រដ្ឋាភិបាលកម្ពុជា សង្ឃឹមថា លោករដ្ឋមន្ត្រីក្រសួងការបរទេសរូបនេះនឹងជំរុញឲ្យទំនាក់ទំនងការទូតនៃប្រទេសទាំងពីរបានប្រសើរជាងមុន ជាពិសេសបន្តគាំទ្រដល់ដំណើរការនៃសាលាក្តីខ្មែរក្រហម ក្នុងការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហម ដើម្បីស្វែងរកយុត្តិធម៌សម្រាប់ជនរងគ្រោះកម្ពុជា ជិត ២លាននាក់។
លោក ចន ឃ៊ែរី អាយុ ៦៩ឆ្នាំ បានចូលស្បថកាន់តំណែងជារដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៣ កន្លងមកនេះ បន្ទាប់ពីមានការតែងតាំងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama)។ មុនកាន់តំណែងថ្មីនេះ លោក ចន ឃ៊ែរី គឺជាអតីតសមាជិកព្រឹទ្ធសភានៃរដ្ឋម៉ាស្សាឈូសេត រយៈពេល ២៨ឆ្នាំ និងជាអតីតប្រធានគណៈកម្មាធិការទំនាក់ទំនងបរទេសនៃព្រឹទ្ធសភាអាមេរិករយៈពេល ៤ឆ្នាំចុងក្រោយនេះ។
ក្រោយបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យយ៉េល (Yale University) លោក ចន ឃ៊ែរី បានចូលបម្រើការងារផ្នែកកងនាវាសហរដ្ឋអាមេរិក។ លោកបានបំពេញបេសកកម្មពីរលើកក្នុងប្រតិបត្តិការផ្នែកនាវាយាមល្បាតនៅតាមដងទន្លេមេគង្គ កាលពីសង្គ្រាមនៅវៀតណាម នៅដើមទសវត្សឆ្នាំ៧០ ហើយលោកក៏បានទទួលមេដាយកិត្តិយសជាច្រើនចំពោះស្នាដៃការងារឆ្នើមរបស់លោក។
ក្រោយត្រឡប់មកសហរដ្ឋអាមេរិក វិញ លោក ចន ឃ៊ែរី ត្រូវបានគេទទួលស្គាល់គ្រប់ៗគ្នាថាជាសកម្មជនវ័យក្មេងមួយរូប ដែលហ៊ាននិយាយជាសាធារណៈ ហ៊ានតតាំងប្រឆាំងនឹងការធ្វើសង្គ្រាមនៅវៀតណាម។ ក្នុងតួនាទីជាសមាជិកព្រឹទ្ធសភារយៈពេលជិត ៣០ឆ្នាំកន្លងមកនេះ លោកក៏ជាបុគ្គលនីតិប្បញ្ញតិមួយរូបដែលគាំទ្រផ្នែកជំនួយមនុស្សធម៌ ប្រឆាំងការជួញដូរគ្រឿងញៀន ការលាងលុយកខ្វក់ និងជួយជ្រោមជ្រែងក្នុងកិច្ចចរចាជាមួយអង្គការសហប្រជាជាតិ ដើម្បីបង្កើតតុលាការខ្មែរក្រហមផងដែរ។
មន្ត្រីអ្នកនាំពាក្យអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា លោក នេត្រ ភក្ដ្រា មានប្រសាសន៍ថា លោកមានក្តីសង្ឃឹមមុតមាំថា លោករដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ចន ឃ៊ែរី នឹងជួយជំរុញបន្ថែមទៀតដើម្បីឲ្យដំណើរការរបស់សាលាក្តីខ្មែរក្រហម បានចប់សព្វគ្រប់ទាំងផ្នែកផ្តល់ថវិកាពីសហគមន៍អន្តរជាតិ និងស្វែងរកយុត្តិធម៌ជូនដល់ជនរងគ្រោះខ្មែរជិត ២លាននាក់ ដែលបានស្លាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬរបបខ្មែរក្រហម។
ចំណែកអង្គការសង្គមស៊ីវិលនៅប្រទេសកម្ពុជា វិញ ក៏បានស្វាគមន៍នូវតំណែងថ្មីរបស់លោករដ្ឋមន្ត្រីការបរទេសនេះដែរ។ មន្ត្រីសង្គមស៊ីវិលទាំងនោះមានជំនឿទុកចិត្តថា សហរដ្ឋអាមេរិក នឹងបន្តបេសកកម្មរបស់ខ្លួនក្នុងការលើកស្ទួយលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្សជាដើម នៅប្រទេសកម្ពុជា។
ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ មានប្រសាសន៍ថា សង្គមស៊ីវិលចង់ឲ្យរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ជំរុញឲ្យរដ្ឋាភិបាលកម្ពុជា ដោះលែងលោក ម៉ម សូណង់ដូ និងអនុញ្ញាតឲ្យប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី អាចវិលត្រឡប់មកចូលរួមប្រកួតប្រជែងការបោះឆ្នោតសកលនៅខែកក្កដា ខាងមុខ។
រីឯសហគមន៍ខ្មែរនៅសហរដ្ឋអាមេរិក វិញ ជាពិសេសក្នុងរដ្ឋម៉ាស្សាឈូសេត ដែលបានគាំទ្រគោលនយោបាយរបស់លោក ចន ឃ៊ែរី កាលពីលោកធ្វើយុទ្ធនាការបោះឆ្នោតជាសមាជិកព្រឹទ្ធសភា និងជាតំណែងបេក្ខជនប្រធានាធិបតី បានឲ្យដឹងថា លោក ចន ឃ៊ែរី គឺជាមនុស្សម្នាក់មានគោលជំហរច្បាស់លាស់ មានការយកចិត្តទុកដាក់ខ្លាំងចំពោះស្ថានភាពរស់នៅរបស់អតីតទាហានអាមេរិកាំង និងហ៊ាននិយាយប្រឆាំង សូម្បីតែគោលការណ៍ដឹកនាំរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលលោកយល់ថាធ្វើខុស។
សកម្មជនគាំទ្រគណបក្សប្រជាធិបតេយ្យម្នាក់ក្នុងសហគមន៍ខ្មែរ នៅក្រុងឡូវ៉ែល នៃរដ្ឋម៉ាស្សាឈូសេត លោក ឃឿន សំខាន់ មានប្រសាសន៍ថា ខ្មែរអាមេរិកាំង ចង់ឲ្យសហរដ្ឋអាមេរិក ជំរុញ និងយកចិត្តទុកដាក់បន្ថែមទៀតលើស្ថានការណ៍នយោបាយនៅប្រទេសកម្ពុជា ក្នុងនោះរួមមានបំបាត់អំពើពុករលួយ ប្រព័ន្ធតុលាការឯករាជ សិទ្ធិរស់រានមានជីវិត និងការកាត់បន្ថយភាពក្រីក្ររបស់ពលរដ្ឋជាដើម។
ប៉ុន្តែការរិះគន់ និងការទាមទាររបស់ពលរដ្ឋខ្មែរទាំងនៅក្នុងប្រទេស និងនៅសហរដ្ឋអាមេរិក ត្រូវបានមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលបដិសេធ ហើយថា ស្ថានការណ៍នៅកម្ពុជា មានភាពប្រសើរជាងមុនច្រើនណាស់ ទាំងស្ថានភាពរស់នៅរបស់ពលរដ្ឋ និងការអភិវឌ្ឍនានាក្នុងប្រទេស។
អ្នកនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មានប្រសាសន៍ថា លោកស្វាគមន៍ចំពោះការតែងតាំងលោក ចន ឃ៊ែរី ជារដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក។ លោកបន្តថា កម្ពុជា និងសហរដ្ឋអាមេរិក នឹងនៅតែបន្តពង្រឹង និងពង្រីកសហប្រតិបត្តិការក្នុងគ្រប់វិស័យនៃប្រទេសទាំងពីរ។
ពាក់ព័ន្ធនឹងទំនាក់ទំនងការទូតរវាងកម្ពុជា និងសហរដ្ឋអាមេរិក នេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា កាលពីខែមករា ឆ្នាំ២០១៣ ក្រោយពេលលោកបានជាប់ឆ្នោតជ្រើសរើសជាប្រធានាធិបតីអាណត្តិទី២ បានបញ្ជាក់ថា សហរដ្ឋអាមេរិក នឹងបន្តពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិក ក្នុងរយៈពេល ៤ឆ្នាំតទៅមុខទៀត។ លោក បារ៉ាក់ អូបាម៉ា សង្ឃឹមថា ប្រទេសទាំងពីរ អាចធ្វើការរួមគ្នាដោះស្រាយបញ្ហានានាដោយជោគជ័យ ដែលពិភពលោកកំពុងប្រឈម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
