ADB ផ្ដល់​ប្រាក់​៣៥​លាន​ដុល្លារ​ដល់​កម្ពុជា​សម្រាប់​ជំនួយ​ស្បៀង​អាហារ​បន្ទាន់

ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) និង​រដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃ​ពុធ ៨ តុលា​នេះ បាន​ផ្ដល់​ប្រាក់​រួមគ្នា​ចំនួន​ជាង ៤០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ដើម្បី​ផ្ដល់​ជំនួយ​ស្បៀង​អាហារ​បន្ទាន់ ដល់​ក្រុមគ្រួសារ​ក្រីក្រ​បំផុត​នៅ​កម្ពុជា ខណៈ​ដែល​ពួក​គាត់​កំពុងតែ​ប្រឈម​នឹង​ការឡើង​ថ្លៃ​នៃ​ស្បៀង​អាហារ​និង​ប្រេង​ឥន្ធនៈ។

0:00 / 0:00

ក្នុង​ទឹក​ប្រាក់​ជាង ៤០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​នោះ ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) ផ្ដល់​ប្រាក់​ចំនួន ៣៥​លាន​ដុល្លារ ហើយ​រដ្ឋាភិបាល​កម្ពុជា ផ្ដល់​ប្រាក់​ចំនួន​ជាង ៥​លាន​ដុល្លារ។

នាយក ADB ប្រចាំ​ប្រទេស​កម្ពុជា លោក Arjun Goswami (អារជុន ហ្គោស្វាមី) បាន​មាន​ប្រសាសន៍​ថា ប្រជា​ពលរដ្ឋ​ដែល​នឹង​ទទួល​បាន​អង្ករ​និង​ការឧបត្ថម្ភ​ផ្សេង​ទៀត គឺ​រស់នៅ​ក្នុង​ខេត្ត​ចំនួន​៧ ជុំវិញ​បឹង​ទន្លេសាប គឺ​ខេត្ត​កំពង់ធំ សៀមរាប បាត់ដំបង កំពង់ឆ្នាំង បន្ទាយមានជ័យ ឧត្តរមានជ័យ​និង​ពោធិ៍សាត់ ហើយ​និង​តំបន់​អនាធិបតេយ្យ​ផ្សេង​ទៀត នៅ​ទីក្រុង​ភ្នំពេញ ដែលADB ចាត់​ទុក​តំបន់​ទាំង​នេះ​ថា​ជា​តំបន់​ដែល​រងគ្រោះ​ខ្លាំង​ជាង​គេ។

លោក Arjun Goswami មាន​ប្រសាសន៍​ថា ៖ «គម្រោង​នេះ នឹង​ផ្តោត​លើ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ធ្ងន់ធ្ងរ​ជាង​គេ​បំផុត ហើយ​អ្នក​ដែល​នឹង​ទទួល​ផល​ពី​គម្រោង​នេះ គឺ​ជា​អ្នក​ដែល​គ្មាន​ដី​ធ្លី អ្នក​ធ្វើ​ស្រែ​ចម្ការ គ្រួសារ​ស្ត្រី​មេម៉ាយ កសិករ ដែល​មាន​ប្រាក់​ចំណូល​ទាប​បំផុត ហើយ​និង​ពលរដ្ឋ ដែល​រស់នៅ​តំបន់​អនាធិបតេយ្យ»

លោក Arjun Goswami បាន​មាន​ប្រសាសន៍​ថា ជំនួយ​ស្បៀង​អាហារ​បន្ទាន់​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​នេះ នឹង​ជួយ​ប្រជាជន​កម្ពុជា​ដែល​ក្រីក្រ​បំផុត​ចំនួន ៥​សែន​នាក់ ឲ្យ​រួច​ផុត​ពី​ភាព​អត់ឃ្លាន ហើយ​ថា ប្រជាកសិករ​ក្រីក្រ​នឹង​ទទួល​បាន​គ្រាប់​ពូជ​និង​ជី​ដើម្បី​បង្កើន​ទិន្និផល​ដាំដុះ។

ក្នុង​ចំណោម​ទឹក​ប្រាក់ ៣៥​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ដែល​ធនាគារ​អភិវឌ្ឍន៍​អាស៊ី បាន​ផ្ដល់​ឲ្យ​នោះ មាន ១៧,៥​លាន​ដុល្លារ ជា​ជំនួយ​ឥត​សំណង ហើយ ១៧,៥​លាន​ដុល្លារ​ទៀត​ជា​ប្រាក់​កម្ចី។

ធនាគារ​អភិវឌ្ឍន៍​អាស៊ី បាន​ឲ្យ​ដឹង​ថា រយៈពេល​ជាង​មួយ​ឆ្នាំ​កន្លង​ទៅ​នេះ តម្លៃ​អង្ករ​នៅ​កម្ពុជា បាន​កើន​ឡើង​ទ្វេ​ដង ហើយ​តម្លៃ​សាច់​និង​ត្រី​បាន​កើន​ឡើង​ពី​៣០ ទៅ ៥០​ភាគរយ ចំណែក​ឯ​ប្រជា​កសិករ​វិញ បាន​រងគ្រោះ​យ៉ាង​ធ្ងន់ធ្ងរ ដោយសារ​ថ្លៃ​ជី​ឡើង​ជិត​បី​ដង ហើយ​ថា គ្រួសារ​ក្រីក្រ​ជាច្រើន​បាន​លក់​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន និង​ទទួល​យក​ប្រាក់​កម្ចី​ដែល​មាន​អត្រា​ការប្រាក់​ខ្ពស់​ដើម្បី​ទិញ​ម្ហូប​អាហារ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ភាព​ក្រីក្រ​កាន់តែ​ធ្ងន់ធ្ងរ​ឡើង។

ADB ក៏​បាន​ឲ្យ​ដឹង​ទៀត​ថា កុមារ​ម្នាក់​ក្នុង​ចំណោម​កុមារ​បី​នាក់​នៅ​កម្ពុជា​ត្រូវ​ទទួល​រង​នូវ​កង្វះ​អាហារូបត្ថម្ភ។

លោក Arjun Goswami បាន​ឲ្យ​ដឹង​ថា ជំនួយ​របស់ ADB គឺ​សំដៅ​ជា​ចម្បង​លើ​ការ​ការពារ​កុមារ​កម្ពុជា កុំ​ឲ្យ​រង​ផល​ប៉ះពាល់​ដែល​បណ្ដាល​មក​ពី​កង្វះ​អាហារូបត្ថម្ភ ដែល​អាច​រារាំង​ដល់​ការ​លូតលាស់​ទាំង​ផ្លូវ​កាយ​និង​បញ្ញា​របស់​ពួក​គេ និង​ជា​មូលហេតុ​បណ្ដាល​ឲ្យ​មាន​ជំងឺ​ផ្សេងៗ។

គម្រោង​ផ្ដល់​ជំនួយ​ស្បៀង​អាហារ​បន្ទាន់​នេះ គ្រោង​នឹង​មាន​ដំណើរការ​រយៈពេល​បី​ឆ្នាំ ដោយ​ចាប់​ផ្ដើម​ពី​ឆ្នាំ​២០០៨​នេះ។

គួរ​ជម្រាប​ថា ប្រជាពលរដ្ឋ​កម្ពុជា​ប្រមាណ ៣៥% រស់នៅ​ក្រោម​បន្ទាត់​ក្រីក្រ ហើយ​ក្រុម​ជំនាញ​ខាង​ផ្នែក​សេដ្ឋកិច្ច ក៏​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ខិតខំ​ប្រឹងប្រែង​កាត់​បន្ថយ​គម្លាត​រវាង​អ្នកមាន​និង​អ្នកក្រ​ផង​ដែរ៕