លោកឧត្តមសេនីយ៍ឯក សែម សុវណ្ណនី មន្រ្តីជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ និងជាអគ្គលេខាធិការរងនៃអាជ្ញាធរមីន បានមានប្រសាសន៍នៅក្នុងការបំភ្លឺមួយ ដែលត្រូវបានទូរទស្សន៍នៃកងយោធពលខេមរភូមិន្ទកម្ពុជាបានចាក់ផ្សាយកាលពីដើមសប្តាហ៍នេះថា គ្រាប់មីននៅជុំវិញប្រាសាទព្រះវិហារ និងនៅតាមជណ្តើរប្រាសាទព្រះវិហារត្រូវបានបោសសំអាតរួចរាល់អស់ហើយ ប៉ុនែ្តគ្រាប់មីននៅតំបន់ខ្លះមិនទាន់ត្រូវបានបោសសំអាតនៅទើ្បយបន្សល់ទុកតាំងពីសម័យសង្រ្គាមនាទសវត្សរ៍ឆ្នាំ១៩៧០ មកម្ល៉េះ។
លោកឧត្ដមសេនីយ៍ឯក សែម សុវណ្ណនី ថ្លែងយ៉ាងដូច្នេះ ៖ «ថៃក៏ដឹងថា នៅព្រំដែនកម្ពុជាមានមីន កម្ពុជាខ្លួនឯងក៏ដឹងថា មានមីនដែរ ហើយបានធ្វើកិច្ចព្រមព្រៀងគ្នារួចមកហើយ តែភាគីថៃមិនអនុវត្តកិច្ចព្រមព្រៀង បែរជាដោះមីនដោយឯកតោភាគី នេះជាកំហុសរបស់ថៃ។ ខ្ញុំសូមជម្រាបថា មីនបើនៅស្ងៀមគ្មាននរណាប៉ះ គ្មាននរណាជាន់ មីននោះមិនផ្ទុះទេ»។
ការបំភ្លឺរបស់មន្រ្តីយោធាជាន់ខ្ពស់របស់កម្ពុជាខាងលើនេះ បានធ្វើទ្បើងមិនយូរប៉ុន្មាន ក្រោយពីកាសែតបាងកកប៉ុស្តិ៍របស់ថៃ បានចុះផ្សាយកាលពីថៃ្ងទី១៥ ខែតុលា ដោយបានដកស្រង់សម្ដីរបស់មន្រ្តីការបរទេសថៃជាមួយនឹងការចោទប្រកាន់ថា គ្រាន់មីននោះត្រូវបានភាគីកម្ពុជាកប់ នៅក្រោយឧប្បត្តិហេតុកាលពីថៃ្ងទី៣ ខែតុលា កន្លងទៅ នៅក្បែរតំបន់ប្រាសាទព្រះវិហារនោះ។ វាជាប្រភេទគ្រាប់មីនផលិតក្នុងប្រទេសរុស្ស៊ី អតីតសហភាពសូវៀត ដែលប្រទេសថៃមិនធ្លាប់ប្រើប្រាស់។
ទាក់ទងនឹងការចុះផ្សាយចោទប្រកាន់ខាងលើនេះ ទាំងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទាំងក្រសួងការបរទេសកម្ពុជា ព្រមទាំងទីស្តីការគណៈរដ្ឋមន្រ្តីនៃរដ្ឋាភិបាលកម្ពុជា បានបដិសេធជាផ្លូវការភ្លាមៗនិងព្រមៗគ្នាចំពោះការចោទប្រកាន់នោះ ជាមួយនឹងការអះអាងថា កម្ពុជាគ្មានការស្តុកទុកគ្រាប់មីនទៀតទេ។
លោក ផៃ ស៊ីផាន មន្រ្តីអ្នកនាំពាក្យនៃទីស្តីការគណៈរដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា ចាប់តាំងពីការបំភ្លឺនោះមក គ្មានការចោទប្រកាន់ជាថ្មីទៀតទេ ជុំវិញរឿងនេះ ៖ «ការដែលគេ[ថៃ]ចល័តទ័ពមកជាន់មីន បានសេចក្ដីថា នៅលើដីខ្មែរ ពីព្រោះនៅលើដីថៃមិនដែលមានមីនណាផ្ទុះទេ។ ទ័ពថៃដែលចល័តជាន់មីន បានន័យថា នៅលើដីខ្មែរ»។
សូមរំឭកថា កាលពីថៃ្ងទី៦ ខែតុលា កន្លងទៅនេះ មានកងយោធាថៃចំនួនប្រមាណ ១០០នាក់ បានចល័តចូលមកក្នុងទឹកដីខ្មែរ នៅក្បែរតំបន់ប្រាសាទព្រះវិហារ បណ្ដាលឲ្យមានការផ្ទុះមីន។
ផ្អែកតាមឯកសារកំណត់ហេតុរបស់រដ្ឋាភិបាលកម្ពុជាអំពីការចល័តនៃកងទ័ពថៃចូលមកក្នុងទឹកដីកម្ពុជានោះ បាននិយាយថា ទាហានថៃពីរនាក់បានជាន់គ្រាប់មីននៅក្នុងទឹកដីកម្ពុជា នៅក្បែរប្រាសាទព្រះវិហារ ដោយទាហានថៃម្នាក់របួសដាច់ជើងម្ខាង និងទាហានថៃម្នាក់ទៀតបានដាច់ជើងទាំងសងខាង៕
