កម្ពុជា​យល់ព្រម​ដាក់​បញ្ចូល​តួ​ប្រាសាទ​ព្រះវិហារ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក

រដ្ឋមន្ត្រី​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក សុខ អាន បាន​មាន​ប្រសាសន៍​ថា ប្រទេស​កម្ពុជា​យល់ព្រម​ដាក់​បញ្ចូល​តែ​តួ​ប្រាសាទ​ព្រះវិហារ​តែ​ប៉ុណ្ណោះ ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ដោយ​មិន​ទាន់​រាប់​បញ្ចូល​តំបន់​ដែល​នៅ​ជុំវិញ​ប្រាសាទ ដែល​កំពុងតែ​មាន​ទំនាស់​នោះ​នៅឡើយ​ទេ ។

0:00 / 0:00

ការយល់ព្រម​នេះ​បាន​ធ្វើ​ឡើង​នៅឯ​ទីក្រុង​ប៉ារីស កាលពី​ថ្ងៃទី​២២ ខែ​ឧសភា កន្លងមក នៅពេល​ដែល​ភាគី​ខ្មែរ ដឹកនាំ​ដោយ​លោក សុខ អាន និង​ភាគី​ថៃ ដែល​ដឹកនាំ​ដោយ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស លោក ណុបផាឌុន ផាថាម៉ា បាន​ជួប​ប្រជុំគ្នា​អស់​រយៈពេល​ប្រហែល ១០​ម៉ោង ដោយ​មាន​ការចូលរួម​ពី​អគ្គនាយករង​អង្គការ​យូណេស្កូ Francoise Riviere ដើម្បី​ពិភាក្សា​ពី​បញ្ហា​ដាក់​បញ្ចូល​ប្រាសាទ​ព្រះវិហារ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ។

លោក​ឧបនាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក សុខ អាន បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ពី​ការយល់ព្រម​នេះ បន្ទាប់ពី​ការវិល​ត្រឡប់​មកដល់​ប្រទេស​កម្ពុជា​វិញ កាលពី​ថ្ងៃ​ច័ន្ទ កន្លង​ទៅ​នេះ ។

លោក សុខ អាន មាន​ប្រសាសន៍​ថា ៖ «កម្ពុជា​យល់​ព្រម​ទទួល​ការចុះ​ឈ្មោះ​ប្រាសាទ​ព្រះវិហារ​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ដោយ​មិន​និយាយ​ពី​បញ្ហា​ដែល​មាន​ពាក់ព័ន្ធ​នឹង (ការចែក​ជា​តំបន់) ផ្សេងៗ​សម្រាប់​ការពារ​ប្រាសាទ​ដែល​គេ​ហៅ​ថា​តំបន់​ស្នូល តំបន់​ទ្រនាប់ និង​តំបន់​អភិវឌ្ឍន៍​នោះ គឺ​យើង​មិន​ទាន់​និយាយ​ពី​បញ្ហា​ទាំង​នេះ​ទេ យើង​និយាយ​ពី​ការ​ចុះ​ឈ្មោះ​តែ​ប្រាសាទ»

លោក​ឧបនាយករដ្ឋមន្ត្រី ក៏​បាន​មាន​ប្រសាសន៍​ផងដែរ​ថា នាយករដ្ឋមន្ត្រី​ថៃ លោក សាម៉ាក ស៊ុនថរ៉ាវេទ និង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ថៃ លោក ណុបផាដន ផាត់ថាម៉ា បាន​សម្ដែង​ការគាំទ្រ​ការដាក់​បញ្ចូល​ប្រាសាទ​ព្រះវិហារ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ។

លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន បាន​មាន​ប្រសាសន៍​ថា ការដាក់​បញ្ចូល​ប្រាសាទ​ព្រះវិហារ​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក គឺ​មិន​ទាក់ទង​ទៅនឹង​បញ្ហា​ព្រំដែន​ឡើយ ហើយ​ថា ប្រទេសថៃ​និង​កម្ពុជា នឹង​សម្រេច​បញ្ជូន​សំណើ​ដាក់​បញ្ចូល​ប្រាសាទ​ព្រះវិហារ​ទៅក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​ទៅ​ឲ្យ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​ក្នុង​កិច្ចប្រជុំ​នាប្រចាំ​ឆ្នាំ​លើក​ទី​៣២ របស់​គណៈកម្មាធិការ​នេះ នា​ខែ​កក្កដា ឆ្នាំ​២០០៨ នា​ទីក្រុង Quebec ប្រទេស​កាណាដា ។

លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន ក៏​បាន​មាន​ប្រសាសន៍​ថា ភាគី​កម្ពុជា​នឹង​គូស​ផែនទី​ថ្មី ដែល​ហៅ​ថា ផែនទី​បរិវេណ​ប្រាសាទ​ព្រះវិហារ​ជាថ្មី ដើម្បី​កំណត់​ទីតាំង​ដែល​ត្រូវ​បញ្ជូល​ទៅក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ហើយ​ថា នៅថ្ងៃ​ទី​៦ មិថុនា ឆ្នាំ​២០០៨ ផែនទី​ថ្មី​នេះ​នឹង​ត្រូវ​បញ្ជូន​ទៅ​ឲ្យ​ប្រទេស​ថៃ​និង​អង្គការ​យូណេស្កូ ដើម្បី​ធ្វើការ​ពិចារណា ។

លោក សុខ អាន មាន​ប្រសាសន៍​បន្ថែម​ថា ៖ «យើង​ប្រកាន់​ជំហរ​ថ្មី​ថា យើង​គូស​ផែនទី​ថ្មី ដោយ​យើង​ហៅ​ថា ផែនទី​បរិវេណ​ប្រាសាទ​ព្រះវិហារ ។ ផែនទី​បរិវេណ​ប្រាសាទ​ព្រះវិហារ​នេះ គឺ​យើង​បាន​សន្យា​ជាមួយ​នឹង​យូណេស្កូ ជាមួយ​នឹង​ខាង​អង្គការ​ជំនាញ ខាង​បេតិកភណ្ឌ​ពិភពលោក​ហ្នឹង គឺ​យើង​ជា​អ្នក​ធ្វើ យើង​គូរ បាន​ន័យ​ថា យើង​នឹង​សិក្សា​នូវ​ភូមិសាស្រ្ត​ជាក់​ស្ដែង​ថា ទីតាំង​ប្រាសាទ បរិវេណ​ប្រាសាទ​ហ្នឹង គូស​ខ្សែ​របៀប​ម៉េច ជុំ​វិញ​ប្រាសាទ​ហ្នឹង»

មន្ត្រីអ្នកនាំពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បាន​មាន​ប្រសាសន៍​ថា ផែនទី​បរិវេណ​ប្រាសាទ​ព្រះវិហារ​នោះ នឹង​ត្រូវ​បាន​គូរឡើង​ដោយ​អាជ្ញាធរ​ព្រះវិហារ​និង​ក្រសួង​វប្បធម៌ ។

ដើមឡើយ កម្ពុជា​បាន​ស្នើ​ដាក់​បញ្ចូល​ប្រាសាទ​ព្រះវិហារ​ជា​មរតក​ពិភពលោក​ទៅ​អង្គការ​យូណេស្កូ ដោយ​រាប់​បញ្ចូល​ទាំង​តំបន់​ជម្លោះ​ដែល​នៅ​មិនទាន់​បាន​បែងចែក​ដាច់ស្រេច​រវាង​ខេត្ត​ព្រះវិហារ​របស់​កម្ពុជា និង​ខេត្ត​ស៊ីសាកេត​របស់​ថៃ ៕