ខាងក្រោមនេះ គឺជាការបកស្រាយបញ្ជាក់របស់លោក ខៀវ កាញារីទ្ធ អ្នកនាំពាក្យរដ្ឋាភិបាល និងជារដ្ឋមន្ត្រីក្រសួងព័ត៌មានផងនោះ តាមរយៈសំណួររបស់លោក ផាន សូផាត ។
ផាន សូផាត ៖ ខ្ញុំសូមបញ្ជាក់ឯកឧត្ដមអំពីបញ្ហាដែលថា ប្រទេសកម្ពុជាបានផ្ញើលិខិតទាក់ទងទៅនឹងបញ្ហាប្រាសាទព្រះវិហារជាមួយនឹងប្រទេសថៃនោះ តើខ្លឹមសារលិខិតដែលប្រទេសកម្ពុជា ដាក់ជូនអង្គការសហប្រជាជាតិនោះ ទាក់ទងទៅនឹងបញ្ហាអ្វីដែរទៅ?
ខៀវ កាញារីទ្ធ ៖ សុំកែតម្រូវ ពីព្រោះមិនដូចអ្វីដែលកាសែតនៅខាងក្រៅ ដែលបាននិយាយថា កម្ពុជាសុំអន្តរាគមន៍ពីអង្គការសហប្រជាជាតិ ។ ព្រោះកន្លងមកនេះ យើងគ្រាន់តែឲ្យស្ថានបេសកកម្មអចិន្ត្រៃយ៍របស់កម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ ធ្វើលិខិតដើម្បីជម្រាបជូនអំពីសភាពការណ៍នេះទៅប្រធានមហាសន្និបាតនៃអង្គការសហប្រជាជាតិ ប្រធានក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ ដើម្បីជម្រាបជូនអំពីសភាពការណ៍និងមូលហេតុទំនាស់រវាងកម្ពុជានិងថៃ លើបញ្ហាតំបន់ជិតព្រំដែនព្រះវិហារនេះ ប៉ុន្តែគ្រាន់តែជូនដំណឹង និងសុំឲ្យផ្ញើលិខិតនេះ ចែកលិខិតផ្លូវការជូនសមាជិកតែប៉ុណ្ណឹងទេ គឺមិនបានសុំអន្តរាគមន៍ពីអង្គការសហប្រជាជាតិទេ ។ ជំហររបស់សម្ដេចនាយករដ្ឋមន្រ្តី លោកបានមានប្រសាសន៍ហើយ គឺប្រទេសទាំងពីរ បន្តដោះស្រាយទ្វេភាគីឲ្យអស់លទ្ធភាព ដោយសារថា នាយករដ្ឋមន្រ្តីទាំងពីរបានប្ដេជ្ញាហើយ គឺថានឹងនៅធ្វើការជាមួយគ្នា ដោះស្រាយជាមួយគ្នា ។ ហើយបានប្ដេជ្ញាទៀត មិនឲ្យសភាពការណ៍ តឹងលើសហ្នឹងទេ កម្ពុជាអត់បានក្បត់សម្ដីខ្លួនឯងនោះទេ ។
ផាន សូផាត ៖ ខ្ញុំសូមជម្រាបសួរឯកឧត្តមថា ថ្ងៃនេះ តាមសារព័ត៌មានរបស់ប្រទេសថៃ បាននិយាយថា នាយករដ្ឋមន្រ្តីថៃ លោក សាម៉ាក់ ស៊ុនថរ៉ាវេត ហ្នឹង បានប្រកាសថា លោកឈប់និយាយអំពីបញ្ហាប្រាសាទព្រះវិហារហើយ គឺក្រោយពេលដែលប្រទេសកម្ពុជាហ្នឹង បានធ្វើការតវ៉ាអំពីរឿងនេះ ទៅអង្គការសហប្រជាជាតិ ហើយលោកថា កិច្ចការទាំងអស់គឺជាការទទួលខុសត្រូវរបស់ក្រសួងការបរទេស ។ តើរឿងនេះ ឯកឧត្ដមអាចមានប្រសាសន៍យ៉ាងម៉េចដែរ?
ខៀវ កាញារីទ្ធ ៖ ខ្ញុំចង់ជម្រាបអ៊ីចេះ គឺថា ឯកឧត្ដម សាម៉ាក់ គាត់បានទទួលព័ត៌មានអស់ហើយ គឺសុំមើលលិខិតរបស់បេសកកម្មអចិន្រ្តៃយ៍កម្ពុជាវិញ បើកម្ពុជាបានសម្រេចហើយ គឺថា យើងប្រើប្រាស់អស់លទ្ធភាពនៃការដោះស្រាយជាទ្វេភាគី គឺយើងមិនទាន់រកទៅដល់ភាគីទីបី នៅឡើយទេ គឺដូចជាការសម្រេចចិត្តនៃពិភាក្សារវាងនាយករដ្ឋមន្រ្តីទាំងពីរតាមទូរស័ព្ទ នៅយប់ថ្ងៃទី១១ ដូច្នេះ ប្រហែលជាឯកឧត្ដមនាយករដ្ឋមន្រ្តីថៃ គឺអាចមានការច្រឡំតាមចំណងជើងនៃកាសែតហ្នឹងតែប៉ុណ្ណឹងទេ គឺយើងអត់បានសុំអន្តរាគមន៍ទេ លិខិតរបស់បេសកកម្មអចិន្រ្ដៃយ៍កម្ពុជានៅអង្គការសហប្រជាជាតិ គឺជាការជូនដំណឹង គឺថា ទាញការយកចិត្តទុកដាក់ ដើម្បីសុំការយកចិត្តទុកដាក់លើអ្វីដែលកើតឡើងរវាងកម្ពុជា-ថៃ ទេ ប៉ុន្តែអត់មាននិយាយអ្វីពីការសុំអន្តរាគមន៍ពីអង្គការសហប្រជាជាតិ ឬភាគីណាមួយទេ ៕
