លោកស្រី Isabel Qowxavez ជាមន្ត្រីអង្គការយូណេស្កូ ប្រចាំនៅប្រទេសកម្ពុជា និងជាអ្នកជួយសម្របសម្រួលរៀបចំឯកសារស្តីពីការដាក់បញ្ចូលសារមន្ទីរទួលស្លែងចូលជាសម្បត្តិមនុស្សជាតិនេះ បានប្រាប់វិទ្យុអាស៊ីសេរីថា ឯកសារស្នើសុំនឹងត្រូវបញ្ជូនទៅកាន់ការិយាល័យអង្គការយូណេស្កូ នៅទីក្រុងប៉ារីស ប្រទេសបារាំង នៅថ្ងៃសុក្រ សប្តាហ៍នេះ។
សូមជម្រាបថា នេះគឺជាកិច្ចប្រឹងប្រែងរបស់កម្ពុជាថ្មីមួយទៀត ក្នុងការដាក់កេរដំណែលរបស់ខ្លួនចូលទៅជាសម្បត្តិសម្រាប់មនុស្សជាតិ បន្ទាប់ពីប្រាសាទព្រះវិហារខ្មែរ ដែលស្ថាបនាក្នុងសតវត្សរ៍ទី១១ ត្រូវបានដាក់បញ្ចូលជាបេតិកភណ្ឌពិភពលោកកាលពីថ្ងៃទី៧ កក្កដា ឆ្នាំ២០០៨។
លោក ជ័យ សុភារ៉ា ជាប្រធានសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ទួលស្លែង បានថ្លែងបញ្ជាក់ពីក្តីរំពឹងរបស់លោកយ៉ាងដូច្នេះថា ៖ «យើងគិតថា នៅក្នុងន័យមនុស្សជាតិនេះ វាមានតម្លៃខ្លាំងណាស់។ ចង់និយាយថា ការប្រល័យពូជសាសន៍មួយ ដែលកើតនៅក្នុងយុគសម័យមួយពីចន្លោះឆ្នាំ ៧៥ មក ៧៨នេះ គឺប្រជាជនយើងស្លាប់ទៅនេះ គឺស្លាប់ដោយអយុត្តិធម៌។ ដូច្នេះ វាមិនមែនថា ការឈឺចាប់ហ្នឹង វាមិនមែននៅតែក្នុងប្រជាជនកម្ពុជាទេ គឺការឈឺចាប់ហ្នឹង មានសម្រាប់ប្រជាជនទាំងអស់ ក្នុងពិភពលោកដែរ ព្រោះជាឧក្រិដ្ឋកម្មមួយប្រឆាំងនឹងមនុស្សជាតិ»។
សារមន្ទីរទួលស្លែង ត្រូវបានជួយរៀបចំជាលើកដំបូងដោយអ្នកឯកទេសសារមន្ទីរជនជាតិវៀតណាមមួយរូបឈ្មោះ ម៉ៃ ឡាំ ដោយប្រែក្លាយពីគុករបស់ខ្មែក្រហមមួយ ឈ្មោះមន្ទីរស-២១ ដែលត្រូវបានបោះបង់ចោលនៅក្រោយការដួលរលំនៃរបបខ្មែរក្រហមនោះ។ សារមន្ទីរទួលស្លែង ត្រូវបានបើកឲ្យភ្ញៀវជាតិនិងភ្ញៀវអន្តរជាតិចូលទស្សនាចាប់តាំងពីឆ្នាំ១៩៨០មក។
នៅក្នុងសារមន្ទីរទួលស្លែង ដែលមានទម្រង់ជាអគារសាលារៀនកំពស់៣ជាន់ និងមានចំនួន៤ខ្នងធំៗនោះ គឺមានដាក់តាំងរូបថតអ្នកទោសជាច្រើនពាន់សន្លឹក ឧបករណ៍ធ្វើទារុណកម្ម លលាដ៍សាកសពអ្នកទោសដែលត្រូវបានសម្លាប់ក្នុងរបបខ្មែរក្រហមនិងឯកសារដើមរបស់ខ្មែរក្រហមជាច្រើនម៉ឺនទំព័រ។
លោក ជ័យ សុភារ៉ា មានប្រសាសន៍ទៀតថា កេរដំណែលនៅសារមន្ទីរទួលស្លែង ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយដោយអ្នកសិក្សាស្រាវជ្រាវនិងមន្ត្រីច្បាប់នៅសាលាក្តីខ្មែរក្រហមដើម្បីជាភស្តុតាងក្នុងការជំនុំជម្រះក្ដីអតីតមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម ដែលរួមមានទាំង កាំង ហ្កិចអ៊ាវ ហៅ ឌុច ជាអតីតប្រធានគុកទួលស្លែង ហើយទទួលខុសត្រូវលើការស្លាប់រង្គាលមនុស្សជាង ១២.០០០នាក់ នៅទីនោះផងដែរ៕
