មេដឹកនាំអង្គការសិទិ្ធមនុស្សនៅក្នុងប្រទេសកម្ពុជា បានឲ្យដឹងថា សេរីភាពនៃសារព័ត៌មានកំពុងស្ថិតក្រោមការរំលោភបំពាន រីឯសកម្មជននយោបាយក៏នៅមិនទាន់ទទួលបាននូវសន្តិសុខផ្ទាល់ខ្លួនពេញលេញផងដែរ ។
នៅក្នុងវេទិកាតុមូលមួយដែលរៀបចំឡើងដោយវិទ្យុអាស៊ីសេរីកាលពីពេលថ្មីៗកន្លងទៅនេះ លោកស្រីវេជ្ជបណ្ឌិត ពុង ឈីវកេក ប្រធានសម្ព័ន្ធខ្មែរជំរឿននិងការពារសិទ្ធិមនុស្សលីកាដូ និងលោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានធ្វើការវាយតម្លៃទៅលើស្ថានភាពសិទ្ធិមនុស្សកម្ពុជា កាលពីមួយអាណត្តិកន្លងទៅនេះ ថា នៅមានចំណុចដែលត្រូវធ្វើការកែលម្អជាច្រើនទៀត ។
លោកស្រីវេជ្ជបណ្ឌិត ពុង ឈីវកេក បានមានប្រសាសន៍ចំៗ ទៅដល់ការបិទស្ថានីយវិទ្យុអង្គររដ្ឋា នៅក្នុងខេត្តក្រចេះ ថាជាការធ្វើឲ្យប៉ះពាល់ដល់សិទិ្ធសេរីភាពទទួលបានព័ត៌មានរបស់ប្រជាជន ។
លោកស្រី ពុង ឈីវកេក មានប្រសាសន៍ដូច្នេះថា ៖ «ព្រោះសេរីភាពក្នុងការទទួលព័ត៌មានរបស់ប្រជាពលរដ្ឋ លោកទទួលព័ត៌មានសព្វថ្ងៃនេះ ច្រើនមកពីវិទ្យុ មកពីទូរទស្សន៍ ឬក៏មកពីសារព័ត៌មាន ។ ចុះបើបិទអ៊ីចឹងទៅ បានន័យថា ប៉ះពាល់ដល់សេរីភាពហ្នឹងហើយ ។ មួយទៀតដែលគេហៅថា សេរីភាពក្នុងការបញ្ចេញមតិ មុននឹងបញ្ចេញមតិ លោកត្រូវតែទទួលព័ត៌មាន ចុះបើអត់បានព័ត៌មាន តើធ្វើម៉េច លោកបញេ្ចញមតិ?» ។
ម៉្យាងទៀត លោកស្រីបានឲ្យដឹងទៀតថា ប្រជាជនកម្ពុជានៅពុំទាន់មានសិទ្ធិគ្រប់គ្រាន់ក្នុងការទទួលបានព័ត៌មាន ដោយសារតែកម្ពុជាមិនទាន់មានច្បាប់ស្តីអំពីសិទិ្ធទទួលបានព័ត៌មាន ៖ «រដ្ឋាភិបាល លោកត្រូវតែធ្វើច្បាប់មួយ ដើម្បីអនុញ្ញាតឲ្យប្រជាពលរដ្ឋគ្រប់រូបត្រូវការចង់បាន ព័ត៌មានអី កុំឲ្យមានការលំបាកដូចសព្វថ្ងៃនេះ ។ សព្វថ្ងៃ យើងចូលទៅក្រសួងណា យើងចង់បានព័ត៌មានអី យើងអត់ដែលបានទេ គឺមានការលាក់បាំងថា អានេះគឺជារបស់រដ្ឋ មិនអាចឲ្យអ្នកឯងបានទេ ព្រោះយើងអត់មានយន្តការអីមួយ អត់មានច្បាប់អីមួយ ដែលអនុញ្ញាតឲ្យ ប្រជាពលរដ្ឋគ្រប់រូបទទួលព័ត៌មាន បានគ្រប់គ្រាន់» ។
បន្ទាប់ពីការថ្លែងរិះគន់ពីចំណុចអវិជ្ជមានដែលកើតនៅក្នុងបញ្ហាសិទិ្ធសេរីភាពសារព័ត៌មាន លោកស្រី ពុង ឈីវកេក បានលើកពីចណុចរីកចម្រើនរបស់កម្ពុជាផងដែរ ។
លោកស្រីបានធ្វើការកត់សម្គាល់ថា ប្រទេសកម្ពុជាបានធ្វើការបោះឆ្នោតជាតិជាទៀងទាត់ ចំនួនបីលើក គឺឆ្នាំ ១៩៩៣, ១៩៩៨, ២០០៣ និងការបោះឆ្នោ ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ចំនួនពីរលើក ដែលបានធ្វើឡើងនៅឆ្នាំ២០០២ និង ២០០៧ ។ ជាងនេះទៅទៀតនោះ គឺកម្ពុជា កំពុងត្រៀមរៀបចំការបោះឆ្នោតជាតិឆ្នាំ នៅថ្ងៃទី២៧ កក្កដា ឆ្នាំ២០០៨ ខាងមុខនេះ ។
លោកស្រីបានឲ្យដឹងបន្ថែមទៀតថា រដ្ឋាភិបាលកម្ពុជាបានធ្វើការចុះសច្ចាប័នលើសន្ធិសញ្ញាស្តីអំពីសិទ្ធិមនុស្សជាច្រើន គ្រាន់តែថា រដ្ឋាភិបាលមិនទាន់បានធ្វើការអនុវត្ត ។
ជាមួយគ្នានោះ លោកស្រីបានឲ្យដឹងថា រដ្ឋាភិបាលក៏បានបង្កើតឲ្យមានក្រសួងកិច្ចការនារីដើម្បីដោះស្រាយបញ្ហាស្រ្តី ។
ក្រសួងកិច្ចការនារីនេះបានធ្វើច្បាប់នានាជាច្រើន ក្នុងនោះមានច្បាប់ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារនិងកិច្ចការពារជនរងគ្រោះ បើទោះជាច្បាប់នេះមិនទាន់ត្រូវបានអនុវត្តពេញលេញក៏ដោយ ។
លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា យល់ស្របទៅនឹងការលើកឡើងរបស់លោកស្រីវេជ្ជបណ្ឌិត ពុង ឈីវកេក អំពីទិដ្ឋភាពនៃសារព័ត៌មាននៅក្នុងប្រទេសកម្ពុជា ដោយលោកបានថ្លែងបន្ថែមថា សិទ្ធិពលរដ្ឋនិងនយោបាយមានទំនាក់ទំនងសំខាន់បំផុត ជាមួយនឹងសិទ្ធិសេរីភាព បញ្ចេញមតិ និងសិទ្ធិសារព័ត៌មាន ។
លោកក៏បានមានប្រសាសន៍ទាក់ទងនឹងការបិទវិទ្យុនៅក្នុងខេត្តក្រចេះផងដែរ ដោយលោកបានចាត់ទុកថា អំពើនេះជាអំពើអយុត្តិធម៌ ពីព្រោះទង្វើនេះបានធ្វើឲ្យប្រជាពលរដ្ឋរាប់ពាន់នាក់បាត់បង់សិទិ្ធក្នុងការបញ្ចេញមតិនិងសិទិ្ធទទួលបានព័ត៌មាន ។
ប្រធានមជ្ឈមណ្ឌលរូបនេះបានមានប្រសាសន៍ទៅដល់អំពើអយុត្តិធម៌ដែលកើតមានឡើងនៅមុនការបោះឆ្នោតក្នុងឆ្នាំ២០០៨នេះ ៖ «អំពើមួយដែលបញ្ជាក់ឆ្លុះបញ្ចាំងពីស្ថានភាពនៃការបោះឆ្នោតខាងមុខនេះថា តើនឹងអាចមានបរិយាកាសក្នុងការប្រកួតប្រជែងឲ្យស្មើភាពនិងយុត្តិធម៌បានទេ ។អ៊ីចឹង ករណីដែលមានការគាបសង្កត់សេរីភាពសារព័ត៌មានបែបនេះ ហើយនិងការគំរាមកំហែងដល់អ្នកនយោបាយ សកម្មជននយោបាយ ការវ៉ៃស្លាក ទម្លាក់ស្លាកជាដើម ។ ទាំងអស់នេះ គឺជាការឆ្លុះបញ្ចាំងមួយនូវភាពអយុត្តិធម៌ចំពោះការបោះឆ្នោត ។ ហើយចំពោះខ្ញុំផ្ទាល់ ខ្ញុំថា នេះគឺជាទង្វើរបស់ក្រសួងព័ត៌មាន ដែលជាក្រសួងឃោសនាការ ពីជំនាន់កុម្មុយនីស្តមក បែរក្លាយជារូបភាពមកជាក្រសួងព័ត៌មាន ដើម្បីគាបសង្កត់ដល់មតិផ្ទុយ ហើយដើម្បីលើកតម្កើងតែមតិអ្នកកាន់អំណាចតែប៉ុណ្ណឹងទេ» ។
បើទោះជាយ៉ាងនេះក្តី លោក អ៊ូ វីរៈ ក៏បានឲ្យដឹងពីភាពរីកចម្រើននៃស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា ចំពោះការចូលរួមបញេ្ចញមតិតវ៉ារបស់ប្រជាជនទាក់ទងស្ថានភាពអវិជ្ជមានដែលធ្វើឲ្យប៉ពាល់ដល់សេដ្ឋកិច្ចគ្រួសាររបស់ពួកគាត់ ហើយបច្ចុប្បន្ននេះ ករណីដែលប្រជាជនមានការតវ៉ាច្រើនជាងគេ គឺកើតចេញពីទំនាស់ដីធ្លី ។
ភ្ជាប់ជាមួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ លោក អ៊ូ វីរៈ បានសំដៅទៅដល់សិទ្ធិការងារដែលជាសិទិ្ធចាំបាច់របស់សង្គមសេរី ៖ «សិទ្ធិការងារនេះ គឺការពារសិទ្ធិមួយចំនួន ដែលបុគ្គលចូលរួមធ្វើការងារហ្នឹង អាចទទួលបាន ហើយមួយទៀត បង្កនូវឱកាសដើម្បីឲ្យប្រជាពលរដ្ឋអាចប្រកួតប្រជែងស្មើភាពគ្នា ក្នុងការទទួលបានការងារ ហើយក្នុងករណីហ្នឹង គេនិយាយអំពីនិយមបក្សពួក បុគ្គលនិយម ឬមួយក៏គ្រួសារនិយមអីជាដើម ដែលគេការពារធ្វើម៉េចកុំឲ្យមានបែបហ្នឹងដើម្បីផ្ដល់ឱកាសឲ្យប្រជាពលរដ្ឋទូទាំងប្រទេស រួមទាំងអ្នកដែលអត់មានអំណាច ឬមួយអ្នកដែលអត់មានខ្នង ក៏មានឱកាសក្នុងការទទួលបានការងារតាមសមត្ថភាព ប៉ុន្តែបើតាមកុម្មុយនីស្ដ គេអត់និយាយអ៊ីចឹងទេ កុម្មុយនីស្ត គឺនរណាក៏ដោយ គឺត្រូវតែមានការងារតែម្ដង ប៉ុន្តែក្នុងករណីការងារហ្នឹង គឺគេបង្ខំ» ។
ពិតមែនតែមេដឹកនាំអង្គការសិទ្ធិមនុស្សទាំងពីរនេះ បានមានប្រសាសន៍លើបញ្ហាផេ្សងៗគ្នាជាច្រើនក៏ដោយ សិទ្ធិសេរីភាពនៃសារព័ត៌មាននៅតែក្លាយជាប្រធានបទរួមមួយរបស់សកម្មជនសិទ្ធិមនុស្សទាំងពីរនេះ ។
លោកស្រីវេជ្ជបណ្ឌិត ពុង ឈីវកេក បានលើកយកពីករណីលម្អៀងនៃកម្មវិធីផ្សាយរបស់ទូរទស្សន៍នាពេលបច្ចុប្បន្នដែលមានទំនោរទៅរកគណបក្សកាន់អំណាច ៖ «មានតែពេលមុនបោះឆ្នោតទេ ដែលអនុញ្ញាតឲ្យគណបក្សនយោបាយ ដែលឈរឈ្មោះបោះឆ្នោតហ្នឹង មានពេលបន្តិចបន្តួចផ្សព្វផ្សាយ ប៉ុន្តែក្រៅពីពេលហ្នឹង យើងឃើញថា មានតែផ្សព្វផ្សាយរបស់រដ្ឋាភិបាលទេ ហ្នឹងហើយនៅក្នុងការប៉ះពាល់ដល់សេរីភាព ក្នុងការទទួលព័ត៌មាន ព្រោះសព្វថ្ងៃ ប្រជាពលរដ្ឋខ្មែរ បើលោកមើលតែទូរទស្សន៍ទទេ លោកទទួលព័ត៌មាន បានតែមួយជ្រុងទេ អត់ទទួលព័ត៌មានបានគ្រប់ជ្រុងទេ ។ ខ្ញុំមើលប្រទេសគេ ប្រទេសបារាំងអី គេទទួលព័ត៌មានគ្រប់ទាំងអស់ ហើយទូរទស្សន៍គេ ឯករាជ្យពិតប្រាកដ» ។
រីឯលោក អ៊ូ វីរៈ វិញ បានមានប្រសាសន៍ជុំវិញស្ថានភាពអ្នកកាសែតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ៖ «អ្នកសារព័ត៌មានច្រើនណាស់នៅពេលប៉ុន្មានឆ្នាំកន្លងមកនេះ ដែលត្រូវបានទទួលនូវការគំរាមកំហែងដល់អាយុជីវិត ហើយថ្មីៗនេះ យើងឃើញថា អ្នកសារព័ត៌មាន អាស៊ីសេរី ក៏ត្រូវបានគេចខ្លួន លាក់ខ្លួនដោយសារការគំរាមកំហែងនេះ។ ហើយក្នុងករណីជាក់ស្ដែងជាច្រើនទាំងអស់នេះ ដែលយើងបានធ្វើការស៊ើបអង្កេត គឺអត់មានករណីមួយណា ដែលមានការស៊ើបអង្កេតដោយអាជ្ញាធរ ហើយឈានទៅដល់ការចាប់ខ្លួនជនប្រព្រឹត្តទេ» ។
សរុបមកវិញ ស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា ពិតជាមានភាពចម្រើនលូតលាស់ តែទាមទារឲ្យមានការពង្រឹងថែមទៀតពីសំណាក់រដ្ឋាភិបាលនិងអង្គការដែលពាក់ព័ន្ធ ។
លោកស្រី វេជ្ជបណ្ឌិត ពុង ឈីវកេក បានឲ្យដឹង សេរីភាពសារព័ត៌មាននៅមិនទាន់មានលក្ខណៈទូលំទូលាយនៅឡើយទេ ដោយសារតែមកដល់ពេលនេះ មានអ្នកកាសែត ៩រូប បាត់ស្លាប់បាត់បង់ជីវិត ។ លោកស្រីបានឲ្យដឹងថា ៦០ភាគរយនៃចំនួនអ្នកកាសែត ១៥០នាក់ កំពុងរស់នៅក្នុងសភាពភិតភ័យ ៕
|
|
ស្តាប់សំឡេង |
|
|
ថតសំឡេង |
|
|
អ៊ីម៉េល |
|
|
ព្រឹត្តិបត្រព័ត៌មាន |
|
|
បោះពុម្ព |
បុគ្គលិកចំណតរថយន្តនៅស្រុកត្បូងឃ្មុំ វាយដំលើអ្នករត់តាក់ស៊ី
នៅខេត្តក្រចេះ យុវជនម្នាក់ត្រូវឆ្មាំចម្ការកៅស៊ូវាយដំនិង«អារក»
សិទ្ធិមនុស្សស្នើសុំឲ្យរដ្ឋាភិបាលបិទមណ្ឌលសង្គមកិច្ចពីរកន្លែង
នៅខេត្តកំពត បុគ្គលិកជនជាតិចិនវាយធ្វើបាបបុគ្គលិកខ្មែរ
នៅខេត្តសៀមរាប បុគ្គលិកថៃវាយដំនិងប្រមាថកម្មករខ្មែរ
ស្ថានភាពរស់នៅរបស់អ្នកទោសមានភាពប្រសើរជាងមុន
នៅរតនគិរី នាយអាវុធហត្ថត្រូវបានចោទថា ប្រើអំពើហិង្សាលើអ្នកភូមិ
អង្គការក្រៅរដ្ឋាភិបាលធ្វើវេទិកាអប់រំពលរដ្ឋអំពីតួនាទីនិងសិទ្ធិសេរីភាព
ប្រតិកម្មមន្ត្រីសិទ្ធិមនុស្សជុំវិញការស្លាប់ជនសង្ស័យក្នុងគុក