កាសែត The Nation របស់ប្រទេសថៃ ចុះថ្ងៃទី១ កក្កដា បានស្រង់សម្តីរបស់លោករដ្ឋមន្រ្តី ស៊ូវិទ ឃុនគិទ្ទិ នៃក្រសួងធនធានធម្មជាតិនិងបរិស្ថាន ដែលបានមានប្រសាសន៍ថា កម្ពុជាមានពេលរហូតដល់ខែកុម្ភៈឆ្នាំក្រោយ ដើម្បីធ្វើឲ្យហើយនូវផែនការមេក្នុងការថែរក្សានិងអភិវឌ្ឍតំបន់ប្រាសាទព្រះវិហារ។
ប្រាសាទព្រះវិហារនៃព្រះរាជាណាចក្រកម្ពុជា ។
លោករដ្ឋមន្រ្តីរូបនេះបន្តថា ការយឺតយ៉ាវក្នុងការដាក់ជូនផែនការមេនេះ បានជាឱកាសផ្តល់ឲ្យប្រទេសថៃមានពេលនឹងធ្វើយុទ្ធនាការដើម្បីឲ្យមានការចាត់តាំងបញ្ចូលប្រទេសថៃ ចូលរួមនឹងកម្ពុជាផងដែរ។
លោករដ្ឋលេខាធិការ ផៃ ស៊ីផាន នៃទីស្តីការគណៈរដ្ឋមន្រ្តីប្រទេសកម្ពុជា មានប្រសាសន៍ថា តាមពិតមានការតស៊ូពីប្រទេសថៃ ទាមទារឲ្យមានភាគចំណែករបស់ខ្លួនក្នុងបញ្ហាប្រាសាទព្រះវិហារនោះ គឺមានដូច្នោះមែន។ ប៉ុន្តែម្តងហើយម្តងទៀត ប្រទេសថៃដាក់សំណើដែលមានទំនងប្រកបដោយភាពខ្លាំងក្លាដូចតោនោះ បានត្រូវដើរចេញវិញមានទំនងដំណើរត្រឹមដូចសត្វកណ្តុរប៉ុណ្ណោះ។
លោក ផៃ ស៊ីផាន ថ្លែងយ៉ាងដូច្នេះ ៖ «នៅក្នុងពេលប្រជុំលើកទី៣៣ ប្រព្រឹត្តទៅនៅទីក្រុងស៊ីវិល ប្រទេសអេស្ប៉ាញ ខណៈដែលនិយាយអំពីរបៀបវារៈប្រាសាទព្រះវិហារ គណៈកម្មាធិការបេតិកភណ្ឌពិភពលោក មិនអនុញ្ញាតឲ្យគណៈប្រតិភូថៃបញ្ចេញយោបល់នោះទេ គ្រាន់តែឲ្យស្ដាប់។ នេះហើយគឺជាបរាជ័យនៃការប៉ុនប៉ងរបស់ថៃក្នុងការបញ្ចេញមតិ ឬក្នុងការទាមទារឲ្យដាក់ប្រាសាទព្រះវិហារស្ថិតនៅក្រៅបញ្ជីបេតិកភណ្ឌពិភពលោក ដែលគេនិយាយថា នៅពេលថៃដើរចូលមានលក្ខណៈជាតោ ក៏ប៉ុន្តែនៅពេលថៃដើរចេញ ដែលមិនទទួលបានការអនុញ្ញាតឲ្យនិយាយនោះ គឺមានលក្ខណៈជាកណ្ដុរ។ ហើយអ្វីដែលគេបានបកស្រាយ គេពន្យល់ដល់ប្រជាពលរដ្ឋរបស់គេហ្នឹង នេះគ្រាន់តែជាការបង្វិលព័ត៌មានមួយដើម្បីទាក់ទាញសន្ដានចិត្តរបស់ប្រជាពលរដ្ឋឲ្យអនុគ្រោះដល់បរាជ័យរបស់គេតែប៉ុណ្ណោះ»។
លោករដ្ឋលេខាធិការ ផៃ ស៊ីផាន ឲ្យដឹងថា តាមពិត ផែនការមេសម្រាប់ការថែរក្សានិងការអភិវឌ្ឍតំបន់ប្រាសាទព្រះវិហារនោះ បានត្រូវធ្វើសឹងតែស្រេចបាច់អស់ទៅហើយនៅភាគខាងកម្ពុជា។ ក៏ប៉ុន្តែចំណុចនៅសេសសល់ខ្លះនោះ គឺនៅភាគជាប់នឹងប្រទេសថៃ ដែលប្រទេសនេះតែងបានរំខានតាមការបញ្ជូនទ័ពខ្លួនខុសច្បាប់ទៅតំបន់នោះ និងធ្វើការរំខានដទៃទៀត មានជាអាទិ៍ ការរំខានដល់ការធ្វើដំណើរទៅមកនៃក្រុមមន្រ្តីនៃអង្គការយូណេស្កូ ជាដើម។
សូមរំឭកផងដែរថា កាសែតថៃឈ្មោះ ដឹ ណេស្ហឹន (The Nation) ក៏បានស្រង់សម្តីអ្នកនាំពាក្យស្តីទីរបស់រដ្ឋាភិបាលថៃ ដែលបាននិយាយថា ដោយការធ្វើយុទ្ធនាការដ៏ខ្លាំងក្លារបស់លោករដ្ឋមន្រ្តី ស៊ូវិទ ឃុនគិទ្ទិ នៃក្រសួងធនធានធម្មជាតិនិងបរិស្ថានក្នុងប្រតិភូប្រទេសថៃ នៅសន្និសីទប្រចាំឆ្នាំលើកទី៣៣ នាប្រទេសអេស្ប៉ាញ ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី២៣ ដល់ថ្ងៃទី៣០ ខែមិថុនានោះ ភាពយឺតយ៉ាវរបស់កម្ពុជាក្នុងការផ្តល់ផែនការមេលំអិតនេះ នឹងផ្តល់ពេលដល់ប្រទេសថៃដើម្បីធ្វើការអន្ទងចិត្តប្រទេសជាសមាជិកនៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក បានជាមិនខាន៕
|
|
អ៊ីម៉េល |
|
|
ព្រឹត្តិបត្រព័ត៌មាន |
|
|
បោះពុម្ព |
|
|
ចែករំលែករឿងនេះ |