កម្ពុជា​ស្វះស្វែង​រក​ដំណោះស្រាយ​កាទូត​ចំពោះ​ជម្លោះ​ជាមួយ​ថៃ

រហូត​មក​ទល់​ពេល​នេះ កិច្ចប្រឹងប្រែង​ស្វែងរក​ដំណោះស្រាយ​ចំពោះ​ជម្លោះ​នៅ​ប្រាសាទ​ព្រះវិហារ តាម​ផ្លូវ​ការទូត ត្រូវ​គេ​ឃើញ​ថា​បាន​ប្រព្រឹត្ត​ទៅ​យ៉ាង​មមាញឹក ។

នៅថ្ងៃ​២២ កក្កដា ២០០៨​នេះ ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ខ្មែរ លោក ហោ ណាំហុង ត្រូវ​គេ​រាយការណ៍​ថា បាន​ជួប​ជាមួយ​នឹង​ឯកអគ្គរដ្ឋ​ទូត​នៃ​ប្រទេស​ចំនួន​ប្រាំ ដែល​ជា​សមាជិក​ក្រុមប្រឹក្សា​សន្តិសុខ​នៃ​អង្គការ​សហប្រជាជាតិ ។

ក្រៅពី​នោះ លោក​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ខ្មែរ​នៅបាន​ជួប​ជាមួយ​មន្ត្រី​សា្ថន​បេសកកម្ម​កាទូត​ចំនួន​ទាំង​២៧​ប្រទេស​នៅ​កម្ពុជា​ផង​នោះ​ទៀត ។

លោក​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស ហោ ណាំហុង បាន​ថ្លែង​ថា តាម​សេចក្តី​អំពាវនាវ​របស់​រាជរដ្ឋាភិបាល​ខ្មែរ លោក​សង្ឈឹម​ថា នឹង​មាន​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខ អ.ស.ប. នៅថ្ងៃ​ច័ន្ទ​សប្តាហ៍​ក្រោយ​នេះ ក្នុងការដោះស្រាយ​ជម្លោះ​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ ៕