លោកមេធាវី សុក សំអឿន ជាប្រធានអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា បានថ្លែងថា ដរាបណាស្ថាប័នទាំង៤ខាងលើនេះ អនុវត្តតួនាទីរបស់ខ្លួនដោយប្រសិទ្ធភាពនិងសេចក្ដីថ្លៃថ្នូរ នោះទើបមានយុត្តធម៌សម្រាប់ប្រជាពលរដ្ឋទាំងអស់គ្នា។
ទាក់ទិននឹងការអនុវត្តតួនាទីរបស់នគរបាលយុត្តិធម៌ ជាពិសេស ផ្នែកប៉ូលិស លោក ទូច ណារ៉ុថ ស្នងការនគរបាលរាជធានីភ្នំពេញមានប្រសាសន៍យ៉ាងដូច្នេះថា ៖ «បើយើងនិយាយពីនគរបាលយុត្តិធម៌ មិនមែនតែប៉ូលិសទេ ប៉េអឹម ជលផល មេព្រៃ គយ និយាយរួម អ្នកដែលមាននីតិសម្បទាជានគរបាលយុត្តិធម៌មានច្រើន។ ក៏ប៉ុន្តែដោយឡែកប៉ូលិស ជានគរបាលយុត្តិធម៌ ប៉ូលិសគឺប្រយុទ្ធប្រឆាំងនឹងអំពើល្មើសច្បាប់ បើការបង្រ្កាបបទល្មើសក្រោមការដឹកនាំនិងសហការសម្របសម្រួលពីព្រះរាជអាជ្ញា យើងនិយាយឲ្យខ្លីប៉ុណ្ណឹង។ ហើយប៉ូលិសយើងមានការងារច្រើន ឧទាហរណ៍ បទល្មើសជាក់ស្ដែង ប៉ូលិសយើងជាអ្នកធ្វើ ធ្វើជាក់ស្ដែង យើងធ្វើហើយ យើងកសាងសំណុំរឿងរាយការណ៍ជូនព្រះរាជអាជ្ញា ហើយនិងបញ្ជូនសំណុំរឿងទៅតុលាការ។ ហើយបើការងារណា មិនមែនជាបទល្មើសជាក់ស្ដែងទេ អាហ្នឹងយើងធ្វើសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីសុំដីកា ឬក៏សុំអ្វីមួយពីព្រះរាជអាជ្ញា»។
កន្លងមកក៏មានការលើកឡើងផងដែរ ជុំវិញភាពមិនស៊ីសង្វាក់គ្នារវាងនគរបាលយុត្តិធម៌និងមន្ត្រីតុលាការ ជាពិសេសនៅក្នុងការសម្រេចចាប់ខ្លួននិងឃុំខ្លួនជនល្មើស ដែលនៅក្នុងករណីខ្លះ តុលាការបានសម្រេចដោះលែងជនល្មើស ហើយពេលខ្លះទៀត មានដីកាឲ្យចាប់ខ្លួនជនល្មើសឡើងវិញ។
លោក ទូច ណារ៉ុថ ស្នងការនគរបាលរាជធានីភ្នំពេញ មានប្រសាសន៍ថា ដើម្បីជៀសវាងបញ្ហាចាប់ជនល្មើសហើយលែងវិញនោះ គឺវាចាំបាច់ណាស់ត្រូវមានកិច្ចសហការជួយបន្ថែមពីព្រះរាជអាជ្ញាក្នុងការកសាងមូលដ្ឋានឯកសារចោទ។
លោក ទូច ណារ៉ុថ ថ្លែងដូច្នេះថា ៖ «អាហ្នឹងអ៊ីចឹងបានថា ឥឡូវយើងកំពុងព្យាយាមដើម្បីបង្ការ បង្រ្កាបបទល្មើស កាត់បន្ថយបទល្មើស វាទាល់តែសមត្ថកិច្ចទាំងពីរហ្នឹងសហការគ្នា។ ឧទាហរណ៍ថា យើងចាប់ជនល្មើស យើងកសាងសំណុំរឿងទៅតុលាការ ស្ថាប័នតុលាការដែលមានអយ្យការ ព្រះរាជអាជ្ញាហ្នឹង ជាមួយចៅក្រម ពេលលោកឃើញថា ប៉ូលិសដែលកសាងសំណុំរឿងទៅ ខ្វះខាតអ្វីមួយ យើងដឹងថា ហ្នឹងជនល្មើសហើយ ក៏ប៉ុន្តែវាខ្វះអ្វីមួយដែលព្រះរាជអាជ្ញាលោកមិនអាចចោទប្រកាន់បាន ចៅក្រមអង្កេតលោកមិនអាចចោទប្រកាន់បាន ដូច្នេះលោកត្រូវបញ្ជាមកប៉ូលិសយុត្តិធម៌ ស្ថាប័នប៉ូលិសដើម្បីរកអីបន្ថែមទៀត ដើម្បីចោទប្រកាន់អាហ្នឹងបាន។ ជួនកាល ប៉ូលិសថ្នាក់ក្រោម សមត្ថភាពគាត់វាមានកម្រិតអីអ៊ីចឹងទៅ គាត់ធ្វើទៅវាមិនគ្រប់ បើវាមិនគ្រប់ មិនអាចចោទប្រកាន់បាន ស្ថាប័នច្បាប់មួយ ស្ថាប័នអយ្យការ ឬក៏ស្ថាប័នតុលាការហ្នឹង ត្រូវបង្គាប់មក ដើម្បីឲ្យគេធ្វើបន្ថែម ដើម្បីចោទប្រកាន់អ្នកហ្នុងបាន ...។ អាហ្នឹងបើយើងចង់កាត់បន្ថយបទល្មើស។ ហើយកន្លងមក យើងបានសំណូមពរទៅប្រធានតុលាការជាមួយព្រះរាជអាជ្ញា យើងកំពុងធ្វើការងារហ្នឹង សហការគ្នាបញ្ហាហ្នឹង ដើម្បីកុំឲ្យចោទប្រកាន់ថា ប៉ូលិសចាប់ ព្រះរាជអាជ្ញា តុលាការលែង»។
ចំពោះការអនុវត្តតួនាទីរបស់ព្រះរាជអាជ្ញា ដែលមន្ត្រីតំណាងច្បាប់និងមានការពារភាគីជនរងគ្រោះនោះវិញ នៅក្នុងករណីខ្លះ ព្រះរាជអាជ្ញា មានភាពអល់ឯកមិនហ៊ានធ្វើការចោទប្រកាន់ជនសង្ស័យឡើយ។ ជាពិសេសនៅក្នុងករណីដែលជនល្មើសនោះ គឺជាបុគ្គលដែលអាងអំណាចប្រដាប់អាវុធ ឬបុណ្យស័ក្តិ។
នៅក្នុងចំណុចនេះ លោកមេធាវី អ៊ុក វ៉ានដេត មានប្រសាសន៍ថា ៖ «តាមគោលការណ៍ច្បាប់ គាត់មានសិទ្ធិ ក្នុងការចាត់ចែងធ្វើហ្នឹង ប៉ុន្តែយើងផ្អែកទៅលើថា តើគាត់ធ្វើ ឬមិនធ្វើ អាហ្នឹងវាជាតួនាទីរបស់គាត់។ ចំណុចខ្សោយរបស់ព្រះរាជអាជ្ញាគឺគាត់អត់ទាន់ហ៊ានបញ្ជាមន្រ្តីនគរបាលយុត្តិធម៌ដោយត្រង់ៗទេ ទៅតាមច្បាប់ដែលបានកំណត់ឲ្យគាត់។ គាត់នៅមានការស្ទាក់ស្ទើរនៅឡើយ ក្នុងការយោគយល់ ម្ល៉ោះហើយវាធ្វើឲ្យកំណែទម្រង់ហ្នឹង វាធ្វើដំណើរទៅមិនទាន់បានមានសន្ទុះទេ នៅស្ទាប់ស្ទង់គ្នានៅឡើយ»។
ចំណែកចៅក្រមដែលជាអ្នកផ្តល់យុត្តិធម៌ដល់ភាគីនិងឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដែលជាអ្នកដាក់ពិន័យចំពោះការប្រព្រឹត្តមិនត្រឹមត្រូវរបស់ចៅក្រម ក៏គេមើលឃើញថា នៅមានភាពទន់ខ្សោយនៅឡើយដែរ។
លោកមេធាវី អ៊ុក វ៉ាន់ដេត មានប្រសាសន៍ថា និន្នាការនិងចំណងនយោបាយបានធ្វើឲ្យស្ថាប័នទាំងនេះនៅខ្សោយ ៖ «យើងឃើញថា គាត់បានធ្វើកិច្ចការច្រើនហើយ ក៏ប៉ុន្តែ វានៅតែមិនគ្រប់គ្រាន់ ដោយសារតែគាត់អត់ទាន់មានឯករាជភាពនៅឡើយទេ។ ក្នុងហ្នឹងថា គាត់ជាសមាជិករបស់គណបក្ស ហើយអ្នកដែលខុសហ្នឹងក៏ជាកូនចៅរបស់គណបក្ស ម្ល៉ោះហើយ វាមិនអាចធ្វើឲ្យមានភាពយុត្តិធម៌ទេ បើតាមផ្លូវច្បាប់ គេថាមានភាពលម្អៀង។ ទាល់តែចៅក្រម មានឯករាជភាព ទាល់តែឧត្ដមក្រុមប្រឹក្សាមានឯករាជភាពទើបគាត់អាចចាត់ការតាមនីតិវិធីច្បាប់បាន»។
លោកមេធាវី អ៊ុក វ៉ាន់ដេត បានថ្លែងថា ការទម្រង់ប្រព័ន្ធយុត្តិធម៌ដោយដំឡើងតែប្រាក់បៀវត្សរ៍នោះ គឺមិនធានាប្រសិទ្ធភាពការងារនោះឡើយ ៖ «យើងឃើញហើយ កំណែទម្រង់បានភាពប្រសើរទេ នៅពេលដែលយើងដំឡើងប្រាក់ខែ? មានវិធីគឺការសំខាន់បំផុត គឺឯករាជភាព ហើយការធានានូវតួនាទីនិងមុខការរបស់គាត់»។
យុត្តិធម៌ត្រូវគេឲ្យតម្លៃថា ជាធាតុដ៏សំខាន់នៅក្នុងវិស័យអភិបាលកិច្ច សន្តិសុខ និងស្ថិរភាពសង្គម ព្រមទាំងដើម្បីធានាថា ពលរដ្ឋនៃសង្គមនោះ គឺគ្មានការទទួលរងការរំលោភបំពានណាមួយដោយកម្រោល។
ប្រធានអង្គការការពារសិទ្ធិមនុស្ស លីកាដូ គឺលោកស្រី ពុង ឈីវកេក មានប្រសាសន៍ថា ភាពទន់ខ្សោយនៃប្រព័ន្ធយុត្តិធម៌និងរូបភាពអំពើហិង្សាក្នុងប្រទេសកម្ពុជា បានធ្វើឲ្យប៉ះពាល់ជាខ្លាំងដល់កិត្តិយសនិងដំណើរការអភិវឌ្ឍន៍ប្រទេសជាតិយូរអង្វែង ៖ «យើងមើលប្រទេសដូចជាអភិវឌ្ឍទៅជឿនលឿន ប្រព័ន្ធតុលាការគេរឹងមាំមែនទែន ហើយជាប្រទេសដែលគេគោរពច្បាប់ដូចគ្នា ទាំងអស់គ្នាគោរពច្បាប់ បានន័យថា ជានីតិរដ្ឋ»។
ទោះបីជាយ៉ាងណាក៏ដោយ បច្ចុប្បន្ននេះ សម្រែកពលរដ្ឋខ្មែរអំពីភាពអយុត្តិធម៌ក្នុងសង្គមក៏នៅកើតមានជាបន្តបន្ទាប់ ទាក់ទិននឹងការប្រើអំពើហិង្សាក្រៅប្រព័ន្ធច្បាប់ ការប្រព្រឹត្តអំពើពុករលួយ ការរំលោភដណ្តើមយកដីធ្លីដោយបំពាន ការបាញ់សម្លាប់ដោយជនប្រដាប់អាវុធ និងការចាប់ចងពលរដ្ឋដោយកម្រោលជាដើម។
ហើយនេះគឺសំឡេងជនរងគ្រោះអំពីបញ្ហាដីធ្លីនៅខេត្តព្រះវិហារ និងនៅខេត្តកំពង់ចាម នាពេលថ្មីៗនេះ ៖ «គ្មានអីតគេ បើគេកាំភ្លើងបាញ់ដាក់មកទៅហើយ។ លោកទៅដេញហើយ មិនត្រឹមតែដេញ លោកបាញ់សម្លាប់ទៀត ឥឡូវនេះ មានអ្នកណាចិញ្ចឹមកូន។ អង្គការ រដ្ឋាភិបាលជួយខ្ញុំផង ទីមួយ មេឃុំដុតផ្ទះខ្ញុំចោល ទី២ គេចាប់ប្ដីខ្ញុំដាក់គុក។ ខ្ញុំតូចចិត្តណាស់។ បើប្ដីខ្ញុំធ្វើអាក្រក់ ធ្វើតាមច្បាប់ បើអ្នកណាចោទប្រកាន់ប្ដីខ្ញុំ រកសាក្សីឲ្យពិត...»៕
