្វាទូ ហៃដារា បានមានប្រសាសន៍ថា មិនចំពោះតែប្រទេសកម្ពុជាទេ គឺប្រទេសដែលមានការអភិវឌ្ឍតិចតួចចំនួនជាង ៤០ទៀត មានការចែកចាយផលិតផលរបស់ខ្លួនទៅក្នុងពាណិជ្ជកម្មអន្តរជាតិ។
អ្នកស្រី ហ្វាទូ ហៃដារា មានប្រសាសន៍ដូច្នេះថា ៖ «ជាទូទៅគឺវាមានកម្រិតទាបខ្លាំងណាស់ ក្នុងការចូលរួមប្រកួតពាណិជ្ជកម្មអន្តរជាតិ ដូច្នេះយើងកំពុងព្យាយាមជួយប្រទេសកំពុងអភិវឌ្ឍទាំងនោះ ក្នុងការបង្កើនគុណភាពផលិតកម្ម»។
អង្គការ UNIDO បានឲ្យដឹងថា ប្រទេសដែលមានការអភិវឌ្ឍតិចតួចគឺមានការនាំចេញផលិតផលកម្រិតទាបប្រមាណជា ០,៨% ប៉ុណ្ណោះ ទៅក្នុងទីផ្សារអន្តរជាតិ។
ទោះយ៉ាងណា រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មនៃប្រទេសកម្ពុជា លោក ចម ប្រសិទ្ធ បានថ្លែងថា ចាប់តាំងតែពីឆ្នាំ២០០០ រហូតដល់ឆ្នាំ២០០៦ សេដ្ឋកិច្ចកម្ពុជាបានកើនឡើងក្នុងអត្រាមធ្យមប្រមាណពី ៩,៤%។
លោក ចម ប្រសិទ្ធ បានមានប្រសាសន៍ទៀតថា កាលពីឆ្នាំ២០០៧ សេដ្ឋកិច្ចបានស្ថិតនៅក្នុងចិរភាពដោយសារការនាំចេញសម្លៀកបំពាក់ផលិតផលកសិកម្ម សេវាកម្មផ្នែកទេសចរណ៍និងចំណូលផ្នែកសំណង់ ធ្វើឲ្យប្រជាពលរដ្ឋខ្មែរប្រមាណជាង ១% នៃចំនួនប្រជាពលរដ្ឋសរុបបានចាកចេញផុតពីភាពក្រីក្រជារៀងរាល់ឆ្នាំ៕
ក្រុមហ៊ុនវៀតណាមគ្រោងមករាវរកប្រេងកាតនៅក្នុងបឹងទន្លេសាប
WB៖ GDPរបស់កម្ពុជាធ្លាក់ចុះ-២%ក្នុងឆ្នាំ២០០៩
កម្ពុជា-ថៃគ្រោងអនុញ្ញាតឲ្យទេសចរចេញចូលដោយពុំចាំបាច់មានទិដ្ឋាការ
ក្រុមហ៊ុនវៀតណាមស្នើសុំអាជ្ញាប័ណ្ណរកដីសម្បទានកាន់តែច្រើនឡើងៗ
អ្នកជំនាញនិយាយពីផលប៉ះពាល់របស់កម្ពុជាក្នុងពេលមានវិបត្តិពិភពលោក
រោងចក្រ៧៧នៅកម្ពុជាបិទទ្វារក្នុងដើមឆ្នាំនេះដោយសារវិបត្តិពិភពលោក
IMF៖ សេដ្ឋកិច្ចកម្ពុជានឹងថយចុះច្រើនជាងការរំពឹងទុក
ស.រ.អា.ផ្ដល់ថវិកាជិត៨លានដុល្លារដើម្បីជំរុញការលូតលាស់ផ្នែកសេដ្ឋកិច្ចនៅកម្ពុជា
ចៅហ្វាយខេត្តនៃប្រទេសGMSជួបជុំគ្នាអំពីរឿងសេដ្ឋកិច្ច
មតិ
អ្នកអាចបញ្ចេញមតិដោយបំពេញទម្រង់ខាងក្រោមនេះក្នុងទម្រង់ជាអក្សរសុទ្ធ។. មតិត្រូវតែអនុញ្ញាតដោយអ្នកសម្របសម្រួលនិងមិនបង្ហាញភ្លាមៗនៅលើទំព័រនេះទេ។ សូមអញ្ជើញត្រឡប់មកបើកទំព័រនេះម្ដងទៀតដើម្បីមើលថាតើមតិរបស់អ្នកត្រូវបានចុះផ្សាយឬអត់។
មើលមតិទាំងអស់.