កម្ពុជា​មាន​ពេល​ច្រើន​ថែម​ទៀត​ដើម្បី​ដាក់​ជូន​ផែនការ​អភិរក្ស​ប្រាសាទ​ព្រះ​វិហារ

2009-07-02

កាសែត The Nation របស់​ប្រទេស​ថៃ ចុះ​ថ្ងៃ​ទី​១ កក្កដា បាន​ស្រង់​សម្តី​របស់​លោក​រដ្ឋមន្រ្តី ស៊ូវិទ ឃុនគិទ្ទិ នៃ​ក្រសួង​ធនធាន​ធម្មជាតិ​និង​បរិស្ថាន ដែល​បាន​មាន​ប្រសាសន៍​ថា កម្ពុជា​មាន​ពេល​រហូត​ដល់​ខែ​កុម្ភៈ​ឆ្នាំ​ក្រោយ ដើម្បី​ធ្វើ​ឲ្យ​ហើយ​នូវ​ផែនការ​មេ​ក្នុង​ការ​ថែ​រក្សា​និង​អភិវឌ្ឍ​តំបន់​ប្រាសាទ​ព្រះ​វិហារ។

AFP Photo

ប្រាសាទ​ព្រះវិហារ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

លោក​រដ្ឋមន្រ្តី​រូប​នេះ​បន្ត​ថា ការ​យឺត​យ៉ាវ​ក្នុង​ការ​ដាក់​ជូន​ផែនការ​មេ​នេះ បាន​ជា​ឱកាស​ផ្តល់​ឲ្យ​ប្រទេស​ថៃ​មាន​ពេល​នឹង​ធ្វើ​យុទ្ធនាការ​ដើម្បី​ឲ្យ​មាន​ការ​ចាត់​តាំង​បញ្ចូល​ប្រទេស​ថៃ ចូលរួម​នឹង​កម្ពុជា​ផង​ដែរ។

លោក​រដ្ឋលេខាធិការ ផៃ ស៊ីផាន នៃ​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី​ប្រទេស​កម្ពុជា មាន​ប្រសាសន៍​ថា តាម​ពិត​មាន​ការ​តស៊ូ​ពី​ប្រទេស​ថៃ ទាម​ទារ​ឲ្យ​មាន​ភាគ​ចំណែក​របស់​ខ្លួន​ក្នុង​បញ្ហា​ប្រាសាទ​ព្រះ​វិហារ​នោះ គឺ​មាន​ដូច្នោះ​មែន។  ប៉ុន្តែ​ម្តង​ហើយ​ម្តង​ទៀត ប្រទេស​ថៃ​ដាក់​សំណើ​ដែល​មាន​ទំនង​ប្រកប​ដោយ​ភាព​ខ្លាំង​ក្លា​ដូច​តោ​នោះ បាន​ត្រូវ​ដើរ​ចេញ​វិញ​មាន​ទំនង​ដំណើរ​ត្រឹម​ដូច​សត្វ​កណ្តុរ​ប៉ុណ្ណោះ។

លោក ផៃ ស៊ីផាន ថ្លែង​យ៉ាង​ដូច្នេះ ៖ «នៅ​ក្នុង​ពេល​ប្រជុំ​លើក​ទី​៣៣ ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​ស៊ីវិល ប្រទេស​អេស្ប៉ាញ ខណៈ​ដែល​និយាយ​អំពី​របៀប​វារៈ​ប្រាសាទ​ព្រះ​វិហារ គណៈ​កម្មាធិការ​បេតិក​ភណ្ឌ​ពិភពលោក មិន​អនុញ្ញាត​ឲ្យ​គណៈ​ប្រតិភូ​ថៃ​បញ្ចេញ​យោបល់​នោះ​ទេ គ្រាន់​តែ​ឲ្យ​ស្ដាប់។ នេះ​ហើយ​គឺ​ជា​បរាជ័យ​នៃ​ការ​ប៉ុនប៉ង​របស់​ថៃ​ក្នុង​ការ​បញ្ចេញ​មតិ ឬ​ក្នុង​ការ​ទាមទារ​ឲ្យ​ដាក់​ប្រាសាទ​ព្រះ​វិហារ​ស្ថិត​នៅ​ក្រៅ​បញ្ជី​បេតិក​ភណ្ឌ​ពិភព​លោក ដែល​គេ​និយាយ​ថា នៅ​ពេល​ថៃ​ដើរ​ចូល​មាន​លក្ខណៈ​ជា​តោ ក៏​ប៉ុន្តែ​នៅ​ពេល​ថៃ​ដើរ​ចេញ ដែល​មិន​ទទួល​បាន​ការ​អនុញ្ញាត​ឲ្យ​និយាយ​នោះ គឺ​មាន​លក្ខណៈ​ជា​កណ្ដុរ។ ហើយ​អ្វី​ដែល​គេ​បាន​បក​ស្រាយ គេ​ពន្យល់​ដល់​ប្រជា​ពលរដ្ឋ​របស់​គេ​ហ្នឹង នេះ​គ្រាន់​តែ​ជា​ការ​បង្វិល​ព័ត៌មាន​មួយ​ដើម្បី​ទាក់ទាញ​សន្ដាន​ចិត្ត​របស់​ប្រជា​ពលរដ្ឋ​ឲ្យ​អនុគ្រោះ​ដល់​បរាជ័យ​របស់​គេ​តែ​ប៉ុណ្ណោះ»

លោក​រដ្ឋលេខាធិការ ផៃ ស៊ីផាន ឲ្យ​ដឹង​ថា តាម​ពិត ផែនការ​មេ​សម្រាប់​ការ​ថែ​រក្សា​និង​ការ​អភិវឌ្ឍ​តំបន់​ប្រាសាទ​ព្រះ​វិហារ​នោះ បាន​ត្រូវ​ធ្វើ​សឹង​តែ​ស្រេច​បាច់​អស់​ទៅ​ហើយ​នៅ​ភាគ​ខាង​កម្ពុជា។ ក៏​ប៉ុន្តែ​ចំណុច​នៅ​សេស​សល់​ខ្លះ​នោះ គឺ​នៅ​ភាគ​ជាប់​នឹង​ប្រទេស​ថៃ ដែល​ប្រទេស​នេះ​តែង​បាន​រំខាន​តាម​ការ​បញ្ជូន​ទ័ព​ខ្លួន​ខុស​ច្បាប់​ទៅ​តំបន់​នោះ និង​ធ្វើការ​រំខាន​ដទៃ​ទៀត មាន​ជា​អាទិ៍ ការ​រំខាន​ដល់​ការ​ធ្វើ​ដំណើរ​ទៅ​មក​នៃ​ក្រុម​មន្រ្តី​នៃ​អង្គការ​យូណេស្កូ ជា​ដើម។

សូម​រំឭក​ផង​ដែរ​ថា កាសែត​ថៃ​ឈ្មោះ ដឹ ណេស្ហឹន (The Nation) ក៏​បាន​ស្រង់​សម្តី​អ្នក​នាំ​ពាក្យ​ស្តីទី​របស់​រដ្ឋាភិបាល​ថៃ ដែល​បាន​និយាយ​ថា ដោយ​ការ​ធ្វើ​យុទ្ធនាការ​ដ៏​ខ្លាំង​ក្លា​របស់​លោក​រដ្ឋមន្រ្តី ស៊ូវិទ ឃុនគិទ្ទិ នៃ​ក្រសួង​ធនធាន​ធម្មជាតិ​និង​បរិស្ថាន​ក្នុង​ប្រតិភូ​ប្រទេស​ថៃ នៅ​សន្និសីទ​ប្រចាំ​ឆ្នាំ​លើក​ទី​៣៣ នា​ប្រទេស​អេស្ប៉ាញ ដែល​ប្រព្រឹត្ត​ទៅ​កាល​ពី​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​៣០ ខែ​មិថុនា​នោះ ភាព​យឺត​យ៉ាវ​របស់​កម្ពុជា​ក្នុង​ការ​ផ្តល់​ផែនការ​មេ​លំអិត​នេះ នឹង​ផ្តល់​ពេល​ដល់​ប្រទេស​ថៃ​ដើម្បី​ធ្វើការ​អន្ទង​ចិត្ត​ប្រទេស​ជា​សមាជិក​នៃ​គណៈកម្មាធិការ​បេតិក​ភណ្ឌ​ពិភពលោក បាន​ជា​មិន​ខាន៕

មតិ

អ្នក​អាច​បញ្ចេញ​មតិ​ដោយ​បំពេញ​ទម្រង់​ខាង​ក្រោម​នេះ​ក្នុង​ទម្រង់​ជា​អក្សរ​សុទ្ធ។. មតិ​ត្រូវ​តែ​អនុញ្ញាត​ដោយ​អ្នក​សម្រប​សម្រួល​និង​មិន​បង្ហាញ​ភ្លាមៗ​នៅ​លើ​ទំព័រ​នេះ​ទេ។ សូម​អញ្ជើញ​ត្រឡប់​មក​បើក​ទំព័រ​នេះ​ម្ដង​ទៀត​ដើម្បី​មើល​ថា​តើ​មតិ​របស់​អ្នក​ត្រូវ​បាន​ចុះ​ផ្សាយ​ឬ​អត់។




ឧបករណ៍រឿង

អ៊ីម៉េល​
ព្រឹត្តិបត្រព័ត៌មាន
បោះពុម្ព
ចែករំលែករឿងនេះ

អត្ថបទ​ដែល​ទាក់ទង