ទាហាន​ខ្មែរ​ត្រូវ​បាន​បញ្ជូន​ទៅ​តំបន់​ព្រំដែន​ខ្មែរ​-ថៃ​នៅ​ស្រុក​អន្លង់វែង

ទាហាន​ខ្មែរ​មួយ​កង​វរសេនា​តូច​នៃ​តំបន់​ប្រតិបត្តិការ​សឹក​ខេត្ត​សៀមរាប ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​តំបន់​ជាយ​ដែន​ខ្មែរ​-ថៃ នា​ច្រក​តាទុំ​និង​ច្រក​ជាំសាង៉ាំ ស្រុក​អន្លង់វែង ខេត្ត​ឧត្ដរមានជ័យ​បន្ថែម​ទៀត កាល​ពី​ព្រឹក​ថ្ងៃ​ពុធ ទី​២០ ខែ​សីហា ដើម្បី​ពង្រឹង​និង​ការពារ​នៅ​តាម​បន្ទាត់​ព្រំដែន​តំបន់​នោះ។

0:00 / 0:00

អភិបាលរង​ខេត្ត​សៀមរាប លោក ប៊ុន ថារិទ្ធិ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា កងទាហាន​ទាំង​នោះ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ចំណុច​ព្រំដែន ដើម្បី​ដោះដូរ​ជាមួយ​កង​កម្លាំង​រក្សា​ព្រំដែន​នៅ​តាម​តំបន់​មួយ​ចំនួន។

លោក ប៊ុន ថារិទ្ធិ មាន​ប្រសាសន៍​ថា ៖ «កម្លាំង​ទៅ​ផ្លាស់ប្ដូរ​គ្នា​ទេ នៅ​តាទុំ ឧត្តរមានជ័យ។ ទ័ព​ទៅ​គេ​មាន​ស្បៀង​មាន​អី ហើយ​អំណោយ​សម្ភារៈ​ឧបត្ថម្ភ​អី​ពី​បង​ប្អូន​ប្រជា​ពលរដ្ឋ​មន្រ្តី​រាជការ​អី ដូច​សព្វដង​ដែល​យើង​តែង​ទៅ គឺ​យើង​តែង​ជួយ​ឧបត្ថម្ភ​អី​ផ្សេងៗ»

ការបញ្ជូន​កង​យោធា​ខ្មែរ​ទៅ​កាន់​តំបន់​នោះ បាន​ធ្វើ​ឡើង នៅ​ស្រប​ពេល​ដែល​មាន​សេចក្ដី​រាយការណ៍​ថា កងទាហាន​ប៉ារ៉ា​ថៃ​ជា​ច្រើន ត្រូវ​បាន​គេ​ដឹក​ជញ្ជូន​ដាក់​តាម​រថយន្ត នៅ​តំបន់​ក្បែរ​ព្រំដែន​ខ្មែរ កាលពី​ពេល​ថ្មីៗ។

អនុប្រធាន​ក្រុមការងារ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-ថៃ ប្រចាំ​ច្រក​ជាំសាង៉ាំ លោក​វរសេនីយ៍​ទោ តូច រ៉ា បាន​មាន​ប្រសាសន៍​ថា ទាហាន​ប៉ារ៉ា​ថៃ​ជា​ច្រើន ត្រូវ​បាន​គេ​ដឹក​ជញ្ជូន​តាម​រថយន្ត​មក​ដាក់​នៅ​ក្នុង​បន្ទាត់​ព្រំដែន​ថៃ​ក្បែរ​តំបន់​នោះ កាលពី​ថ្ងៃ​ទី​១៨ ខែ​សីហា។

លោក​វរសេនីយ៍​ទោ តូច រ៉ា មាន​ប្រសាសន៍​ថា ៖ «សព្វថ្ងៃ គេ​ដាក់​កម្លាំង​វា ១០០​ជាង ពួក​ប៉ារ៉ា​ប៉ុន្មាន​ឡាន ទម្លាក់​ចោល ប្រហែល​ពី​ព្រំដែន​ទៅ ៤00​-៥00​ម៉ែត្រ។ ហើយ​កម្លាំង​ហ្នឹង​ដើរ​ទៅ ដូច​ដើរ​ហាត់​អ៊ីចឹង»

ចំណែក​ស្ថានការណ៍​នៅឯ​តំបន់​ជម្លោះ​ព្រំដែន ជិត​ប្រាសាទ​ព្រះវិហារ​វិញ រហូត​មក​ដល់​ថ្ងៃ​ទី​២០ ខែ​សីហានេះ គម្រោង​នៃ​ការដក​កងទ័ព​ទាំង​សង​ខាង ចេញ​ពី​តំបន់​ខ្សែ​ត្រៀម​ជួរ​មុខ ដោយ​កំណត់​ឲ្យ​ទុក​តែ ២០​នាក់​ម្ខាងៗ​នោះ បាន​កំពុង​ស្ថិត​នៅក្នុង​ការមិន​អាច​កំណត់​ពេល​វេលា​ច្បាស់លាស់​នៅ​ឡើយ។

កាលពី​ថ្ងៃ​ទី​១៤ ខែ​សីហា កន្លង​មក មេ​បញ្ជាការ​ខ្មែរ​-ថៃ ដែល​គ្រប់គ្រង​ផ្ទាល់​នៅក្នុង​តំបន់​ជម្លោះ ធ្លាប់​បាន​ជួប​ជជែក​គ្នា​ជាមួយ​នឹង​ការដាក់​ចេញ​គម្រោង​ដក​កងទ័ព ចេញ​ពី​តំបន់​ជម្លោះ ក្នុង​ទី​វត្ត​ខ្មែរ ដោយ​ទុក​ឲ្យ​នៅ​តែ ១០​នាក់​ម្ខាង។ ចំណែក​ឯ​នៅ​ខ្សែ​ត្រៀម​ជួរ​មុខ គេ​មាន​គម្រោង​ថា នឹង​ដក​កងទ័ព ទាំងសង​ខាង ដោយ​ទុក​ឲ្យ​នៅ​តែ​ម្ខាង ២០​នាក់​ប៉ុណ្ណោះ ហើយ​ថា ផែនការ​នេះ អាច​នឹង​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី​១៨ ឬ​ថ្ងៃ​ទី​១៩ ខែ​សីហា ក៏ប៉ុន្តែ​ទោះ​យ៉ាងណា ផែនការ​នោះ​ត្រូវ​បាន​ខកខាន។

ពល​ទាហាន​ថៃ​ឈុត​ខ្មៅ​ម្នាក់ ដែល​កំពុង​ត្រៀម​ប្រយុទ្ធ​ក្នុង​ខ្សែ​ត្រៀម​ជួរ​មុខ បាន​និយាយ​កាលពី​ព្រឹក​ថ្ងៃ​ពុធ​ថា រហូត​ដល់​ពេល​នេះ ពួក​គេ​មិន​បាន​ទទួល​បញ្ជា​ឲ្យ​ដក​កងទ័ព​ចេញ​ពី​ទឹកដី​ខ្មែរ​នៅ​ឡើយ ហើយ​ពួកគេ​មិន​ចង់​នៅ​យូរ​ទេ ៖ «អត់​ដេក​ពួន នៅ​ម៉ង់ៗ ដូច​ឆ្កែ​បាត់​ម្ចាស់ ដូច​និយាយ​ប្រាប់​ខាង​ណោះមិញ គេ​ដោះស្រាយ​តែ​ខាង​លើ​ឯ​ណោះ។ អត់​ចង់​នៅ​ទេ ... កូន​ប្រពន្ធ​ភ្នែក​ខ្មៅ​នៅ​ស្រុក​ឯណោះ។ នៅ​ព្រោះ​អី? ព្រោះ​ចង់​បាន​លុយ​គេ»

សូម​រំឭក​ថា កាល​ពី​ថ្ងៃ​ទី​១៦ ខែ​សីហា កន្លង​មក ទាហាន​ឈុត​ខ្មៅ​ថៃ ប្រមាណ​ជាង ៣៣០​នាក់ បាន​ដក​ចេញ​ពី​ទីវត្ត​ខ្មែរ​កែវ​សិក្ខា​គិរី​ស្វារៈ ក៏​ប៉ុន្តែ​កងទ័ព​ជា​ច្រើន​រយ​នាក់​ទៀត នៅឯ​ខ្សែ​ត្រៀម​ជួរ​មុខ គឺ​នៅ​ចំនួន​ដដែល៕