នាយករដ្ឋមន្រ្តីកម្ពុជាបានសម្តែងក្តីសោកស្តាយចំពោះឥរិយាបថរបស់នាយករដ្ឋមន្រ្តីសមភាគីនៃរាជាណាចក្រជិតខាងដែលពុំមានសេចក្តីស្មោះត្រង់លើបញ្ហាដែលកើតមានឡើងរវាងប្រទេសទាំងពីរ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងឱកាសចូលរួមក្នុងសម័យប្រជុំលើកដំបូងនៃរដ្ឋសភាអាណត្តិទី៤ នាថ្ងៃទី២៤ កញ្ញា ២០០៨។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មានប្រសាសន៍ដូច្នេះ នៅក្នុងសេចក្តីថ្លែងរបស់លោកទៅកាន់សិស្សនិងសមណនិស្សិតពីម្សិលមិញនេះ ដោយលោកបានមានប្រសាសន៍ថា លោកនាយករដ្ឋមន្រ្តីថៃ អភិស៊ិត វេឆាឈីវ៉ៈ ពុំបានបង្ហើបអ្វីសោះពីជំហររបស់លោកលើករណីប្រាសាទព្រះវិហារ។
ប៉ុន្តែ ក្រោយពីទស្សនកិច្ចនោះ នាយករដ្ឋមន្រ្តីថៃរូបនេះ បាននិយាយថា លោកនឹងធ្វើការតវ៉ាអង្គការយូណេស្កូ ដើម្បីមានការពិភាក្សាជាថ្មីឡើងវិញអំពីការបញ្ចូលប្រាសាទព្រះវិហារទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកជាឯកតោភាគីដោយកម្ពុជានោះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងដូច្នេះថា ៖ «ខ្ញុំព្រះករុណាខ្ញុំពិតជាមានការសោកស្ដាយជាមួយមិត្តភក្ដិដៃគូជិតខាងរបស់យើង ដែលប្រៀបដូចនិយាយថា "ចុះហត្ថលេខានឹងដៃ លុបនឹងជើង"។ ហេតុអីទៅបានខ្ញុំព្រះករុណាខ្ញុំនិយាយយ៉ាងដូច្នេះ? ថ្ងៃទី១២ មិថុនា ទស្សនកិច្ចនេះប្រព្រឹត្តទៅល្អណាស់ យើងមានជំនួប ៣យ៉ាង។ ទី១ ជំនួបចង្អៀត (ជំនួបមួយទល់មួយ) នោះ ទីពីរ ការចរចាផ្លូវការ និងទី៣ ការសន្ទនាគ្នា នៅពេលដែលយើងទទួលទានអាហារ ជប់លៀងផ្លូវការ នាយករដ្ឋមន្រ្តីថៃ អភិស៊ិត វេឆាឈីវ៉ៈ មិនបាននិយាយជាមួយខ្ញុំករុណាខ្ញុំលើបញ្ហានេះទេ។ វាជាសិទ្ធិរបស់ប្រទេសមួយដែលមានសិទ្ធិនិយាយ ឬមិននិយាយ តែក្នុងឋានៈដៃគូជិតខាង យើងគួរតែមានការយល់គ្នា»។
តាមសេចក្តីថ្លែងជាបន្តបន្ទាប់ ដែលគេអាចដឹងបានតាមសារព័ត៌មានធំៗរបស់ប្រទេសថៃនោះ ក្រោយទស្សនកិច្ចនៅប្រទេសកម្ពុជា កាលពីថ្ងៃទី១២ ខែមិថុនា មក នាយករដ្ឋមន្រ្តីថៃ អភិស៊ិត នៃរាជាណាចក្រភូមិផងរបងជាមួយមួយនេះ បានចេញបញ្ជាឲ្យមន្រ្តីរបស់លោកធ្វើការតវ៉ាទៅអង្គការយូណេស្កូដើម្បីធ្វើឲ្យមានរបៀបវារៈពិភាក្សាជាថ្មីឡើងវិញអំពីការដាក់បញ្ចូលប្រាសាទព្រះវិហារទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។
កិច្ចប្រឹងប្រែងនេះទទួលបរាជ័យជាបន្តបន្ទាប់ ដោយត្រូវគណៈកម្មាធិការកណ្តាលនៃអង្គការបេតិកភណ្ឌពិភពលោកបដិសេធមិនទទួលយកសំណើណាមួយនោះឡើយ។ ស្របពេលគ្នានេះ និងចំពេលមានទស្សនកិច្ចគ្រោងទុករបស់លោកឧបនាយករដ្ឋមន្រ្តី ស៊ូថេប ធឿកសុបាន់ និងរដ្ឋមន្រ្តីការពារជាតិ បា្រវិទ្ធ វង្សសុវណ្ណ ផងនោះ លោកនាយករដ្ឋមន្រ្តីប្រទេសថៃ អភិស៊ិត វេឆាឈីវ៉ៈ បានបន្តកិច្ចប្រឹងប្រែងរបស់លោកដើម្បីមានសេចក្តីពន្យល់មួយ ជូននាយករដ្ឋមន្រ្តីខ្មែរដើម្បីបានស្ងប់ចិត្តដែលថា ថៃធ្វើការតវ៉ា តែជាមួយអង្គការយូណេស្កូប៉ុណ្ណោះ ហើយមិនមានទាក់ទិនអ្វី ជាមួយខ្មែរឡើយ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានឲ្យដឹងថា លោកត្រៀមខ្លួនទទួលមន្រ្តីជាន់ខ្ពស់ថៃទាំងនោះ ក្នុងឋានៈជាមិត្តភ័ក្តិដូចគ្រោងទុក ប៉ុន្តែមិនទទួលស្តាប់ការពន្យល់អ្វីផ្សេង ក្រៅតែពីព័ត៌មានដែលថា ថៃដកកងទ័ពរបស់ខ្លួនទាំងអស់ចេញពីតំបន់ប្រាសាទវិហារនោះឡើយ ៖ «ខ្ញុំព្រះករុណាខ្ញុំត្រៀមខ្លួនទទួលឧបនាយករដ្ឋមន្រ្តី ស៊ូថេប រដ្ឋមន្រ្តីការពារជាតិ ប្រាវីត និងអ្នកដទៃទៀត រដ្ឋមន្រ្តីម្នាក់ទៀត នៅថ្ងៃសៅរ៍ ខាងមុខដដែល ក៏ប៉ុន្តែមិនទទួលស្ដាប់ការពន្យល់នេះទេ ប៉ុន្តែនឹងស្ដាប់ បើសិនជាមកដល់ប្រាប់ថា ខ្ញុំនឹងដកកងទ័ពចេញ ពេលហ្នឹងអបអរសាទរលើកស្រាសាំប៉ាញជល់គ្នា។ បើមិនអ៊ីចឹងកុំនិយាយ និយាយទៅវាបាត់ឆ្នាំងបាយ ព្រោះខ្ញុំត្រៀមសម្លកកូរក្នុងឋានៈជាមិត្តភក្ដិ»៕
មតិ
បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួលនិងអាចចុះផ្សាយបានយោងតាមលក្ខខណ្ឌនៃការប្រើប្រាស់របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរីមិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។
មើលមតិទាំងអស់.