ព្រះចៅអធិការវត្តក្រចេះ ព្រះនាម ជន ស៊ីអ៊ីម បានបញ្ជាក់អំពីការទូងស្គរនិងវាយរគាំងចេញពីអារាមថា តាមធម្មតាការទូងស្គរចំពេលថ្ងៃត្រង់ ដែលពុំធ្លាប់មានបែបនេះ អាចធ្វើឲ្យប្រជាពលរដ្ឋខ្លះ មានការងឿងឆ្ងល់ តែព្រះអង្គបានបញ្ជាក់ជូនថា សូមកុំឲ្យភ្ញាក់ផ្អើល ៖ «ការទូងស្គរនិងរគាំង គ្រប់វត្តអារាមនៅក្នុងប្រទេស គឺជាការអបអរសាទរដែលប្រទេសកម្ពុជាយើង ឥឡូវនេះ ប្រាសាទព្រះវិហាររបស់កម្ពុជាយើង បានក្លាយនិងចូលទៅជាបេតិកភណ្ឌពិភពលោក» ។
លោក គឹម វណ្ណឆេង ប្រធានសមាគមខ្មែរកម្ពុជាក្រោម បានសម្ដែងការអបអរសាទរចំពោះការខំប្រឹងប្រែងរបស់រដ្ឋាភិបាល ក្នុងការដាក់បញ្ចូលប្រាសាទព្រះវិហារចូលជាសម្បត្តិវប្បធម៌ពិភពលោក ។
លោក គឹម វណ្ណឆេង ថ្លែងដូច្នេះថា ៖ «ខ្មែរកម្ពុជាក្រោមយើង មានសេចក្ដីរំភើបយ៉ាងខ្លាំង ដោយសារថា បេតិកភណ្ឌរបស់ជាតិយើង រហូតតាំងពីសម័យណាមក យើងមិនទាន់បានផ្សព្វផ្សាយជាសាធារណៈឲ្យល្បីខ្ទរខ្ទារលើពិភពលោក ។ អបអរសាទរដែលអស់លោកគាត់ខំប្រឹងប្រែងបញ្ចេញនូវស្នាដៃ ដើម្បីលើកតម្កើងលើឆាកអន្តរជាតិ ឲ្យអន្តរជាតិទទួលស្គាល់ថា នេះប្រាកដជារបស់ខ្មែរ យើងមានសេចក្ដីត្រេកអរមែនទែន» ។
អ្នកស្រី មូរ សុខហួរ អគ្គលេខាធិការរងគណបក្សសមង្ស៊ី បានសម្ដែងការស្វាគមន៍ចំពោះការដាក់បញ្ចូលប្រាសាទនេះដែរ ប៉ុន្តែអ្នកស្រីអះអាងថា គណបក្សសមរង្ស៊ីគាំទ្រនូវការដាក់បញ្ចូលប្រាសាទព្រះវិហារ ក្នុងផែនទីពិភពលោកកាលពីឆ្នាំ១៩៦២ ។

អ្នកស្រី មូរ សុខហួរ មានប្រសាសន៍ដូច្នេះថា ៖ «គណបក្សសមរង្ស៊ី អបអរសាទរលុះត្រាតែផែនទីដែលរដ្ឋាភិបាលកម្ពុជាបានដាក់ទៅ ជាផែនទីឆ្នាំ១៩៦២ ។ បើគេទទួលយកផែនទីនៅឆ្នាំ១៩៦២ ដែលកំណត់ថា ប្រាសាទព្រះវិហារជាប្រាសាទខ្មែរច្បាស់លាស់ ទើបអបអរសាទរ បើដាក់ប្រាសាទព្រះវិហារជាបេតិកភណ្ឌនៃជាតិយើង ប៉ុន្តែអាចមានផ្លាស់ប្ដូរផែនទីឆ្នាំ១៩៦២ គឺគណបក្សសមរង្ស៊ី មិនយល់ឃើញថា ជាការចំណេញដល់ប្រទេសកម្ពុជាយើងទេ» ។
ប្រធានក្រុមហ៊ុន អឺរ៉ាស៊ីត្រាវែល គឺលោក មឿង សុន បានផ្ដល់សម្ភាសន៍ថា លោកមានជំនឿថា ប្រាសាទព្រះវិហារត្រូវតែបានមកជនជាតិខ្មែរ ហើយថា ការដាក់បញ្ចូលប្រាសាទព្រះវិហារនេះ ទៅក្នុងសម្បត្តិវប្បធម៌ពិភពលោក គឺអាចធ្វើឲ្យបញ្ចប់បញ្ហាជាច្រើន ។
លោក មឿង សុន មានប្រសាសន៍យ៉ាងដូច្នេះ ៖ «ការបានបញ្ចូលព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក គឺជានិមិត្តរូបនៃសេចក្ដីសុខ សន្តិភាពមួយ បញ្ចប់អំពីទស្សនៈខ្វែងគំនិតរវាងព្រះរាជាណាចក្រកម្ពុជានិងព្រះរាជាណាចក្រថៃ ខ្ញុំយល់ថា ជាចំណងមួយទៀត ។ ព្រះរាជាណាចក្រថៃ នឹងរួបរួមគ្នាអភិវឌ្ឍប្រាសាទព្រះវិហារ ហើយនិងរួបរួមគ្នាគោរពនូវសេចក្ដីសម្រេចរបស់តុលាការ ពីព្រោះប្រទេសជិតខាងហ្នឹងហើយ ជាអ្នកទទួលអាស្រ័យផលពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនិងសក្ដានុពលរបស់ប្រាសាទព្រះវិហារមុនគេ» ។
ដោយឡែកនៅក្បែរវត្តក្រចេះ បានផ្ដល់សម្ភាសន៍ថា បានឮការទូងស្គរចេញពីអារាមដោយចម្លែក តែមិនដឹងពីមូលហេតុ នៅពេលដែលដឹងហើយ ក៏បានសម្ដែងការអបអរសាទរ ៖ «បើដឹងរឿងអ៊ីចេះ អបអរសាទរដែរ សប្បាយចិត្ត កុំឲ្យបរទេសចង់បានរបស់ជាតិយើង ។ សប្បាយចិត្តនឹងការបញ្ចូលប្រាសាទព្រះវិហារ បេតិកភណ្ឌជាតិរបស់យើង...» ។
ប្រាសាទព្រះវិហារត្រូវបានតុលាការអន្តរជាតិ នៅទីក្រុងឡាអេ បានសម្រេចជាបេតិកភណ្ឌរបស់ប្រទេសកម្ពុជាទាំងទីលានប្រាសាទនិងបរិវេណដី នៅជុំវិញប្រាសាទ តាំងពីឆ្នាំ១៩៦២ ក្នុងសម័យសង្គមរាស្រ្ដនិយម ដែលដឹកនាំដោយសម្ដេចព្រះប្រមុខរដ្ឋ នរោត្ដម សីហនុ ៕
