កម្ពុជា​ចូល​ជា​សមាជិក​សមាគម​ប្រទេស​ផលិត​កៅស៊ូ​ធម្មជាតិ

ប្រទេស​កម្ពុជា​ទើប​បាន​ចូល​ជា​សមាជិក​នៃ​សមាគម​ប្រទេស​ផលិត​កៅស៊ូ​ធម្មជាតិ​ដែល​គេ​ជឿ​ថា នឹង​ជួយ​ផ្តល់​បច្ចេកវិទ្យា​ថ្មី​ក្នុង​ការ​ផលិត​កៅស៊ូ​ព្រម​ទាំង​ជួយ​ស្វែង​រក​ទីផ្សារ​ដល់​កម្ពុជា​ផង។

លោក លី ផល្លា អគ្គនាយក​នៃ​នាយកដ្ឋាន​ចម្ការ​កៅស៊ូ​រដ្ឋ បាន​ត្រូវ​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង​អា.​អេហ្វ.​ប៉េ. ស្រង់​ប្រសាសន៍​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា លោក​សង្ឃឹម​ថា សមាជិក​ភាព​ក្នុង​សមាគម​អន្តរជាតិ​មួយ​នេះ នឹង​ជួយ​អភិវឌ្ឍ​ផលិត​កម្ម​កៅស៊ូ​ខ្មែរ​ឲ្យ​កាន់​តែ​ជឿន​លឿន​ទៅ​មុខ។

សព្វ​ថ្ងៃ​នេះ រដ្ឋាភិបាល​បាន​ធ្វើ​ឯកជន​ភាវូប​នីយ​កម្ម​ចម្ការ​កៅស៊ូ​រដ្ឋ​ប្រមាណ​ជា ៤១.៦០០​ហិកតារ ហើយ​មាន​គម្រោង​ពង្រីក​ផ្ទៃ​ដី​ដាំ​កៅស៊ូ​ពី​បច្ចុប្បន្ន ១២​ម៉ឺន​ហិកតារ ឲ្យ​ឡើង​ដល់ ១៥​ម៉ឺន​ហិកតារ​នៅ​ឆ្នាំ​២០១៥៕