លោកឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសខ្មែរ ហោ ណាំហុង មានប្រសាសន៍ថា មានការបារម្ភថា តើលោកស្រី អង់ សាន សូជី នឹងអាចចូលរួមការបោះឆ្នោតសាកលរបស់ភូមានៅឆ្នាំ២០១០ខាងមុខនេះបានដែរឬទេ។
លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ថ្លែងដូច្នេះថា ៖ «តុលាការកាត់ទោសជាង៣ឆ្នាំ តែថ្នាក់ដឹកនាំកំពូលរបស់មីយ៉ាន់ម៉ាបន្ថយមក ១៨ខែ ឲ្យនៅក្នុងផ្ទះ មិនមែននៅក្នុងគុក។ ចង់មិនចង់ លោកស្រី អង់ សាន ស៊ូជី នៅមុនពេលកាត់ទោស គាត់ជាប់ឃុំឃាំងនៅក្នុងផ្ទះរួចហើយ ឥឡូវឲ្យជាប់ឃុំឃាំងក្នុងផ្ទះ គឺវាដដែលជាដដែលទេ ប៉ុន្តែបញ្ហានៅត្រង់ថា តើលោកស្រី អង់ សាន ស៊ូជី អាចនឹងចូលរួមបោះឆ្នោតនៅឆ្នាំ២០១០ បានឬអត់។ បញ្ហាស្ថិតនៅកន្លែងនេះ ប៉ុន្តែយើងកន្លងមក បានប្រាប់ទៅភាគីមីយ៉ាន់ម៉ា ឲ្យដឹងថា យើងអាស៊ានទាំងអស់ ចង់បានការបោះឆ្នោតមានតម្លាភាព ប្រជាធិបតេយ្យនិងត្រឹមត្រូវ»។
សូមរំឭកថា លោកស្រី អង់ សាន ស៊ូជី មានទោសទណ្ឌ ព្រោះកាលពីខែឧសភា ជនជាតិអាមេរិកាំងមួយរូបបានហែលទឹកឆ្លងបឹង ចូលទៅក្នុងផ្ទះ លោកស្រីក្នុងទីក្រុងរ៉ង់ហ្គូន ខណៈដែលលោកស្រីកំពុងត្រូវឃុំឃាំងមិនឲ្យចេញទៅណាបាននោះ ហើយខាងមេដឹកនាំយោធាភូមាក៏បានឆ្លៀតឱកាសដែលលោកស្រីបណ្តោយឲ្យជនជាតិអាមេរិកាំងស្នាក់នៅបណ្តោះអាសន្នដោយសំអាងថា រមួលក្រពើពីការហែលទឹកនោះ ចោទលោកស្រីថា រំលោភលក្ខខណ្ឌនៃទោសជាប់ឃុំឃាំង។
ជនជាតិអាមេរិកាំងឈ្មោះ William Yettaw អាយុ៥៣ឆ្នាំ ដែលគេជឿថា មានសតិមិនប្រក្រតីរូបនេះក៏ត្រូវតុលាការភូមាកាត់ទោសឲ្យជាប់គុក៧ឆ្នាំ ហើយធ្វើការជាទម្ងន់ផងដែរ ពីបទចូលស្រុកទេសខុសច្បាប់។
សហរដ្ឋអាមេរិកបានថ្កោលទោសសាលក្រមរបស់តុលាការភូមាទាំងពីរករណី៕
