កម្ពុជា​ជាប់​លេខ​១២៦​ក្នុង​ចំណោម​១៧៣ នៅ​លើ​តារាង​សេរីភាព​សារព័ត៌មាន​ពិភពលោក

ប្រទេស​កម្ពុជា​បាន​ទទួល​ចំណាត់​ថ្នាក់​លេខ​១២៦ នៃ​សេរីភាព​សារព័ត៌មាន​ក្នុង​ចំណោម ១៧៣​ប្រទេស ដែល​ចំណាត់​ថ្នាក់​នេះ បាន​ត្រូវ​គេ​មើល​ឃើញ​ថា បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ពី​លេខ​៨៥ ក្នុង​បណ្តា​ប្រទេស​១៦៩ នៅ​ក្នុង​តារាង​ចំណាត់​ថ្នាក់​សេរីភាព​សារព័ត៌មាន​ក្នុង​ឆ្នាំ​២០០៧។

កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ ក្រុម​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន Reporters Without Borders បាន​ចេញ​របាយការណ៍​មួយ​ស្តីពី​ស្ថានភាព​នៃ​សេរីភាព​សារព័ត៌មាន​ក្នុង​បណ្តា​ប្រទេស​ចំនួន​១៧៣។

ក្នុង​តារាង​របាយការណ៍​នោះ ក្រុម​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន បាន​អះអាង​ថា កម្ពុជា​ដែល​ទទួល​ពិន្ទុ​មិន​ល្អ​នោះ គឺ​បណ្តាល​មក​ពី​ឃាតកម្ម​លើ​អ្នក​កាសែត​និង​ដោយសារ​រាជ​រដ្ឋាភិបាល​ខ្មែរ​បង្កើន​ការ​គ្រប់គ្រង​និង​ត្រួត​ពិនិត្យ​លើ​ប្រព័ន្ធ​ឃោសនា​នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​កាល​ពី​ថ្ងៃ​២៧ ខែ​កក្កដា ឆ្នាំ​២០០៨ កន្លង​មក​នេះ។

សូម​បញ្ជាក់​ជូន​ថា ជា​រៀងរាល់​ឆ្នាំ ក្រុម​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន ធ្វើការ​ត្រួត​ពិនិត្យ​និង​តាមដាន​អំពី​សេរីភាព​សារព័ត៌មាន​នៅ​ក្នុង​បណ្តា​ប្រទេស​ជា​ច្រើន​ក្នុង​ពិភពលោក ហើយ​ចំណាត់​ថ្នាក់​សេរីភាព​សារព័ត៌មាន​ឆ្នាំ​២០០៨​នេះ គឺ​ចាប់​ផ្តើម​ពី​ថ្ងៃ​១ កញ្ញា ឆ្នាំ​២០០៧ រហូត​ដល់​ថ្ងៃ​១ កញ្ញា ឆ្នាំ​២០០៨។

ក្នុង​តារាង​ចំណាត់​ថ្នាក់​សេរីភាព​សារព័ត៌មាន​នៅ​ឆ្នាំ​២០០៨​នេះ ប្រទេស​ថៃ​បាន​ចំណាត់​លេខ​១២៤ ប្រទេស​លាវ​លេខ ១៦៤ ប្រទេស​ចិន​លេខ​១៦៧ វៀតណាម លេខ​១៦៨ និង​ប្រទេស​ភូមា លេខ​១៧០៕